ព័ត៌មាន
អតីតពលករខ្មែរមកពីថៃប្រមាណជាង ២ពាន់នាក់ បានចូលរួម និងទទួលបានឱកាសការងារពីពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ
(ភ្នំពេញ)៖ អតីតពលករខ្មែរមកពីប្រទេសថៃប្រមាណជាង ២ពាន់នាក់ក្នុងស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចូលរួមពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
លោកបញ្ជាក់ថា «លទ្ធផលពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានអ្នកចូលរួមសរុប ២ ១៩៤នាក់ ក្នុងនោះអ្នកសម្ភាសជាប់ការងារបឋមចំនួន ៤៤៤នាក់»។
បើតាមអ្នកនាំពាក្យរូបនេះដដែល អតីតពលករដែលមិនទាន់ទទួលបានការងារភ្លាមៗក្នុងពិព័រណ៍នោះ មន្ត្រីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងទាក់ទងភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាស ក្រុមហ៊ុន រោងចក្របន្ថែមទៀត។
សូមបញ្ជាក់ថា នៅខែវិច្ឆិកានេះ ដើម្បីស្វែងរកការងារជូនបងប្អូនពលករខ្មែរដែលមកពីប្រទេសថៃ ក្រសួងការងារបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៣ខេត្តដែលរួមមាន ខេត្តបាត់ដំបងនៅថ្ងៃទី១៥-១៦ ក្នុងស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២-២៣ ក្នុងស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី និងខេត្តសៀមរាបនៅថ្ងៃទី២៩-៣០ ក្នុងស្រុកសូត្រនិគម និងស្រុកពួក។
គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាលើកទី៥៧៤ ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយភាគីពាក់ព័ន្ធបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម(ប.ស.ស.)។
ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនអតីតពលករដែលមកពីប្រទេសថៃដែលខកខានមិនបានចូលរួមពិព័រណ៍ឱ្យទាក់ទងប្រព័ន្ធទូរសព្ទ Hotline លេខ “១២៩៧” ដើម្បីទទួលបានឱកាសការងារ និងការចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃដែលអាចទាក់ទងបាន ៧ថ្ងៃក្នុងមួយសប្តាហ៍ផងដែរ៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព