ព័ត៌មាន
អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់ខ្ពស់ ថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តយុវតីរងគ្រោះដោយអំពើរំលោភបំពានពីទាហានឈុតខ្មៅថៃ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តភិបាលខេត្តបាត់ដំបងណែនាំអាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យុវតីជាពលកររងគ្រោះដោយអំពើរំលោភបំពានពីទាហានឈុតខ្មៅថៃ ខណៈស្ថានភាពបានល្អប្រសើរឡើងវិញជាបន្តបន្ទាប់។
ឯកឧត្តមបានណែនាំបែបនេះក្នុងឱកាស ដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្តីពលករខ្មែររងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ករណីរំលោភបំពានលើរាងកាយដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតំបន់ព្រំដែនជាប់ខេត្តចាន់បុរី ប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៅពេលដែលស្ត្រីរងគ្រោះ (អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ) និងពលករខ្មែរប្រុសស្រីជាង ១០នាក់ទៀត កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជាវិញ។ ក្នុងពេលនោះក្រុមទាហានឈុតខ្មៅថៃប្រមាណ ៧នាក់ បានចាប់វាយដំ ទាត់ធាក់ ធ្វើទារុណកម្មលើ ពលករប្រុសៗ និងបានចាប់រំលោភបំពានរាងកាយនារីរងគ្រោះរូបនេះ ព្រមទាំងជំរិតទារប្រាក់ និងប្លន់យកទ្រព្យសម្បត្តិមួយចំនួនផងដែរ។
ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ ឯកឧត្តម សុខ លូ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងបានថ្កោលទោសដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅបំផុតរបស់ក្រុមទាហានឈុតខ្មៅថៃ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី។
ឯកឧត្តមអភិបាលខេត្តក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានលើកទឹកចិត្តដល់ស្រី្តរងគ្រោះ និងក្រុមគ្រួសារ ឱ្យមានស្មារតីរឹងមាំឡើងវិញ។
ឯកឧត្តមក៏បានបន្តមានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យបានបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ ខណៈស្ថានភាពយុវតីរងគ្រោះបានល្អប្រសើរឡើងវិញជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងថ្កោលទោសអំពើដ៏ស្មោកគ្រោករបស់ក្រុមទាហានឈុតខ្មៅថៃនេះ។
ក្រុមគ្រួសារជនរងគ្រោះបានបង្ហាញភាពកក់ក្ដៅនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ពីសុខទុក្ខ និងផ្ដល់ការព្យាបាលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព