ព័ត៌មាន
អ្នកជំនាញស្រូវអង្ករ អំពាវនាវកសិករបន្ថយចំណាយថ្លៃដើមផលិត និងងាកពង្រឹងគុណភាព ដើម្បីប្រកួតប្រជែងទីផ្សារ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកជំនាញវិស័យស្រូវអង្ករ បានអំពាវនាវដល់ប្រជាកសិករផលិតផលស្រូវគួរតែកាត់បន្ថយថ្លៃដើមផលិត និងងាកមកដាំដុះពូជស្រូវដែលមានគុណភាពខ្ពស់ និងលើកកម្រិតស្តង់ដារសុវត្ថិភាពអង្ករ ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ និងខណៈរាជរដ្ឋាភិបាលក្នុងអាណត្តិនេះ ចង់បានគុណភាពច្រើនជាងបរិមាណ។

ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ដើម្បីជួយទ្រទ្រង់ដល់ការផលិត និងជំរុញឱ្យការផលិតនៅកម្ពុជាកាន់តែភាពប្រកួតប្រជែងខ្ពស់។ សកម្មភាពធំៗ ដែលក្រសួងកសិកម្ម ជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺបានដាក់ចេញ រួមមាន ការកសាងសហគមន៍កសិកម្មទំនើប និងជំរុញឱ្យកសិករដាំដុះ នូវពូជស្រូវដែលមានគុណភាព ដើម្បីឆ្លើយតបទៅតម្រូវការនៃទីផ្សារ។

ពាក់ព័ន្ធទៅនឹងស្ថានភាពទីផ្សារតម្លៃស្រូវក្នុងពេលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា រឿងដែលត្រូវដោះស្រាយ ទី១.កន្លែងណាដែលអត់មានអ្នកទិញ នឹងតម្រង់ទិសទៅជួយទិញ ទី២. នឹងការពារតម្លៃ កុំឱ្យមានការក្រឡុកទីផ្សារឬការទម្លាក់តម្លៃស្រូវជាដើមដោយចេតនាក្នុងការយកកេងចំណេញ យើងនឹងធ្វើការងារនេះគ្រប់ទីកន្លែង ទី៣.នឹងបន្តពង្រឹងកសិករ ពិសេសទៅលើគុណភាព និងការសហការគ្នាក្នុងការច្រូត ក្នុងការលក់ ដើម្បីឱ្យកសិករងាយស្រួលលក់ ហើយអ្នកទិញក៏ងាយស្រួលទិញ ប្រសិនបើនៅរាយប៉ាយ មិនសហការគ្នា មិនប្រមូលផ្តុំគ្នា នោះនឹងពិបាកដល់ការទិញ និងការលក់ ខណៈការងារទាំងនេះ មន្រ្តីកសិកម្មឃុំទូទាំងប្រទេសបានកំពុងធ្វើការយ៉ាងសកម្មទាំងថ្ងៃ ទាំងយប់។

ឧកញ៉ា សុង សារ៉ន ម្ចាស់រោងម៉ាស៊ីនស្រូវ និងជាអ្នកនាំចេញ នៃក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) បានឱ្យ ប៊ីធីវី ដឹងដែរថា ជាការលើកទឹកចិត្តដល់បងប្អូនកសិករ គឺឱ្យធ្វើការប្រយ័ត្នប្រយែងក្នុងការដាំដុះ ជាពិសេសទៅលើការប្រើប្រាស់ថ្នាំពុល និងជីដើម្បីកាត់បន្ថយចំណាយ ដោយសារនៅឆ្នាំ២០២៦ ស្ថានភាពក៏មិនទាន់ស្រួលទេ តាមមើលតម្លៃស្រូវអង្ករនឹងបន្តចុះទៀតនៅឆ្នាំ២០២៦ ដូច្នេះធ្វើម៉េចព្យាយាមកាត់បន្ថយចំណាយទៅលើការប្រើប្រាស់ជី ថ្នាំពុល និងចំណាយផ្សេងៗដែលខ្ជះខ្ជាយក្នុងការដាំដុះស្រូវ។ លោកសង្ឃឹមថា នៅចុងឆ្នាំ២០២៦ ស្ថានភាពនឹងល្អប្រសើរត្រឡប់មកវិញ និងមិនដូចឆ្នាំ២០២២ ប៉ុន្តែសង្ឃឹមថា នឹងងាកមកប្រក្រតីឡើងវិញ។
ពាក់ព័ន្ធវិស័យស្រូវអង្ករនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យកសិករ ក៏ដូចជាសហគមន៍យកចិត្តទុកដាក់ ការប្រើប្រាស់ពូជក្នុងស្រុក ក្នុងនោះមានពូជផ្ការំដួល និងសែនក្រអូប។ ចំពោះផ្ការំដួល មានការទទួលស្គាល់ច្រើន ពីប្រជាពលរដ្ឋដោយសារមានលក្ខណៈធន់ទៅនឹងអាកាសធាតុ និងជាពូជប្រកាន់រដូវ។ ដោយឡែក ពូជសែនក្រអូប នៅត្រូវការឱ្យប្រជាពលរដ្ឋយើងចូលរួម ដើម្បីទ្រទ្រង់ដល់ទីផ្សារនាំចេញ។
សូមបញ្ជាក់ថា គិតក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា រោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តប្រមូលទិញស្រូវក្នុងចំនួនកើនឡើងប្រមាណជាង ១៥ម៉ឺនតោន ពីប្រជាកសិករនៅទូទាំងប្រទេស។ ដោយឡែក គិតក្នុងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួង បានបន្តប្រមូលទិញស្រូវពីប្រជាកសិករទូទាំងប្រទេស មានចំនួនប្រមាណជាង ១ម៉ឺន ៧ពាន់តោន៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព