ព័ត៌មាន
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គោរពជូនពរសម្តេចរដ្ឋសភាធិបតី ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុ គម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ចូលគោរពជូនពរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុងឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ សម្តេចរដ្ឋសភាធិបតី គម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
ក្នុងនាមគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បានអាននូវសារលិខិតប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចរដ្ឋសភាធិបតី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភា ឱ្យទទួលបាននូវវឌ្ឍនភាពថ្មីៗជាបន្តបន្ទាប់ទៀត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគោរពសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ច របស់សម្តេចរដ្ឋសភាធិបតី ដែលតែងតែលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងទេពកោសល្យដ៏ប៉ិនប្រសប់ បំពេញបេសកកម្មបម្រើជាតិ និងបានបន្តដឹកនាំស្ថាប័នរដ្ឋសភាក៏ដូចជាទំនាក់ទំនងការទូតសភាដ៏ប៉ិនប្រសប់ ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ជាពិសេសបង្កើតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភានៃបណ្ដាប្រទេសនានានៅលើសកលលោក។ ជាក់ស្តែងនាពេលថ្មីៗកន្លងមកនេះ សម្តេចរដ្ឋសភាធិបតី បានបំពេញបេសកកម្ម និងទទួលលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ ដូចជាការអញ្ជើញចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ (APA-46) នៅប្រទេសម៉ាឡេស៊ី កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីស្ត្រីនៅរដ្ឋធានីប៉េកាំង ដំណោះរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅប្រទេសហុងគ្រី-បារាំងជាដើម។
សម្តេច រដ្ឋសភាធិបតី បានរួមចំណែកយ៉ាងសកម្មជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាលក្នុងការធ្វើឱ្យអន្តរជាតិយល់ពីការពិត នៃជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យអន្តរជាតិទទួលស្គាល់ និងគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រមទាំងបានជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាជាផ្លូវការ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានដើរតួនាទីយ៉ាងសំខាន់ និងឈានមុខគេក្នុងការលើកស្ទួយសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្ត្រី ជួយជំរុញ និងលើកទឹកចិត្តដល់ស្ត្រី ឱ្យចូលរួមយ៉ាងពេញទំហឹងលើឆាកនយោបាយជាតិ-អន្តរជាតិ ក៏ដូចជាការចូលរួមកសាងប្រទេសជាតិ អោយមានភាពរីកចំរើន និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព។
ជាថ្មីម្ដងទៀត ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិ សិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាការពារ និងប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនចំពោះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបទៅនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីប្រែក្លាយទៅជាប្រការដទៃឡើយ។






-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន7 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦