ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ពិនិត្យវឌ្ឍនភាពការងារអប់រំ និងផ្តល់ការគាំទ្រឆ្លើយតបនឹងចក្ខុវិស័យលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា
នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ (JTWG-Edu) ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារអប់រំ និងផ្តល់ការគាំទ្រចំគោលដៅ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត Will Parks ប្រធានក្រុមសម្របសម្រួលដៃគូអភិវឌ្ឍន៍ និងជាអនុប្រធានក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ មន្រ្តីពាក់ព័ន្ធក្រោមឱវាទ និង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍជាច្រើនរូប មកពី GPE , UNESCO, EU, ADB, WB, UNICEF, WFP, JICA, NEP, KOICA និងភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះផ្ដោតពិភាក្សាទៅលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖ (១). របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តថវិកាកម្មវិធីឆ្នាំ២០២៥ (២) បទបង្ហាញនៃកម្មវិធីអនុវត្ត គម្រោងភាពជាដៃគូសកលសម្រាប់ការអប់រំ GPE៖ System Capacity Grant (SCG), System Transformation Grant (STG) ,Multiplier (៣).ការបង្ហាញ និងការយល់ព្រមលើអនុស្សរណៈនៃការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃភាពជាដៃគូ (PC-MTR) (៤) វដ្តហិរញ្ញវត្ថុ GPE បន្ទាប់ (៥) ការដាក់ឱ្យដំណើរការថ្នាលឌីជីថល (CDP) ដើម្បីជំរុញការបណ្តុះបណ្តាលគ្រូបង្រៀន នៃគម្រោងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

មុនឈានចូលកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចែករំលែកវឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំក្នុងអំឡុង១០ឆ្នាំចុងក្រោយ និងបច្ចុប្បន្នភាពការងារអប់រំ ដោយគូសបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ គឺជាឱកាសដ៏សំខាន់មួយដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នារបស់ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសិក្សាសិស្ស សំដៅធានាថាកុមារគ្រប់រូបនៅកម្ពុជាត្រូវបានបញ្ជូនទៅទទួលការអប់រំនៅសាលារៀន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល ចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ សូមយកឱកាសនេះដែរ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានជាលើកដំបូងរបស់ លោកជំទាវ Talia Miranda GPE Secretariat មកកាន់កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃបេសកកម្ម GPE នៅកម្ពុជា បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ GPE ក្នុងការពង្រឹងប្រព័ន្ធអប់រំ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីធានាបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។

បន្ទាប់ពីការធ្វើបទបង្ហាញ និងរបាយការណ៍វឌ្ឍនភាពគម្រោងអប់រំនានារបស់ក្រុមការងារជំនាញ និងដៃគូអភវិឌ្ឍ ក៏ដូចជាកិច្ចពិភាក្សាសំណេះសំណាលប្រកបដោយផ្លែផ្ការួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីផែនការអាទិភាពគន្លឹះនៃកំណែទម្រង់វិស័យអប់រំសម្រាប់ជំហានបន្ទាប់ ដែលបាននិងកំពុងផ្តោតលើ៖ (១) ការបន្តអនុវត្ត និងពង្រីកស្តង់ដាសាលាគំរូ (២) កម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ដែលបច្ចុប្បន្នបានផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួនប្រមាណ ២៣០,០០០នាក់ និងគម្រោងផ្ទេរចូលទៅក្នុងកម្មវិធីជាតិផ្តល់អាហារតាមសាលារៀន ទៅតាមដំណាក់កាលជាបន្តបន្ទាប់ និង ការព្រាងបញ្ចប់គោលនយោបាយសកម្មភាព ( School Feeding Policy Action Plan 2024-2030) (៣) ការអប់រំឌីជីថល និងការអប់រំបម្រែបម្រួលអាកាសធាតុ ដែលបង្កើតភាពធន់ ធានាបាននូវការអប់រំប្រកបដោយសមធម៌ និងការរៀនសូត្របែបទំនើប (៤) ពង្រីកការអប់រំក្រៅប្រព័ន្ធ (៥) កំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈ បង្កើនគុណវុឌ្ឍិគ្រូបង្រៀន (៥) កំណែទម្រង់កម្មវិធីសិក្សានិងសៀវភៅសិក្សា ការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង (៦) ការរៀបចំផ្សព្វផ្សាយលទ្ធផលនៃតេស្ត Southeast Asia Primary Learning Metrics (SEA-PLM) 2024។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍ ក្រុមការងារគម្រោងកែលម្អវិស័យអប់រំក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ និងការផ្តល់កិច្ចសហការគាំទ្រដោយយកចិត្តទុកដាក់ ដែលជំរុញឱ្យកំណែទម្រង់វិស័យអប់រំសម្រេចបានវឌ្ឍនភាពជាច្រើន និងស្នើសូមឱ្យក្រុមការងារបន្តកិច្ចសហការឱ្យកាន់តែប្រសើរឡើង ដោយរំពឹងថា តាមរយៈកិច្ចពិភាក្សានេះ ក្រុមការងារ JTWG ប្រមូលបាននូវមតិយោបល់ ធាតុចូលជាច្រើន និងរកឃើញនូវដំណោះស្រាយទៅលើបញ្ហាប្រឈមផ្សេងៗ ឆ្លើយតបនឹងចក្ខុវិស័យលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា៕





-
ព័ត៌មាន3 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន5 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន5 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន5 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន5 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន5 days agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ