ព័ត៌មាន
អ្នកជំនាញមើលឃើញថាទីផ្សារនាំចេញរបស់កម្ពុជានឹងមាននិន្នាការកើនឡើងបន្ថែមថែម
អ្នកជំនាញមើលឃើញថាទីផ្សារនាំចេញរបស់កម្ពុជានឹងមាននិន្នាការកើនឡើងថែមទៀត ខណៈខ្សែផលិតកម្មបម្រើក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសក្នុងស្រុក បាននិងកំពុងដំណើរការកាន់តែខ្លាំងក្លា ស្របពេលការបើកទីផ្សារនាំចេញរបស់កម្ពុជាមានកាន់ តែច្រើន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្ម ទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ១០ ខែ ឆ្នាំ២០២៥ នេះ, កម្ពុជាបាននាំចេញទំនិញគ្រប់ប្រភេទទៅ ទីផ្សារក្រៅប្រទេស មានទំហំទឹកប្រាក់ជិត ៤៥ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១៥ ភាគរយ ខណៈការនាំចេញនៅឆ្នាំ២០២៤ក្នុងរយៈពេលដូចគ្នា មានទឹកប្រាក់ជាង ២១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ចំពោះទីផ្សារគាំទ្រដល់ការនាំចេញមាន កំណើនខ្ពស់រួមមាន៖ ការនាំចេញទៅទីផ្សារអាមេរិក មានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ, វៀតណាមជាង ៣ ពាន់លានដុល្លារ, ចិន ជាង ១,៣ ពាន់លានដុល្លារ, ជប៉ុន ជាង ១,៣ ពាន់លានដុល្លារ, កាណាដា ជាង ១ ពាន់លានដុល្លារ និងក៏មានការនាំចេញទៅកាន់បណ្តាប្រទេសដៃគូសំខាន់ៗផ្សេង មានកំណើនកើនឡើងគួរកត់សម្គាល់ផងដែរ។
ជុំវិញទីផ្សារនាំចេញនេះ ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា យោងតាមការធ្វើ ពាណិជ្ជកម្មទៅកាន់អន្តរជាតិរបស់កម្ពុជា និងការបើកទីផ្សារថ្មីៗ ដោយផ្អែកទៅលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA) ជាដើម បាននិងកំពុងជួយជ្រោមជ្រែងដល់ទីផ្សារនាំចេញ និងមានកំណើនកាន់តែប្រសើរថែមទៀត ខណៈសកម្មភាពខ្សែវាក់ផលិតកម្មបម្រើក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសនានាក្នុងស្រុក កំពុងដំណើរការកាន់តែខ្លាំងក្លា ស្របពេលការបើកទីផ្សាររបស់កម្ពុជាមានកាន់តែច្រើនផងដែរ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥នេះ ប្រភេទទំនិញដែលកម្ពុជាបាននាំចេញសំខាន់ៗរួមមាន៖ ការនាំចេញ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៩ ៦០០ ពាន់លានដុល្លារ, ស្បែកជើង និងស្រោមជើង ១ ៧០០ លានដុល្លារ, កៅស៊ូ ជាង ១ ៦០០ លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោម ១ ៨០០ លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ជិត ១ ២០០ លានដុល្លារ, គ្រឿងសង្ហារឹម សម្ភារៈគ្រែ ពូក ខ្នើយ ១ ៣០០ លានដុល្លារ, ធញ្ញជាតិ ជិត ១ ៣០០ លានដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើ ជាង ១ ១១១ លានដុល្លារ ក្រៅពីនេះនៅមានប្រភេទទំនិញជាច្រើនទៀត ដែលបាន គាំទ្រកំណើននៃការនាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព