ព័ត៌មាន
សម្ដេចពញាចក្រី ហេង សំរិន អញ្ជើញបើកការប្រកួតជើងឯកវឌ្ឍនៈលេជេនស៍ ឆ្នាំ២០២៥ ផ្លូវការ ដែលប្រមូលផ្ដុំដោយកីឡាករល្បីៗពិភពលោក
ការប្រកួតកីឡាវាយកូនគោលជើងឯកវឌ្ឍនៈលេជេនស៍ (Vattanac Legends Championship) ឆ្នាំ២០២៥ បានប្រារព្ធពិធីបើកការប្រកួតផ្លូវការហើយ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ដោយទទួលបានការផ្ដល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅលើទីលានស្ដង់ដារអន្ដរជាតិ Vattanac Golf Resort ដែលប្រជុំដោយកីឡាករល្បីៗលើពិភពលោកនេះ ក៏មានវត្តមានឥស្សរជន និងថ្នាក់ដឹកនាំកំពូលៗ សម្តេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា, ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, អ្នកឧកញ៉ា សំ អាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ព្រមទាំងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូកីឡាករ The Legends Tour ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ។
ឆ្លៀតឱកាសនោះដែរ អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកវឌ្ឍនៈគ្រុប បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការផ្ដល់កិត្តិយសអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំ និងកីឡាករល្បីៗមកពីជុំវិញពិភពលោក សម្រាប់ការចូលរួមប្រកួតពានរង្វាន់ Vattanac Legends Championship របស់ The Legends Tour ដែលរៀបចំជាលើកដំបូងនៅទីលានវាយកូនគោល វឌ្ឍនៈ ហ្គោល រីហ្សត នៃប្រទេសកម្ពុជា។
ទន្ទឹមជាមួយការនាំយកព្រឹត្តិការណ៍ពិភពលោកមកកម្ពុជានេះដែរ អ្នកឧកញ៉ា បានសម្ដែងការដឹងគុណ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលជាឥស្សរជនដ៏កំពូលរបស់ជាតិ បានយកជីវិតជាដើមទុន និងបានលះបង់ពេលវេលាស្ទើរពេញមួយជីវិតដើម្បីបុព្វហេតុ “សន្តិភាព និងការអភិវឌ្ឍ” របស់កម្ពុជា ហើយត្រូវបានបន្ដដឹកនាំប្រកបដោយភាពស្វាហាប់ ទន់ភ្លន់ ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ តាមរយៈសន្តិភាព និងការអភិវឌ្ឍនេះហើយ ទើបព្រឹតិ្តការណ៍ប្រកួតកីឡាវាយកូនគោលកម្រិតពិភពលោកដ៏ល្បីល្បាញរបស់ The Legends Tour អាចត្រូវបានរៀបចំឡើង និងប្រព្រឹត្តទៅយ៉ាងរលូន។
អ្នកឧកញ៉ាសង្កត់ធ្ងន់ថា នេះជាការបោះជំហានជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជា លើឆាកអន្តរជាតិ ដោយបង្ហាញទៅកាន់ពិភពលោកឱ្យឃើញកាន់តែច្បាស់នូវភាពរីកចំរើនជឿនលឿន និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជាក្រោមម្លប់នៃសន្តិភាពនាសម័យតេជោ-ធិបតី ដែលកម្ពុជាមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលរៀបចំកម្មវិធីប្រកួតកីឡាកម្រិតអន្តរជាតិ ហើយអាចធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីបានប្រកបដោយជំនាញវិជ្ជាជីវៈ និងភាពកក់ក្តៅបំផុត។
ទន្ទឹមជាមួយគ្នា អតីតកីឡាករដ៏ល្បីរបស់នូវែលសេឡង់ លោក Michael Campbell ដែលជាកីឡាករដំបូងឈ្នះពាន Major Championship 2005 មុនបន្ដឈ្នះពាន US Open Championship បន្ទាប់ពីផ្ដួលតារាវាយកូនគោលពិភពលោក Tiger Woods បានសម្ដែងក្ដីរីករាយ និងភ្ញាក់ផ្អើល ចំពោះការរៀបចំ និងទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជា ពិសេសលោកពិតជាសប្បាយរីករាយ និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចទៅកាន់ប្រាសាទអង្គរវត្ត ដែលលោកបានស្គាល់តាំងពីក្មេងផងដែរ។
អ្នកឧកញ៉ា ឈុន លាង បានបង្ហាញសុទិដ្ឋិនិយម ចំពោះការប្រមូលផ្ដុំដោយកីឡាករល្បីៗលំដាប់ពិភពលោកនេះ នឹងទទួលបាននូវអារម្មណ៍ និងបទពិសោធន៍ថ្មីប្លែក ជាមួយនឹងបរិយាកាសប្រកួតដ៏មនោរម្យបំផុត នៅលើទីលានស្តង់ដារអន្តរជាតិក្រាលដោយវាលស្មៅពណ៌បៃតងដ៏ស្រស់ស្អាត ដែលរចនាឡើងដោយម្ចាស់ជើងឯក Major ៦សម័យកាល Sir Nick Faldo លាយឡំដោយដើមឈើធំៗ និងរុក្ខជាតិប្លែកៗដ៏ស្រស់បំព្រង និងលំអរទៅដោយរូបចម្លាក់បេតិកភណ្ឌវប្បធម៌ខ្មែរជាច្រើន រួមទាំងប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ចម្លាក់ព្រហ្ម និងលានជល់ដំរី ជាដើម ដែលសុទ្ធសឹងជាសំណង់សិល្បៈហត្ថកម្មដ៏វិចិត្ររបស់កម្ពុជា ធ្វើឱ្យព្រឹតិ្តការណ៍ប្រកួតនេះកាន់តែមានលក្ខណៈពិសេសទាក់ទាញ និងបង្កប់នូវអត្ថន័យកាន់តែជ្រាលជ្រៅ ដែលអាចប្រសិទ្ធនាមបានថា ជា “ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ, លើកស្ទួយវិស័យទេសចរណ៍, បណ្តុះស្មារតីកីឡា, រឹតចំណងសាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការជាសកល សំដៅលើកកម្ពស់សុខដុមភាព និងវិបុលភាពទាំងក្នុងតំបន់ និងសកលលោក” ។
សម្រាប់ថ្ងៃដំបូង នៃពិធីបើកការប្រកួតពានរង្វាន់ Vattanac Legends Championship ឆ្នាំ២០២៥ នេះ ក៏មានការប្រកួត Pro-Am Tournament រវាងឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំកម្ពុជាជាច្រើន ប្រកួតជាមួយកីឡាករអាជីពអន្ដរជាតិផងដែរ។
គួរដងឹថា ក្រោយពិធីបើក និងការប្រកួតលក្ខណៈទទួលស្វាគមន៍បណ្ដាប្រតិភូ និងកីឡាករអន្ដរជាតិ ពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា កីឡាករវាយកូនគោលអាជីពល្បីៗប្រមាណ ៦០នាក់ ដែលសុទ្ធសឹងជាជើងឯកពានរង្វាន់អន្តរជាតិធំៗ រួមទាំងប្រធានក្រុម Ryder Cup ម្ចាស់ជើងឯក Major និងឥស្សរជនអន្តរជាតិល្បីៗជាច្រើន នឹងធ្វើការប្រកួតដណ្ដើមពានរង្វាន់ Vattanac Legends Championship ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ ដើម្បីឈានទៅរកម្ចាស់ជ័យលាភី អមប្រាក់រង្វាន់សរុបចំនួន ៥៥ម៉ឺនដុល្លារ៕ អត្ថបទ៖ លី ឈុនឡា













-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS5 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន6 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន7 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក