Connect with us

ព័ត៌មាន

ឯកឧត្តម គន់ គីម៖ សម្តេចតេជោ ហ៊ុន សែន បានគិតគូរអតីតយុទ្ធជន និងនិវត្តជនគ្រប់កាលៈទេសៈ

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានគិតគូរដល់សុខទុក្ខអតីតយុទ្ធជន និងនិវត្តជន រាប់តាំងពីពេលនៅជាមន្រ្តីរាជការ រហូតដល់ពេលចូលនិវត្តន៍។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ស្ពឺ។

ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, បណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, នាយប៉ុស្តិ៍, កងកម្លាំងទាំង៣, អតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំ សាលាខេត្ត

កំពង់ស្ពឺ។

ក្នុងឱកាសនេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ស្ពឺ ព្រមទាំងបានតែងតាំងអនុប្រធានចំនួន ១៨រូប និងសមាជិក-សមាជិកាចំនួន ១៧រូបទៀត។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានប្រកាសប្តេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសអនុវត្តធ្វើជាសេនាធិការជូនគណៈកម្មាធិការសមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមថ្នាក់ខេត្ត ដោយរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានរម្លឹកពីវីរភាពអង់អាចក្លាហានរបស់អតីតយុទ្ធជនគ្រប់ជំនាន់ ក៏ដូចជានិវត្តជនដែលដៃម្ខាងជួយកសាងជាតិ និងការពារជាតិ ក្នុងការរួមចំណែកធានាជួយឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិមកដល់សព្វថ្ងៃ គឺមានការរួមចំណែកពីអតីតយុទ្ធជន និងនិវត្តជន ទើបមានប្រទេសកម្ពុជាដ៏រុងរឿង។

ក្នុងនាម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ដោយមេីលឃេីញពីការរួមចំណែក មិនថាទាំងអតីតយុទ្ធជន និងនិវត្តជន ទេីបសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម ត្រូវតែសម្រេចបញ្ជូលអតីតយុទ្ធជន និងនិវត្តជន ឱ្យជ្រកក្រោមឆ័ត្រតែមួយ និងដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា អស់រយៈពេលជាង១៨ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានគិតគូរ និងដោះស្រាយការលំបាកជូនអតីតយុទ្ធជន និងនិវត្តជន រាប់តាំងពីពេលនៅជាមន្រ្តីរាជការ រហូតដល់ពេលចូលនិវត្តន៍។

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផែនការសាងសង់ផ្ទះក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ជាកាដូជូនអតីតយុទ្ធជន និងនិវត្តជនដែលជួបការលំបាកឱ្យទទួលបានជីវភាពរស់នៅសមរម្យ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា រាជរដ្ឋភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានបន្តយកចិត្តទុកដាក់ជាប់ជានិច្ចទាំងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ក៏ដូចដោះស្រាយជីវភាពរស់នៅដល់អតីតយុទ្ធជនណាដែលជួបការលំបាក ដេីម្បីផ្តល់ផ្ទះ និងដីសម្បទានសង្គមកិច្ចសម្រាប់ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសេីរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia