ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញលើកទឹកចិត្តការពង្រឹងសមត្ថភាពក្រុមយុវជនក្នុងវិស័យឧស្សាហកម្មយានយន្ត
ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលមូលធនមនុស្ស ជាពិសេសការពង្រឹងសមត្ថភាពលើក្រុមយុវជនក្នុងវិស័យឧស្សាហកម្មយានយន្តផ្ទាល់ដល់គណៈប្រតិភូក្រុមហ៊ុន RMA Cambodia និង Bendigo Kangan Institute (BKI) Group ដោយហេតុថាកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ នឹងចូលរួមផ្ដល់តម្លៃបន្ថែមដល់សេដ្ឋកិច្ច ហើយកិច្ចការងារនេះក៏ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងជំរុញលើកទឹកចិត្តការវិនិយោគលើវិស័យឧស្សាហកម្មយានយន្ត ការផ្គុំតម្លើង និងឧស្សាហកម្មគ្រឿងអេឡិចត្រូនិចជាដើម។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់បែបនេះក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន RMA Cambodia និង Bendigo Kangan Institute (BKI) Group របស់ប្រទេសអូស្ត្រាលី ដឹកនាំដោយ លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រ្តាលី ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ។
ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ដែលបានចូលរួម និងបានសម្តែងនូវអំណរសាទរលើកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ ក្នុងការផ្តល់ឱកាសឱ្យយុវជនបានបង្កើនជំនាញបច្ចេកទេសឱ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលមូលធនមនុស្ស ជាពិសេស ការពង្រឹងសមត្ថភាពលើក្រុមយុវជនក្នុងវិស័យឧស្សាហកម្មយានយន្តផ្ទាល់ ដោយហេតុថាកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ នឹងចូលរួមផ្ដល់តម្លៃបន្ថែមដល់សេដ្ឋកិច្ច ហើយកិច្ចការងារនេះក៏ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងជំរុញលើកទឹកចិត្តការវិនិយោគលើវិស័យឧស្សាហកម្មយានយន្ត ការផ្គុំតម្លើង និងឧស្សាហកម្មគ្រឿងអេឡិចត្រូនិចជាដើម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលជាបច្ច័យល្អមួយសម្រាប់ការធ្វើពាណិជ្ជកម្ម និងផ្ដល់ភាពច្បាស់លាស់ជូនដល់ពាណិជ្ជករ និងវិនិយោគិន។
ភ្ជាប់ទៅប្រធានបទខាងលើនេះដែរ ដើម្បីជំរុញសុខុមាលភាពប្រជាជនឱ្យកាន់តែប្រសើរឡើង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យក្រុមហ៊ុនចូលរួមចំណែកឱ្យបានសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility – CSR) ពិសេសពាក់ព័ន្ធនឹងការរៀបចំគ្លីនិកចល័ត (Mobile Clinic) ដើម្បីគាំទ្រការផ្ដល់សេវាថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះនានា។ ជាការឆ្លើយតប លោកតំណាងក្រុមហ៊ុន RMA Cambodia បានបង្ហាញឆន្ទៈក្នុងការចូលរួមចំណែកគាំទ្រដល់សកម្មភាពខាងលើ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់លើបញ្ហាសង្គម នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីផែនការយុទ្ធសាស្រ្តរបស់មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (Automotive Centre of Excellence in Cambodia – ACEC) លើគម្រោងរៀបចំឱ្យមានការបណ្ដុះបណ្ដាល និងបំពាក់បំប៉នជំនាញជូនដល់យុវជនកម្ពុជាលើវិស័យយានយន្ត និងវិស័យពាក់ព័ន្ធផ្សេងទៀត ក្រោមកិច្ចសហការរវាង ក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន BKI Group។ កិច្ចសហការនេះក៏ស្នើសុំឱ្យមានការគាំទ្រពីរាជរដ្ឋាភិបាល ពីក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបានជាធាតុចូល និងអាចជំរុញឱ្យក្រុមហ៊ុនដាក់ចេញនូវយុទ្ធសាស្រ្តពង្រឹងជំនាញយុវជន ត្រៀមសម្រាប់ផ្គត់ផ្គង់ដល់ផ្នែកឯកជនតាមតម្រូវការបច្ចេកទេស៕









-
PR NEWS3 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា6 days agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន4 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា4 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley