ព័ត៌មាន
សង្ឃប្រកាស៖ គប្បីបើកវគ្គខ្លីបណ្តុះបណ្តាល ព្រះចៅអធិការ គ្រូសូត្រ លេខាធិការវត្ត អំពីភាពជាអ្នកដឹកនាំ វិន័យសីលធម៌
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៃគណៈសង្ឃព្រះពុទ្ធសាសនារដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។
អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នៃគណៈសង្ឃនាយកទាំងពីរគណៈ បានសម្រេចឯកភាពដាក់ចេញនូវសង្ឃប្រកាស ពោលគឺ ដើម្បីពង្រឹងការដឹកនាំវត្តអារាមទូទាំងប្រទេស ប្រកបដោយគុណភាព និងប្រសិទ្ធភាព គណៈសង្ឃរាជធានី-ខេត្ត គប្បីបើកវគ្គខ្លីបណ្តុះបណ្តាលបព្វជិតជាបេក្ខសមណៈ ដែលត្រូវបានជ្រើសរើសជាគណៈសង្ឃវត្ត ក្នុងនោះរួមមាន៖ ព្រះចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង វិន័យធរ លេខាធិការវត្ត អំពីភាពជាអ្នកដឹកនាំការគ្រប់គ្រង វិន័យសីលធម៌ របៀបស្វាធ្យាយព្រះធម៌ កិច្ចវត្ត របៀប នៃការគោរពព្រះមហាថេរ ចតុប្បារិសុទ្ធិសីល និងអភិសមាចារ ឱ្យស័ក្តិសមជាសមណៈសក្យបុត្តិយ៍។
បន្ថែមពីនេះ មន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់សហការជាមួយក្រសួងធម្មការ និងសាសនា បន្តពង្រឹង និងលើកកម្ពស់ វិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ដែលជាឆ្អឹងខ្នងដ៏សំខាន់ នៃពុទ្ធសាសនាថេរវាទកម្ពុជា ក្នុងនោះរួមមាន : ពុទ្ធិកបឋមសិក្សា ពុទ្ធិកមធ្យមសិក្សា ពុទ្ធិកឧត្តមសិក្សា និងពុទ្ធិកក្រោយឧត្តមសិក្សា ដើម្បីធានាបាន នូវគុណភាពសិក្សានិងមូលធនសង្ឃក្នុងពុទ្ធសាសនមណ្ឌល។ ដោយឡែក ពុទ្ធិកបឋមសិក្សាទាមទារ ឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីគណៈសង្ឃមូលដ្ឋានគឺ គណៈសង្ឃរាជធានី-ខេត្ត គណៈសង្ឃ ក្រុង-ស្រុក-ខណ្ឌ និងគណៈសង្ឃវត្ត ដោយសហការជាមួយមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត ជៀសវាងការឆកល្វែងនិងធ្វេសប្រហែសក្នុងការពន្លឿនលើដំណើរការអភិវឌ្ឍពុទ្ធិកបឋមសិក្សា ដែលជា មូលដ្ឋានដ៏រឹងមាំ នៃចំណេះដឹង។
គួរបញ្ជាក់ថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសបានប្រារព្ធពិធីបិទនៅសាលវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន