ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ឆ្នាំ២០២៥
ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំD ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាពសមិទ្ធផល និងប្រសិទ្ធភាព ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ រយៈពេល៦ខែចុងឆ្នាំ២០២៥ និងធ្វើការប្រមូល ពិភាក្សាលើធាតុចូល រួមជាមួយនឹងអនុសាសន៍ពី សមាជិក សមាជិកា ដែលអញ្ជើញចូលរួមដែលមាន៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី-ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័នព្រមទាំងប្រធានលេខាធិការដ្ឋាន ប្រយុទ្ធនឹង ជំងឺអេដស៍ រាជធានី-ខេត្ត អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន ១៨០នាក់។
មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងលិខិតលេខ២១៣សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ គឺជាមគ្គុទ្ទេសក៍តម្រង់ផ្លូវសម្រាប់អនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តបញ្ចប់ជំងឺអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ដូចបានកំណត់ក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ដែលប្រកាសឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា ក្នុងរយៈពេលប្រាំមួយខែកន្លងទៅនេះ សកម្មភាពរបស់យើងបានផ្តោតលើចីរភាពរចនាសម្ព័ន្ធ និងវិមជ្ឈការ ក្នុងនោះ៖
– យើងកំពុងបញ្ចប់ផែនទីបង្ហាញផ្លូវចីរភាព និងការសិក្សាចំណាយសម្រាប់ការឆ្លើយតបដែលដឹកនាំដោយសហគមន៍ ដើម្បីធានាបាននូវហិរញ្ញវត្ថុប្រកបដោយចីរភាព។
– ក្រសួងសុខាភិបាលកំពុងបង្កើតនិយាមប្រតិបត្តិ(SOP) សម្រាប់ការចុះកិច្ចសន្យាសង្គម និងផែនការអន្តរកាលនិងចីរភាពឆ្លើយតបនឹងជំងឺអេដស៍ ជំងឺរបេងរួមគ្នា។
– អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំនូវ និយាមប្រតិបត្តិស្តីពីការធ្វើវិមជ្ឈការក្នុងការជំរុញការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ(ខេត្ត ស្រុក និងឃុំ សង្កាត់) ដោយពន្លឿនការផ្តល់ការឆ្លើយតបនឹងមេរោគអេដស៍នៅមូលដ្ឋាន។
– ឃុំ សង្កាត់ចំនួន៣២៤ បានដាក់បញ្ចូលការឆ្លើយតបនឹងជំងឺអេដស៍ទៅក្នុងផែនការឃុំ សង្កាត់របស់ខ្លួន ដោយបានប្រមូលថវិកាប្រមាណ៥៨៧,០០០ដុល្លារអាម៉េរិក។
សម្រាប់រយៈពេល៦ខែខាងមុខ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នៅថ្នាក់ជាតិ យើងនឹងបញ្ចប់ និងអនុវត្តយន្តការជាយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖
– បញ្ចប់ការពិនិត្យឡើងវិញនូវផែនទីបង្ហាញផ្លូវប្រកបដោយចីរភាព ដើម្បីកំណត់អត្តសញ្ញាណច្បាស់លាស់ និងដោះស្រាយគម្លាត។
– បញ្ចប់ការសិក្សាការចំណាយដែលគាំទ្រដោយអង្គការUNAIDSស្តីពីការផ្តល់ហិរញ្ញប្បទានប្រកបដោយសុវត្ថិភាពក្នុងការឆ្លើយតបរបស់សហគមន៍ ដើម្បីបញ្ចូលសេវាកម្មទាំងនេះទៅក្នុងកញ្ចប់មេរោគអេដស៍ស្នូល។
– បង្កើតយន្តការសេវាកម្មបន្តដោយបញ្ចប់ការរៀបចំនិយាមប្រតិបត្តិសម្រាប់កិច្ចសន្យាសង្គមនិង ផែនការអន្តរកាលជំងឺអេដស៍ជំងឺរបេងរួមគ្នា។
– ដាក់បញ្ចូលមេរោគអេដស៍ទៅក្នុងយុទ្ធសាស្ត្រសុខាភិបាលដោយធានាឱ្យស្របទៅនឹងផែនការយុទ្ធសាស្រ្តសុខាភិបាលទី៤(HSP4) ឆ្នាំ២០២៥-២០៣៤ ដែលទើបអនុម័តថ្មី។
ចំណែកឯនៅថ្នាក់ក្រោមជាតិ អាទិភាពស្នូលផ្តោតលើប្រតិបត្តិការយុទ្ធសាស្ត្រវិមជ្ឈការថ្មីរួមមាន៖
– ដាក់ចេញនូវនិយាមប្រតិបត្តិស្តីពីការធ្វើវិមជ្ឈការក្នុងការជំរុញការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ(ខេត្ត ស្រុក និងឃុំ សង្កាត់)។
– ពង្រឹងគណនេយ្យភាពសង្គមដោយបន្តដាក់បញ្ចូលក្របខ័ណ្ឌគណនេយ្យភាពសង្គម ទៅក្នុងអភិបាលកិច្ចមូលដ្ឋាន។
– បង្កើនសមាហរណកម្មថវិកាមូលដ្ឋានដោយផ្តោតលើការរួមបញ្ចូលគ្នាប្រកបដោយជោគជ័យនូវការឆ្លើយតបនឹងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ផែនការវិនិយោគឃុំ សង្កាត់នៅក្នុងតំបន់ដែលនៅសេសសល់។
មុននឹងប្រកាសបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ជារួម កម្ពុជារក្សាបាននូវមោទនភាពនិងក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់ជំងឺអេដស៍ ហើយការប្តេជ្ញាចិត្តត្រូវបានអនុវត្តតាមរយៈការពង្រឹងភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ និងការសម្របសម្រួល សហការជាចរន្តជាតិតែមួយ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកសកម្មភាពឆ្លើយតបទ្វេដង។ ទន្ទឹមនឹងនេះ យើងក៏នឹងពង្រឹងប្រព័ន្ធតាមដាននិងវាយតម្លៃជាតិ ដើម្បីធានាបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ រក្សាបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍសង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ ហើយយើងបង្កើតបាននូវស្ថាប័នដឹកនាំគ្រប់គ្រងនិងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាពិសេសមានផែនការយុទ្ធសាស្ត្រជាតិតែមួយ មានប្រព័ន្ធតាមដាននិងវាយតម្លៃជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ រដ្ឋា

















-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន5 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន5 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ
-
ព័ត៌មាន6 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស