ព័ត៌មាន
អភិបាលរាជធានីណែនាំឱ្យអាជ្ញាធរគ្រប់ខណ្ឌរំដោះការកកស្ទះចរាចរណ៍ និងរំដោះចិញ្ចើមផ្លូវ
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យអភិបាលខណ្ឌទាំង១៤ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើកការដោះស្រាយការកកស្ទះចរាចរណ៍ ពិសេសការចតយានយន្តគ្មានសណ្តាប់ធ្នាប់និងការរំលោភបំពានទ្រូងផ្លូវ និងចិញ្ចើមផ្លូវពីសំណាក់អាជីវករមួយចំនួន។
ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍លើកឡើងថា តាមការសង្កេតជាក់ស្តែងក្នុង១សប្តាហ៍កន្លងមកនេះ នៅរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ពិសេសនៅលើបណ្តោយផ្លូវធំៗ និងផ្លូវចេញចូលរាជធានីភ្នំពេញ។ តាមការសិក្សា ការកកស្ទះចរាចរណ៍នេះ គឺបណ្តាលមកពីការចតយានយន្តមិនមានសណ្តាប់ធ្នាប់ និងមួយចំនួនទៀតបណ្តាលមកពីប្រជាពលរដ្ឋមកពីប្រទេសថៃ និងមកពីបណ្តាខេត្តផ្សេងៗទៀត សម្រុកមកភ្នំពេញដើម្បីរកការងារធ្វើ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ចំពោះការកកស្ទះចរាចរណ៍នេះ អភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការដោះស្រាយឱ្យប្រសើរឡើង ជៀសវាងឱ្យបាននូវការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ពិសេសមើលនៅតាមសាលារៀនឯកជនមួយចំនួន ដោយសាលាទាំងនេះ ក្នុង១ថ្ងៃបានបង្កឱ្យស្ទះចរាចរណ៍រហូត៤ដង។ បន្ថែមពីនេះត្រូវត្រួតពិនិត្យ និងចាត់វិធានការចំពោះការចតយានយន្ត មិនមានសណ្តាប់ធ្នាប់ និងការយកទ្រូងផ្លូវពីសំណាក់អាជីវករលក់ដូរអនាធិបតេយ្យ។
ឯកឧត្តម ឃួង ស្រេង បានណែនាំថា ការចតយានយន្តមិនមានសណ្តាប់ធ្នាប់ និងការលក់ដូរបំពានលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ វាជារឿងដដែលៗ ដូច្នេះ អាជ្ញាធរខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការចាត់វិធានការ ដើម្បីរំដោះកំណាត់ផ្លូវទាំងនោះឱ្យមានសណ្តាប់ធ្នាប់ និងកាត់បន្ថយបាននូវការកកស្ទះចរាចរ ដោយមិនអាចទុកឱ្យអាជីវករប៉ុន្មាននាក់ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់លាននាក់នោះទេ។ មុនអនុវត្តវិធានការរំដោះផ្លូវឱ្យបានសណ្តាប់ធ្នាប់ពីសំណាក់អ្នករំលោភបំពាននេះ ដាច់ខាតត្រូវតែមានការផ្សព្វផ្សាយ និងណែនាំពួកគាត់ជាមុន ដើម្បីឱ្យពួកគាត់ទទួលយកនិងចូលរួម ហើយនៅពេលអនុវត្តការងារនេះ គឺទទួលយកបានទាំងអស់គ្នា។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា នៅរាជធានីភ្នំពេញមានកំណាត់ផ្លូវតូចធំចំនួន១០៨ផ្លូវ ត្រូវបានគេរំលោភបឱពានធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញបានណែនាំ និងអនុវត្តលើការងារនេះបានល្អប្រសើរបានមួយកម្រិតហើយ។
ក្រៅពីកិច្ចការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តមឃួង ស្រេង ក៏បានណែនាំឱ្យពិនិត្យឡើងវិញ លើកការយក ភាស៊ីនៅតាមផ្សារ និងការតាមដានត្រួតពិនិត្យជនអាណាថា គឺមិនអាចឱ្យពួកគេធ្វើសកម្មភាព នាំឱ្យបាត់បង់សោភណ្ឌភាពនិងរបៀបរៀបរយសាធារណៈឡើយ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន