ព័ត៌មាន
នាយិការប្រចាំប្រទេសថ្មី ADB ចាប់អារម្មណ៍បេសកកម្មអាទិភាពថ្មីៗរបស់ក្រសួងអប់រំឆ្នាំ២០២៦
លោកជំទាវ Yasmin Siddiqi នាយិកាប្រចាំប្រទេសថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ក្នុងការឈ្វេងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ។
ការបង្ហាញនេះ ធ្វើឡើង នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាស ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ Yasmin Siddiqi និងសហការី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ នេះដោយយោងតាម បណ្ដាញសង្គមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់កម្ពុជារបស់លោកជំទាវ Yasmin Siddiqi ដោយបានយកឱកាសនេះ បង្ហាញពីបច្ចុប្បន្នភាព និងវឌ្ឍនភាពសំខាន់ៗក្នុងវិស័យអប់រំនៅកម្ពុជាក្នុងអំឡុង ១០ឆ្នាំមកនេះ។
នាឱកាសជំនួបនេះ លោកជំទាវ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបានបង្ហាញមោទនភាពដែលឃើញការអភិវឌ្ឍស្ទើរលើគ្រប់វិស័យនៅកម្ពុជា ដោយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការឈ្វេងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ ក៏ដូចជាបញ្ហាប្រឈមនានា ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចូលរួមដោះស្រាយ និងគាំទ្រដល់យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានគាំទ្រដល់គម្រោងកែលម្អគុណភាពអប់រំនៅកម្ពុជា និងបានលើកឡើងពីវឌ្ឍនភាព និងអាទិភាពនៃកំណែទម្រង់វិស័យអប់រំ ដែលបាន និងកំពុងផ្តោតលើ កំណែទម្រង់សាលារៀន ការលើកកម្ពស់លទ្ធផលសិក្សាសិស្ស អត្រាចុះឈ្មោះចូលរៀន អត្រាគង់វង្ស និងកាត់បន្ថយអត្រាបោះបង់, កំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូបង្រៀន, ការអនុវត្តស្តង់ដាសាលារៀនគំរូ, កម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍, ការបង្កើនចំនួនសាលារៀនជំនាន់ថ្មី (NGS) ដោយផ្តោតលើការលើកកម្ពស់ការអប់រំ STEM, និងគម្រោងជាច្រើនទៀត ជាពិសេសសមិទ្ធផលនានាដែលលេចចេញពីកិច្ចសហប្រតិបត្តិការ រវាង ADB និងក្រសួងអប់រំ យុវជន និងកីឡា ដែលឆ្លុះបញ្ចាំងតាមរយៈ ១. លទ្ធផលល្អប្រសើរឡើងនៃការធ្វើតេស្តស្តង់ដា PISA ដែលវាយតម្លៃចំណេះដឹង និងជំនាញរបស់សិស្សអាយុ ១៥ឆ្នាំ ក្នុងវិស័យគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន ២. លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ នេះ ដែលមានអត្រាប្រឡងជាប់ ៨៤,៥៦% ជាមួយកំណើនសិស្សនិទ្ទេស A ច្រើនជាងឆ្នាំមុនៗ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជាជាច្រើនឆ្នាំមកនេះ។ ជាថ្មីម្តងទៀត សូមចូលរួមអបអរសាទរ ដល់លោកជំទាវ Yasmin Siddiqi ដែលត្រូវបានតែងតាំងជា នាយិកាប្រចាំប្រទេសថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ដោយរំពឹងយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកជំទាវ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី នឹងកាន់តែរីកចម្រើន ជាពិសេសសម្រេចបាននូវសមិទ្ធផលរួមគ្នាជាច្រើនបន្ថែមទៀតលើវិស័យអប់រំ៕




-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន7 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦