ព័ត៌មាន
បង្ហាញមុខក្រុមឧក្រិដ្ឋជន០៨នាក់ ពាក់ព័ន្ធករណីក្លែងបន្លំជាកងរាជអាវុធហត្ថ ចាប់បង្ខាំងជនបរទេស ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមឧក្រិដ្ឋជន០៨នាក់ ពាក់ព័ន្ធករណីក្លែងបន្លំជាកម្លាំងកងរាជអាវុធហត្ថ ចេញធ្វើសកម្មភាពយ៉ាងសកម្ម ចាប់ខ្លួនជនបរទេសយកទៅបង្ខាំងទុក ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយសមត្ថកិច្ចបង្ក្រាបបានកាលពីពេលថ្មីៗ ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំចុះបង្ក្រាបដោយផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ , លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង០៨នាក់ មាន០៧នាក់ជាមុខសញ្ញាដៃដល់ដែលធ្វើសកម្មភាព និងម្នាក់ទៀតគ្រាន់ជាអ្នកយករថយន្តធ្វើទៅរក្សាទុកប៉ុណ្ណោះ ។
ឯកឧត្តមស្នងការ បន្ថែមថា ក្រុមទាំងនេះ ជាមុខសញ្ញាយ៉ាងសកម្ម ចេញធ្វើសកម្មភាពនាពេលរាត្រីជាច្រើនករណី ដោយចាប់ជនជាតិចិនយកទៅបង្ខាំងទុក ដើម្បីជំរិតទារប្រាក់តាមការចង់បានរបស់ពួកគេ ដោយក្រុមជនសង្ស័យបានស្លៀកពាក់ឯសណ្ឋានក្លែងបន្លំខ្លួនជាសមត្ថកិច្ចអាវុធហត្ថ តែជាក់ស្តែងពុំមានមុខរបរពិតប្រាកដនោះឡើយ ។
ឯកឧត្តមស្នងការ បញ្ជាក់គោលជំហរខ្ពស់ គឺត្រូវតែបង្ក្រាបដាច់ខាត រាល់អំពើ ឬបទល្មើសអសន្តិសុខទាំងឡាយណា ដែលជាកត្តាធ្វើប៉ះពាល់ដល់ពលរដ្ឋ ពិសេសភ្ញៀវជាតិ អន្តរជាតិ និងបណ្តាអ្នកមករកស៊ីវិនិយោគនៅកម្ពុជា ជាក់ស្តែងដូចករណីខាងលើ គឺត្រូវតែតាមស្រាវជ្រាវបង្ក្រាបក្រុមជនល្មើសឲ្យដល់ឬសគល់ ដើម្បីយកមកអនុវត្តទោសទណ្ឌតាមផ្លូវច្បាប់របស់ប្រទេសជាតិ ។
គួរបញ្ជាក់ថា ជនសង្ស័យទាំង០៨នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលទាំង១៤ខណ្ឌ និងបានធ្វើការពន្លាតដែនសមត្ថកិច្ចបន្ថែមទៅសហការជាមួយ កម្លាំងនគរបាលខេត្តកណ្ដាល , ខេត្តតាកែវ , ខេត្តកំពត ,សៀមរាប និងខេត្តព្រះសីហនុ បើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅបង្ក្រាបបានមុខសញ្ញាពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ក្នុងការបង្ក្រាបក្រុមជនសង្ស័យ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន ៖ រថយន្តតូយូតាព្រូស០២គ្រឿង , អាវុធខ្លីចំនួន០៤ដើម , គ្រាប់កាំភ្លើង ចំនួន៣៨គ្រាប់ , ទូរស័ព្ទដៃ០៦គ្រឿង , ខ្នោះដៃចំនួន០៧ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង០៨នាក់ ត្រូវបានកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ។
គួររំលឹកថា អំពើចាប់បង្ខាំងជនជាតិចិនជំរិតទារប្រាក់ចុងក្រោយ ក្នុងចំណោមអំពើជំរិត០៦លើក បានកើតឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣ និង២០នាទីទាបភ្លឺ ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយក្រុមជនសង្ស័យទាមទារប្រាក់ចំនួន ៥២០០០ដុល្លារ លើជនរងគ្រោះជាជនជាតិចិន ៕ អត្ថបទ ៖ លីហេង











-
ព័ត៌មាន7 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន7 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន7 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន7 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន7 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន7 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន7 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥