ព័ត៌មាន
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ចុះសំណេះសំណាល និងផ្ដល់អំណោយជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ
ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានធ្វើការលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋដែលបាន និងកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដឹកនាំនិងដោះស្រាយជម្លោះព្រំដែន។ការលើកទឹកចិត្តដូច្នេះធ្វើឡើងក្នុងឱកាសដឹកនាំ សមាជិកានៃសមាគមនារីខេត្តចុះជួបសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋប្រមាណ៧៦១គ្រួសារ ដែលបាននិងកំពុងស្នាក់នៅក្នុងជំរំភៀសសឹក ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ក្រោមយុទ្ធសាស្រ្ត«ស្ងាត់តែមិនស្ងៀម»របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតទទួលបានលទ្ធផលផ្លែផ្កា ដោយសម្រេចបានការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។
លោកជំទាវបានបន្ថែមថា លទ្ធផលដែលសម្រេចបាននូវការថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជា និងថៃនេះ គឺកើតចេញការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្តេចធិបតី ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងក្រុមការងារ ដើម្បីស្វែងរកសន្តិភាពតាមបន្ទាត់ព្រំដែន ឈានឆ្ពោះទៅរកប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងកម្ពុជា-ថៃ ដែលជាកត្តាចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជា។តែដោយមហិច្ឆតាឈ្លានពានរបស់ប្រទេសថៃ បានរំលោភលើកិច្ចឈប់បាញ់ ហើយបន្តការឈ្លានពានមកលើកម្ពុជា និងបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋានមករស់នៅក្នុងជំរំជនភៀសសឹក។ហើយក្នុងនោះលោកជំទាវក៏បានសម្តែងការឈឺចាប់ចំពោះទាហានថៃដែលបានធ្វើការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់ បណ្តាលឱ្យស្លាប់ម្នាក់និងរបួស៣នាក់កាលពីពេលកន្លងមកផងដែរ។
លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ចន្ទ័សោភ័ណ បានបន្ថែមថា ដោយមើលឃើញពីការស្នាក់នៅក្នុងជំរំរបស់បងប្អូនមានការលំបាក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ពិសេសលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើនូវការសួរសុខទុក្ខនិងនឹករលឹកដល់បងប្អូន ដោយក្នុងនោះបានណែនាំដល់សមាគមនារីខេត្តកំពង់ស្ពឺឱ្យនាំយកនូវគ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់និងថ្នាំពេទ្យមកផ្តល់ជូនដើម្បីដោះស្រាយចំពោះមុខជាបណ្តោះអាសន្ន គ្រាដែលការស្នាក់នៅត្រូវបានអូសបន្លាយ។
លោកជំទាវបានបន្តថា ក្នុងដំណាក់កាលដែលកំពុងស្នាក់នៅនេះ សូមបងប្អូនត្រូវថែរក្សាសុខភាព ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ បង្កឡើងដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ជាដើម និងបង្កើនការប្រុងប្រយ័ត្នក្នុងការមើលថែកុមារតូចៗ កុំឱ្យគាត់ទៅលេងទឹក ចៀសវាងការបាត់បង់អាយុជីវិតដោយប្រការណាមួយ។មួយវិញទៀត ខែនេះជាខែមានភ្លៀងធ្លាក់ ជាពេលដែលពពួកមូសកើតមានច្រើន តោងឱ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម និងគ្រុនចាញ់ ដោយសារបច្ចុប្បន្ននេះជំងឺគ្រុនឈាមតែងកើតមានឡើងលើកុមារ។ ត្រូវថែរក្សាសុខភាព ទប់ស្កាត់ចំពោះជំងឺមិនឆ្លងដូចជា លើសឈាម ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺមហារីក តាមរយៈការបរិភោគចំណីអាហារ ស្ករតិចអំបិលតិច ខ្លាញ់តិច។លើសពីនេះសូមបង្កើនការដាំបន្លែជុំវិញកន្លែងស្នាក់នៅ សម្រាប់បរិភោគ ចៀសវាងការចំណាយទិញបន្លែ ពីខាងក្រៅ និងកាត់បន្ថយការចំណាយ ព្រមទាំងថែរក្សាបាននៅសុខភាពល្អ ៕








-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា6 days agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន4 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា4 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley