ព័ត៌មាន
កម្ពុជា-ថៃ កំពុងបោះបង្គោលបណ្តោះអាសន្ននៅខ្សែព្រំដែនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង
ក្រុមការងារវាស់វែងចម្រុះរបស់កម្ពុជា-ថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនក្នុងខេត្តបាត់ដំបង និងនៅឯខេត្តបន្ទាយមានជ័យ ក៏កំពុងបង្កើតផែនទីរូបថត ដើម្បីឈានទៅបោះបង្គោលបណ្តោះអាសន្នផងដែរ។
ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានឱ្យដឹងនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២ និងលេខ ៥៩ ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង របស់កម្ពុជា ជាប់នឹងខេត្តចាន់បុរី របស់ថៃ បានចំនួន ១៥៧ បង្គោល នៃបង្គោលសរុបដែលត្រូវបោះចំនួន ១៦៦ បង្គោល ស្មើនឹងប្រមាណ ៩៥%។
ឯកឧត្ដម នេត្រ ភក្រ្តា បន្ថែមថា ភាគីទាំងពីររំពឹងថា នឹងសម្រេចការងារបោះបង្គោលបណ្តោះអាសន្នឱ្យបានរួចរាល់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមផែនការដែលបានឯកភាពគ្នា ភាគីកម្ពុជា និងភាគីថៃ នឹងបន្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២ និងលេខ ៥៩ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។
ចំពោះភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានបន្តអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត មុននឹងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ ដល់លេខ៤៧ ក្នុងភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។
ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូននៅចន្លោះបង្គោលព្រំដែនលេខ ៤២ និងលេខ ៤៣ ដោយសម្រេចបានប្រវែងប្រមាណ ៥,៣ គីឡូម៉ែត្រ ស្មើនឹងប្រមាណ ៧៦%។ ការងារថតរូបពីលើអាកាសនេះនឹងបញ្ចប់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
បន្ទាប់មកភាគីទាំងពីរនឹងចាប់ផ្តើមអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ និងលេខ ៤៣ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ ៤២។ ក្រោយការបញ្ចប់ការងារបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ និងលេខ ៤៣ ក្រុមការងារនឹងបន្តកិច្ចការរបស់ខ្លួននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤៣ និងលេខ ៤៧។
ការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ និងលេខ ៤៧ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន JBC រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន