ព័ត៌មាន
គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកានេះ មានរយៈពេល២០ឆ្នាំហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
ភ្នំពេញ៖ អបអរសាទរ ខួបលើកទី២០ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ខណៈគិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺមានរយៈពេល ២០ឆ្នាំហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។
សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយ លើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឱ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីរបស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូទៀតផង ដែលនេះជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។
ល្ខោនស្បែកធំ គឺជាសិល្បៈមួយមានប្រវត្តិនៅពេលព្រហ្មសាសនាចូលមកទឹកដីខ្មែរ។ កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្តែង ជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈរបស់ឥស្សរជនល្បីៗ។ រូបចម្លាក់ស្បែកនេះ ត្រូវគេឆ្លាក់ចេញពីស្បែកសត្វធំៗ ដូចជាស្បែកសត្វគោ ឬក្របីដែលត្រូវបានគេហាលឱ្យស្ងួត និងយកទៅជ្រលក់ពណ៌ជាមួយធាតុផ្សំ ដែលបានមកពីសម្បកដើមកណ្ដោល។ ក្រោយពីឆ្លាក់ និងលាបពណ៌រួច គេយកវាចងភ្ជាប់នឹងបន្ទះឬស្សីពីរដើម ដើម្បីឲ្យគេអាចកាន់ និងបង្វិលផ្ទាំងរូបនោះ នៅពេលសម្តែង។
ល្ខោនស្បែកធំនេះ ជាប្រភេទល្ខោនស្រមោល គេតែងសម្តែងនៅទីងងឹត ឬក្នុងពេលយប់នៅទីវាលដែលមានបរិវេណធំទូលាយ ដូចជានៅវាលស្រែ និងទីវត្តអារាម ហើយសិល្បៈនេះ សម្តែងលើផ្ទាំងក្រណាត់ធំ ដែលត្រូវគេលាតជាលក្ខណៈបញ្ឈរឡើងលើ។ ក្រៅពីផ្ទាំងឆ្លាក់ពីស្បែក និងក្រណាត់ស គេត្រូវប្រើភ្លើងដើម្បីជះ ទៅលើផ្ទាំងក្រណាត់ស នៅសម័យដើមគេយកចន្លុះ ឬត្រឡោកដូង មកដុតជាភ្លើង។ ការសម្តែងសិល្បៈនេះ ត្រូវអមជាមួយនឹងការប្រគំភ្លេងខ្មែរដូចជា វង់ភ្លេងពិណពាទ្យ និងការនិទានរឿង ឬពោលប្រាប់រឿង។ ការប្រគំវង់ភ្លេង និងពោលប្រាប់រឿងបែបនេះ ធ្វើឱ្យបរិយាកាសនៃការសម្តែងកាន់តែមានភាពរស់រវើកស្រស់ត្រកាល និងកាន់តែជាទីចាប់អារម្មណ៍ពីទស្សនិកជន។
យើងខ្ញុំទាំងអស់គ្នា រួមគ្នា ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន