ព័ត៌មាន
មហាជនប្រមាណជាង១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
មហាជនមកពីគ្រប់មជ្ឈដ្ឋានប្រមាណជាង១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ លោកគ្រូ-អ្នកគ្រូ យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសិស្សានុសិស្ស។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ទិវានាថ្ងៃនេះ មិនមែនគ្រាន់តែជាពិធីជួបជុំ ដើម្បីនាំគ្នាសម្អាតអនាម័យបរិស្ថានតែមួយថ្ងៃ ហើយបញ្ចប់ទៅនោះឡើយ ប៉ុន្តែគឺជាទិវាជួបជុំមួយដែលអាចចាត់ទុកបានថា ជាការកំណត់នូវប្រវត្តិសាស្រ្តរួមគ្នាថ្មីមួយទៀត ដោយធ្វើការរំលឹក និងពង្រឹងស្មារតី របស់យើងទាំងអស់គ្នា អំពីតួនាទីដ៏សំខាន់របស់បរិស្ថានស្អាត ក្នុងការកសាងសង្គមកម្ពុជា ជាសង្គមមួយ មានសុខភាពល្អ មានសេចក្តីថ្លៃថ្នូរ និងមានការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីកសាងសង្គមកម្ពុជាជាប្រទេសដែលមានបរិស្ថាន រូបវន្ត និងធម្មជាតិប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និងតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅប្រកបដោយផាសុកភាព ដោយផ្តោតសំខាន់ចំពោះសន្តិសុខថាមពល ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ ប្រកបដោយប្រសិទ្ធភាព ការកសាងប្រព័ន្ធបន្ស៊ាំ រឹងម៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ ប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់ និងជាប្រទេសដែលមានអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។
ជាក់ស្តែង ក្រោមការដឹកនាំប្រកបដោយភាពបុរេសកម្មរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្រសួងបរិស្ថាន បានអនុវត្តនូវយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាចលនាជាតិមួយកំពុងមានការផុលផុស និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង១៤លាននាក់ ក្នុងគោលដៅផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋម្នាក់ៗ ឱ្យមានការចូលរួមទទួលខុសត្រូវ ថែរក្សាបរិស្ថាន។ យុទ្ធនាការនេះផងដែរ គឺជាសកម្មភាពដែលកើតចេញពីលទ្ធផលជោគជ័យនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» ។ ទាំងនេះ គឺជាភស្តុតាងដែលបញ្ជាក់ថា ខ្មែរពិតជាធ្វើបាន!
បច្ចុប្បន្ន យើងកំពុងឈានមួយជំហានទៀត គឺការបង្កើតបទដ្ឋានសង្គមមួយថ្មីទៀត គឺការប្រែក្លាយផ្ទះមួយ ភូមិមួយ ឃុំមួយ ខេត្តមួយ ឱ្យទៅជាតំបន់ស្អាត គ្មានសំរាមរាយប៉ាយតាមដងផ្លូវ និងគ្មានសំណល់ប្លាស្ទិក។ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាមតាមប្រភេទដូចជា សំណល់ដែលអាចកែច្នៃបាន(អេតចាយ) សារធាតុសំណល់សរីរាង្គ សំណល់គ្រោះថ្នាក់ និង សំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលានទុកដាក់សំរាម។
ជាចុងក្រោយ ឯកឧត្តម សូមថ្លែងអំណរគុណ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល ខេត្តតាកែវ ក្រុមហ៊ុនវឌ្ឍនៈ និងអង្គការការីតាស ដែលបានផ្តល់កិច្ចសហកាគាំទ្រដល់ការរៀបចំពិធីនាថ្ងៃនេះ និងសូមសំណូមពរដល់សាធារណជន នៅតែបន្តចលនាស្អាត និងរួមចំណែកជាមួយក្រសួងបរិស្ថានបន្តទៀត ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ កម្ពុជាឆ្ពោះទៅវិបុលភាព ភាពធន់ និងបរិយាប័ន្ន៕














-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក