ព័ត៌មាន
ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែល ស្នើឱ្យអ៊ីស្រាអែលបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកសិកម្ម
ឯកឧត្តម កែវ ពិសិដ្ឋ ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែល និងជាលេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម (គណៈកម្មការទី៦) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអីស្រាអែលដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនេះ ឯកឧត្តម កែវ ពិសិដ្ឋ បានអបអរសាទរ លោកជំទាវ Alona Fisher-Kamm ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអីស្រាអែល ប្រចាំនៅកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ ប្រទេសយើងទាំងពីរ នឹងបន្តសម្រេចបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តម កែវ ពិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបរវាងលោកជំទាវជាមួយ ឯកឧត្តម អនុប្រធានទី១ រដ្ឋសភា ព្រមទាំងបានគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលបានលើកឡើងដោយ ឯកឧត្តម អនុប្រធានទី១ រដ្ឋសភា ក៏ដូចជាលោកជំទាវឯកអគ្គរដ្ឋទូត ក្នុងគោលបំណង ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ កម្ពុជា-អ៊ីស្រាអែល។
ឯកឧត្តម កែវ ពិសិដ្ឋ បានមានប្រសាសន៍ថា ក្រុមមិត្តភាពសភាមានតួនាទីស្នូលក្នុងបេសកកម្មការទូតសភាជាមួយសភាជាមិត្ត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេភាគីផង និងពហុភាគីផង សំដៅរួមចំណែកដល់ការពង្រឹង និងការគាំទ្រទំនាក់ទំនងចំណងការទូតរបស់ស្ថាប័ននីតិប្រតិបត្តិ។ ក្រុមមិត្តភាពសភាកម្ពុជា-អ៊ីស្រាអែលនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
ដោយសង្កេតឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ ឯកឧត្តម សង្ឃឹមថា រដ្ឋាភិបាលប្រទេសទាំងពីរ និងសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ តាមរយៈ លោកជំទាវ ឯកអគ្គរដ្ឋទូត ឯកឧត្តម បានលើកទឹកចិត្តដល់អ្នកវិនិយោគអ៊ីស្រាអែល ស្វែងយល់ និងពិនិត្យឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា ខណៈដែលកម្ពុជាមានសក្តានុពល និងមានអំណោយផលយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យកសិកម្ម។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម កែវ ពិសិដ្ឋ បានអរគុណរដ្ឋាភិបាលអ៊ីស្រាអែលដែលតែងតែគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងស្នើរដ្ឋាភិបាលអីស្រាអែល ពិនិត្យលទ្ធភាពបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សា និងអនុវត្តជាក់ស្តែងលើវិស័យកសិកម្ម និងវិស័យអាទិភាពដទៃៗទៀត នៅលើទឹកដីអ៊ីស្រាអែល ព្រមទាំងបានបញ្ជាក់ថា ក្រុមមិត្តភាពសភា កម្ពុជា-អ៊ីស្រាអែល គាំទ្រចំពោះអនុស្សរណៈនិងកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានធ្វើរួមគ្នាកន្លងមក និងសូមជំរុញឲ្យពិចារណារួមគ្នាបន្ថែមទៀត ដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនទៀត ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកសិកម្ម។
ជាការឆ្លើយតប លោកជំទាវ Alona Fisher-Kamm បានជម្រាបជូន ឯកឧត្តម ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែល ថា លោកជំទាវមានក្តីរំភើបរីករាយ និងកិត្តិយស់ជាខ្លាំងដែលបាននាំយកសារតាំងថ្វាយព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-អ៊ីស្រាអែល រយៈពេល ៣០ឆ្នាំកន្លងមកនេះ ពិសេសប្រទេសទាំងពីរ បានបើកនូវស្ថានកុងស៊ុលកិត្តិយសប្រចាំប្រទេសទាំងពីរនាពេលថ្មីៗនេះ ព្រមទាំងការបង្កើតបាននូវសភាពាណិជ្ជកម្មអ៊ីស្រាអែលនៅកម្ពុជា ដោយបានផ្តោតសំខាន់លើវិស័យកសិកម្ម អប់រំ សហគ្រិនភាព នវានុវត្តន៍ រួមនឹងវិស័យផ្សេងៗទៀត។ ក្រៅពីនេះ នៅសប្តាហ៍ក្រោយនេះ អ៊ីស្រាអែល និងកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការងារ និងកសិកម្ម ដែលតាមរយៈកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែលនឹងជួយបណ្តុះបណ្តាលដល់កម្មសិក្សាការីកម្ពុជា លើជំនាញកសិកម្ម និងជំនាញបច្ចេកទេសផ្សេងៗទៀត នៅក្នុងកសិដ្ឋាននៅប្រទេសអ៊ីស្រាអែលផ្ទាល់តែម្តង។
លោកជំទាវឯកអគ្គរដ្ឋទូត បានប្តេជ្ញាខិតខំជំរុញទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-អ៊ីស្រាអែល ឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត៕










-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច