ព័ត៌មាន
ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
នៅរសៀលថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការដឹកនាំតម្រង់ទិសគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា ដោយការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុ ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត និងលោក Koen Everaet អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងក្រសួងបរិស្ថាន តំណាងសហភាពប្រចាំកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាល សរុបចំនួន ២០រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងអនុម័តលើផែនការសកម្មភាព និងផែនការថវិកាក្នុងឆ្នាំ២០២៦ របស់គម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា និង បង្ហាញពីទិដ្ឋភាពទូទៅរបស់គម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក និង មីក្រូប្លាស្ទិក។ ជាមួយគ្នានេះ សហភាពអឺរ៉ុបនឹងចូលរួមពង្រឹងការគ្រប់គ្រង ការកែច្នៃ និងការទាក់ទាញការវិនិយោគបន្ថែមទៀត ដើម្បីលើកកម្ពស់ភាពស្អាតនៅកម្ពុជា។
ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និតជាមួយក្រសួងបរិស្ថាន ដើម្បីដោះស្រាយសំណល់ប្លាស្ទិក ដែលជាក្តីកង្វល់របស់ពិភពលោកដោយមិនចំពោះតែកម្ពុជា និងតំបន់នោះទេ។ ជាក់ស្តែងការប្រយុទ្ធប្រឆាំងសំណល់ សំរាមប្លាស្ទិកនេះក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្តជាជំហានៗ រាប់ចាប់តាំងពីយុទ្ធនាការបន្តរហូតមកដល់ចលនា ដោយផ្តើមចេញពីការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋប្រមាណជាង១៤លាននាក់ នៅក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងប្រមាណជាង ៧លាននាក់នៅក្នុងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង “ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក” ដែលទទួលបានភាពស្អាតប្រមាណជាង ៨០%។
លើសពីនេះ ក្រសួងបរិស្ថានក៏បានដាក់ចេញនូវយន្តការ និងដំណោះស្រាយជាច្រើន ដែលក្នុងនោះរួមមាន ការផ្តល់ជូនធុងសំរាមឱ្យប្រជាពលរដ្ឋបែងចែក និងទុកដាក់សំរាម ជាពិសេសការរៀបចំឱ្យមានទីលានទុកដាក់សំរាមឱ្យត្រឹមត្រូវ និងសមស្របតាមលក្ខណៈបច្ចេកទេស ដែលជាការការពារដល់សុខមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គការដៃគូសូមចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីឆ្ពោះទៅការគ្រប់គ្រងសំណល់ប្លាស្ទិកដ៏ប្រសើរ ដែលស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព៕
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន