ព័ត៌មាន
ក្រសួងបរិស្ថានរៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងគំនូរជំរុញការអភិរក្សពូជកេសរកូលព្រៃ
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរៀបចំវេទិកាកេសរកូលជាតិលើកទី៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីនានាភាព គុណតម្លៃ និងអត្ថប្រយោជន៍នៃប្រភេទកេសរកូលព្រៃ នៅក្នុងប្រព័ន្ធអេកូឡូស៊ី។

វេទិកានេះមានការអញ្ជើញចូលរួមពីតំណាងឯកអគ្គរាជទូត និងរដ្ឋទូតនៃប្រទេសជាដៃគូពាក់ព័ន្ធ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានី-ខេត្ត ដៃគូជាតិ-អន្តរជាតិ វិស័យឯកជន មន្ត្រីឧទ្យានុរក្ស លោកគ្រូ-អ្នកគ្រូ ក្មួយៗសិស្ស-និស្សិត សរុបចំនួន៥២០នាក់ (ស្ត្រី១៩០នាក់)។

សូមបញ្ជក់ផងដែរថា នេះគឺជាលើកទី៥ហើយដែលក្រសួងបរិស្ថានបានរៀបចំវេទិកានេះឡើង ដែលឆ្នាំនេះមានការខុសប្លែកពីឆ្នាំកន្លងមក ដោយមិនត្រឹមតែមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត ប៉ុណ្ណោះទេ តែក៏មានការប្រកួតប្រជែងការគូរគំនូរកេសរកូលព្រៃកម្ពុជា និងតាំងបង្ហាញស្នាដៃគំនូរកេសរកូលផងដែរ ដោយបានផ្សារភ្ជាប់ការអភិរក្សនិងការផ្សព្វផ្សាយពីកេសរកូលតាមរយៈសិល្បៈ សំដៅបណ្តុះស្មារតី និងលើកកម្ពស់ការស្រលាញ់កេសរកូលព្រៃ ការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសប្អូនៗយុវជនឱ្យងាកមកចាប់អារម្មណ៍ពីនានាភាពនៃប្រភេទកេសរកូលព្រៃដ៏សម្បូរបែបរបស់កម្ពុជាយើងដែលមានតម្លៃ និងសារៈប្រយោជន៍ជាច្រើនចំពោះប្រព័ន្ធអេកូឡូស៊ី ប្រជាសហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាខ្លឹមសារនៃប្រធានបទរបស់វេទិកាកេសរកូលជាតិនាឆ្នាំនេះ ហើយក្រសួងបរិស្ថាននឹងត្រៀមរៀបចំវេទិកានេះជារៀងរាល់ឆ្នាំបន្តទៀតជាមួយនឹងសកម្មភាពថ្មីៗបន្តទៀត។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលបំណងរបស់ក្រសួងបរិស្ថានក្នុងការប្រែក្លាយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនឱ្យក្លាយទៅជាផលិតផលទេសចរថ្មីបែបធម្មជាតិ បន្ថែមលើផលិតផលទេសចរបេតិកភណ្ឌវប្បធម៌ ហើយឯកឧត្តមក៏ចង់ ជំរុញការធ្វើជាលិកាវប្បកម្មទៅលើប្រភេទកេសរកូលមួយចំនួនសម្រាប់ចែកជូនដល់សាធារណជនដោយឥតគិតថ្លងៃដូចគ្នាទៅនឹងការចែកកូនឈើក្នុងកម្មវិធីពន្លកបៃតងដែលក្រសួងបរិស្ថានបានធ្វើជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការស្រលាញ់ ការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ការពារធម្មជាតិ៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន