ព័ត៌មាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាត និងបង្កើនគម្របបៃតងនៅកម្ពុជា
ក្នុងឱកាសទទួលជូប លោកស្រី YASMIN SIDDIQI នាយកថ្មីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងប្រតិភូ នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍ ពីការងារបន្តលើការគ្រប់គ្រងបរិស្ថាន ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការអនុវត្តសកម្មភាពធ្វើការប្តេជ្ញាចិត្ត ដើម្បីភាពស្អាតនៅកម្ពុជា ដែលមានអ្នកចូលរួមចំនួន ជាង១៤លាននាក់។
យោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន បន្តចែកធុងសំរាមជូនទៅដល់មូលដ្ឋាន សាលារៀន វត្តអារាម និងមូលដ្ឋានសុខាភិបាល ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ ឱ្យចេះទុកដាក់ និងញែកសំរាមបានត្រឹមត្រូវ កាត់បន្ថយការបញ្ចេញសំរាម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រៀបចំភូមិឋានឱ្យបានស្អាត មានសោភ័ណភាព និងជួយបង្កើនជីវភាពប្រជាពលរដ្ឋ ដោយទាញយកប្រយោជន៍សេដ្ឋកិច្ច ចេញពីការទុកដាក់សំរាម បានត្រឹមត្រូវ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ក្រសួងបរិស្ថាននឹងបន្តអនុវត្តយុទ្ធនាការនានា ដើម្បីកម្ពុជាមានភាពស្អាត ក្នុងនោះធ្វើការលើកកម្ពស់ការទុកដាក់ ចុងក្រោយសំរាម សំណល់រឹង តាមរយៈការជំរុញឱ្យមានការកែសម្រួលទីលាន ដែលមានស្រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងទីលាន និងការជំរុញការរៀបចំទីលានថ្មីស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។
ជាមួយគ្នានេះ ដើម្បីជំរុញកំនើនគម្របភាពបៃតងនៅកម្ពុជា ក្រសួងបរិស្ថានបានរៀបចំបង្កើតមជ្ឈមណ្ឌលចីរភាពបរិស្ថាន និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង នៅខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរី ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលមានសមត្ថភាពផលិតកូនឈើ បានច្រើនលានដើមក្នុង១ឆ្នាំ។ ក្នុងឆ្នាំ២០២៥ កូនឈើ និងកូនត្នោត ដែលបានបណ្តុះនៅតាមថ្នាលរបស់មន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ ចំនួន ៣,៤ លានដើម ត្រូវបានធ្វើការចែកកូនឈើដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ ដាំតាមមូលដ្ឋាន និងដាំស្តារព្រៃសហគមន៍ ដើម្បីពង្រីកគម្របបៃតងនៅកម្ពុជា។ ជាមួយគ្នានេះឯកឧត្តមបានថ្លែងថា ក្រសួងបរិស្ថានមានគម្រោងចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំ ចំនួន៥លានដើម នៅឆ្នាំ២០២៦ខាងមុខ។ លើសពីនេះស្របតាមគោលនោបាយនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកល្រកម្ពុជា ក្រសួងបរិស្ថានបន្តចូលរួមជំរុញសកម្មភាពលើគម្រោងបង្កើនភាពបៃតង តាមរយៈការអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍នៅតាមតំបន់ការពារធម្មជាតិ និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ ឱ្យបានល្អប្រសើរថែមទៀត។ បច្ចុប្បន្ន សហគមន៍តំបន់ការពារធម្មជាតិមួយចំនួន ដូចជានៅតំបន់ភ្នំខ្នងផ្សារ និង តំបន់ទេទឹកពុះ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានកំពុងទទួលបានអំណោយពីសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត តាមរយៈក្រសួងបរិស្ថាន ដូចជាការរៀបចំហេដ្ឋរចនាសម្ព័ន្ធអភិវឌ្ឍន៍គោលដៅលំហែបៃតង ដើម្បីបង្កើនចំណូលជីវភាពរបស់សហគមន៍ និងគម្រោងប្រែក្លាយសហគមន៍អព្យាក្រឹតកាបូន។
សូមបញ្ជាក់ថា ក្នុងជំនួបនេះ លោកស្រី YASMIN SIDDIQI បានធ្វើការចាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសការជំរុញសកម្មភាពដើម្បីភាពស្អាតរបស់ប្រទេសកម្ពុជា ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈខម្រុះ និងការជួយឱ្យការរស់នៅរបស់ប្រជាជនមានជីវភាពល្អប្រសើរ ជាលំដាប់។ ជាមួយគ្នានេះ លោកស្រីនាយកថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានលើកឡើង ពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានផងដែរ។







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន