ព័ត៌មាន
គិតមកដល់ពេលនេះគ្រួសារកសិករជាង ៣ពាន់គ្រួសារ ស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើបក្នុងខេត្តចំនួន១១ទូទាំងប្រទេស
មន្រ្ដីជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សហគមន៍កសិកម្មទំនើបមានចំនួន ២៥ ត្រូវបានបង្កើតឡើងនៅតាមបណ្ដាខេត្តចំនួន១១ ខណៈមានប្រជាកសិករជាសមាជិកបានស្ម័គ្រចិត្តចូលរួមជាង ៣ ២០០ គ្រួសារ ដោយបានផ្ដោតការដាំដុះ លើមុខដំណាំសំខាន់ៗ មានដូចជា ស្រូវ បន្លែ ម្រេច និងស្វាយចន្ទីរ ជាដើម។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា តាមរយៈគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើបរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ក្រសួងកសិកម្មតែងតែជំរុញលើកទឹកចិត្តឱ្យបងប្អូនកសិករ គួររួមគ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណ និងគុណភាព។ ជាពិសេសការងាកទៅដាំដំណាំដែលមានទីផ្សារច្បាស់លាស់ និងមានតម្រូវការទីផ្សារ។
ឯកឧត្តម បានបន្តថា ជាគម្រោងរបស់ក្រសួងកសិកម្ម ជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺជួយប្រជាកសិករនៅក្នុងដំណាក់កាលនេះ ដើម្បីធ្វើពិពិធកម្មបានដោយជោគជ័យ ក្នុងនោះមានការជួយគាំទ្រជាដើមទុនជាបច្ចេកទេស និងទីផ្សារ ហើយជាការលើកទឹកចិត្តរបស់ក្រសួង គឺជាការចងក្រងទៅជាសហគមន៍កសិកម្មទំនើប ហើយធ្វើពិពិធកម្មតែម្តង ខណៈដែលសហគមន៍កសិកម្មទំនើបនេះ បង្កើតឡើងដើម្បីជំរុញនិងធ្វើយ៉ាងណាឱ្យសហគមន៍មានការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា ដោយមិនប្រកួតប្រជែងគ្នាឡើយ។
សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំពោះលក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន