ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ច្រើនជាង ៦០០ គម្រោងនឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥បំបែកកំណត់ត្រាថ្មីមួយទៀត
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) បានថ្លែងបញ្ជាក់ថា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ច្រើនជាង ៦០០ គម្រោង នឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ដែលនេះជាការបំបែក កំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីបានបំបែកកំណត់ត្រាម្ដងរួចមកហើយកាលពីឆ្នាំ២០២៤ ជាមួយនឹងការអនុម័តគម្រោងសរុប ៤១៤។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. បានថ្លែងឱ្យដឹងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(G-PSF) នៅព្រឹកថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលជាផ្លែផ្ការបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំតម្រង់ទិសប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលសម្រេចបាននូវលទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដោយគិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥ ក្នុងចំណោមវិធានការសរុបចំនួន១៧៩ មានវិធានការចំនួន១៦៦ ត្រូវបានអនុវត្តរួចរាល់ពេញលេញ ដែលស្មើនឹងប្រមាណ៩៣% នៃវិធានការសរុប។ នៅក្នុងរបាយការណ៍ខាងលើ ក៏បានគ្របដណ្ដប់ផងដែរនូវលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងារតាមវិស័យ ក្នុងរយៈពេល១៨ ខែបន្ទាប់ពីការបើកជាផ្លូវការនូវវេទិកា G-PSF លើកទី១៩ ក្នុងនោះបញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំសរុបប្រមាណ៨២% ត្រូវបានដោះស្រាយរួចរាល់ ហើយបញ្ហាដែលនៅសេសសល់កំពុងដោះស្រាយក្នុងទិសដៅវិជ្ជមានបន្តទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវដំណោះស្រាយដ៏គាប់ប្រសើរសម្រាប់វិស័យឯកជននាពេលខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជាក់ដ៏មុតមាំដែរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទីរបស់វិស័យឯកជនដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រទេសកម្ពុជានឹងបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងនាម ក.អ.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ ក្នុងការបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ។ ជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងទាំងនេះ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ច្រើនជាង ៦០០ គម្រោង នឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ដែលនេះជាការបំបែក កំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីបានបំបែកកំណត់ត្រាម្ដងរួចមកហើយកាលពីឆ្នាំ២០២៤ ជាមួយនឹងការអនុម័តគម្រោងសរុប ៤១៤។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីភាពជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដោយបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះ ហើយបានផ្ដល់នូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក។ បន្ថែមពីនេះ កិច្ចខិតខំប្រឹងប្រែងបាននិងកំពុងបន្ត ដើម្បីចរចាបញ្ចុះពន្ធបដិការបន្តទៀតជាមួយសហរដ្ឋអាម៉េរិក ទៅលើវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដែលវិស័យទាំងនេះនឹងស្រូបទាញកម្លាំងពលកម្ម និងផ្តល់ឱកាសការងារបានយ៉ាងច្រើន។
គួររម្លឹកដែរថា៖ វេទិកា G-PSF គឺជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបើកទូលាយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា និងការទុកចិត្តគ្នាទៅវិញទៅមក តាមរយៈការអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមដើម្បីស្នើសុំដំណោះស្រាយ និងកិច្ចអន្តរាគមន៍នានាពីផ្នែករាជរដ្ឋាភិបាល។ វេទិកានេះជាមរតកដែលមានអាយុកាលជាង ២៥ឆ្នាំ បានបន្សល់ទុកដោយ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមគំនិតបង្កើតឡើងកាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៩ ក្នុងគោលបំណងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការនានា ដើម្បីកែលម្អបរិយាកាសវិនិយោគ និងពង្រឹងតួនាទីរបស់វិស័យឯកជនឱ្យក្លាយជាកម្លាំងចលករពិតប្រាកដ នៃកំណើនសេដ្ឋកិច្ចជាតិ៕




-
PR NEWS1 day agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន4 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន4 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ
-
ព័ត៌មាន5 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស