ព័ត៌មាន
WB៖ ប្រើប្រាស់ម៉ោងបង្រៀនឱ្យអស់លទ្ធភាព និងកែលម្អការបង្រៀន ដើម្បីបង្កើនគុណភាពនៃការរៀននៅកម្ពុជា
ភ្នំពេញ៖ ប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការបញ្ជូនកុមារឱ្យចូលរៀន ប៉ុន្តែពេលនេះចាំបាច់ត្រូវកែលម្អជាបន្ទាន់នូវសកម្មភាពគ្រប់បែបយ៉ាងដែលកើតឡើងនៅក្នុងថ្នាក់រៀន។
របាយការណ៍ថ្មីពីរដែលធនាគារពិភពលោកបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកានេះ បាននិយាយដូច្នេះ ដោយសង្កត់ធ្ងន់លើការពិនិត្យមើលទាំងគុណភាព និងបរិមាណនៃការបង្រៀននៅតាមសាលាបឋមសិក្សា ហើយបានលើកអនុសាសន៍មួយចំនួនសម្រាប់ពង្រឹងអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន ដើម្បីឱ្យកុមារទាំងអស់មានមូលដ្ឋានគ្រឹះក្នុងការរៀនសូត្រចេះ និងរីកចម្រើនទៅមុខទៀត។
លោកស្រី Tania Meyer នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «តាមរយៈការវិនិយោគលើគ្រូបង្រៀន និងការបង្កើនម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាសឱ្យកុមារទទួលបានការអប់រំកាន់តែប្រសើរឡើង ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មមួយដែលមានភាពប្រកួតប្រជែងជាងមុនផងដែរ»។
លោកស្រីបានបន្ថែមទៀតថា៖ «ធនាគារពិភពលោកប្តេជ្ញាចិត្តក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីកែលម្អការរៀនសូត្រ និងបង្កើតឱកាសសម្រាប់កុមារគ្រប់រូប ហើយតាមរយៈនេះ ត្រួសត្រាយផ្លូវសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងការងារកាន់តែប្រសើរ ទៅពេលអនាគត»។
របាយការណ៍មួយក្រោមចំណងជើងថា «គុណភាពគ្រូបង្រៀនក្នុងការអប់រំបឋមសិក្សានៅកម្ពុជា៖ ឆ្ពោះទៅរកការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែង, សមិទ្ធកម្មការងារ និងការធានាគុណភាព» (Teacher Quality in Cambodia’s Primary Education: Toward Incentivizing Effort, Performance, and Quality Assurance) បង្ហាញថា ចាំបាច់ត្រូវមានកិច្ចខិតខំថែមទៀត ក្នុងការពង្រឹងគុណភាពនៃការបង្រៀននៅតាមសាលា។ ទោះបីជាប្រាក់ខែគ្រូបង្រៀនកាន់តែខ្ពស់បានលើកទឹកចិត្តសិស្សដែលរៀនចប់វិទ្យាល័យជាមួយពិន្ទុល្អបំផុតឱ្យមកចូលរួមក្នុងវិជ្ជាជីវៈនេះក៏ពិតមែន ជាក់ស្តែងនៅក្នុងថ្នាក់រៀន ការអនុវត្តការបង្រៀន ឬចំណេះដឹងមុខវិជ្ជា មិនទាន់មានការកែលម្អប្រសើរនៅឡើយទេ។ របាយការណ៍នេះកត់សម្គាល់ថា គ្រូបង្រៀនបឋមសិក្សាជាច្រើននៅតែបន្តធ្វើការងារក្រៅ ដែលជាហេតុធ្វើឱ្យពួកគេនៅសល់ពេល និងថាមពលកាន់តែតិចតួចសម្រាប់បង្រៀនសិស្សរបស់ខ្លួន។
ដើម្បីកែលម្អលទ្ធផលសិក្សា របាយការណ៍នេះអំពាវនាវឱ្យបង្កើនការវិនិយោគលើការបណ្តុះបណ្តាលគ្រូបង្រៀនមុនចូលបម្រើការងារ និងក្នុងពេលបម្រើការងារ។ ជាមួយនឹងការរំពឹងទុកថានឹងមានគ្រូបង្រៀនថ្មីជាច្រើនចូលប្រឡូកនៅក្នុងវិជ្ជាជីវៈនេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ពេលនេះជាឱកាសមួយដើម្បីកសាងគ្រូបង្រៀនជំនាន់ថ្មីដែលមានគុណភាពខ្ពស់ហើយ។
របាយការណ៍មួយទៀតក្រោមចំណងជើង «ម៉ោងបង្រៀន និងការរៀនរបស់សិស្ស៖ តើកម្ពុជាអាចកែលម្អលទ្ធផលសិក្សាបានដែរឬទេ តាមរយៈការដាក់ឱ្យដំណើរការកម្មវិធីសិក្សាពេញមួយថ្ងៃនៅសាលាបឋមសិក្សា?» (Instruction Time and Student Learning: Can Cambodia Improve Learning Outcomes by Introducing Full-day Lesson Schedules in Primary Schools?) បានឱ្យដឹងថា បើទុកជាសាលារៀននៅកម្ពុជាបានចែកពេលក្នុងថ្នាក់រៀនយ៉ាងច្រើនរួចទៅហើយសម្រាប់មុខវិជ្ជាអក្ខរកម្ម និងលេខនព្វន្ត ក៏ដោយ ក៏សិស្សមួយចំនួនធំនៅតែត្រដាបត្រដួសក្នុងការរៀនជំនាញទាំងនេះ នៅឡើយ។
ផ្អែកលើបទពិសោធន៍អន្តរជាតិ របាយការណ៍នេះផ្តល់អនុសាសន៍ឱ្យចាត់វិធានការសន្សំសំចៃ ដើម្បីកែលម្អលទ្ធផល ដូចជាការកាត់បន្ថយអវត្តមានរបស់គ្រូ, ការកាត់បន្ថយការបិទសាលារៀនក្រៅពេលឈប់សម្រាកផ្លូវការ និងការបង្កើនចំនួនសប្តាហ៍បង្រៀនក្នុងឆ្នាំសិក្សា។ ក្នុងករណីដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចពង្រីកពេលការសិក្សាពេញមួយថ្ងៃ នៅកម្រិតបឋមសិក្សា របាយការណ៍នេះស្នើឱ្យប្រើវិធីសាស្រ្តជាជំហានៗក្នុងរយៈពេលវែង ដើម្បីធានាបានទាំងផលដែលចង់បាន និងលទ្ធភាពនៃការចំណាញ ផងដែរ។ របាយការណ៍ក៏សង្កត់ធ្ងន់ផងដែរលើតម្រូវការសម្រាប់ការវិនិយោគជាបន្តបន្ទាប់ ដើម្បីកែលម្អគុណភាព និងប្រសិទ្ធភាពនៃការបង្រៀនក្នុងថ្នាក់រៀន៕




-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន3 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន3 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍