ព័ត៌មាន
កាកបាទក្រហមកម្ពុជា រៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ ដែលមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការថ្នាក់កណ្តាល និងឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានីខេត្ត សរុបចំនួន ១៤២នាក់។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំនេះ លោកជំទាវ អគ្គលេខាធិការ បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្ដីនឹករលឹកពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងការកោតសរសើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិ ដែលតែងតែសកម្មចូលរួមអនុវត្ត និងជួយសម្រួលគ្រប់បែបយ៉ាងដល់សកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា។ ប្រការទាំងនេះគឺជាអំណោយផលដ៏ប្រសើរបំផុត សម្រាប់ឱ្យកាកបាទក្រហមកម្ពុជា អាចបំពេញតួនាទី ភារកិច្ចនិង បេសកកម្មស្របច្បាប់ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈបានយ៉ាងពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ ស័ក្តិសមជាសមាគមជាតិនាំមុខគេក្នុងវិស័យមនុស្សធម៌ ជួយជនរងគ្រោះ និងងាយរងគ្រោះបំផុត នៅក្នុងរដ្ឋបាលដែនដីរបស់ខេត្ត ឬសហគមន៍មូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានស្នើសុំអង្គប្រជុំមេត្តាយកចិត្តទុកដាក់ស្តាប់របាយការណ៍បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរួមរបស់កាកបាទក្រហមកម្ពុជា ហើយអាចលើកជាសំណួរ ឬស្នើសុំឱ្យមានការបកស្រាយ បញ្ជាក់បន្ថែមលើបណ្តាចំណុចដែលនៅពុំទាន់ច្បាស់លាស់ ឬចំណុចឆកល្វែងនានា ព្រមទាំងចូលរួមជាមតិយោបល់កែលម្អជាអនុសាសន៍សម្រាប់ការអនុវត្ត ដែលស្របតាមគោលបំណងរបស់កិច្ចប្រជុំ។
លោកជំទាវ បានគូសបញ្ជាក់ថា រយៈពេល២ថ្ងៃនេះ ជាពេលវេលាដែលយើងរួមគ្នាពិគ្រោះ ពិភាក្សារកគន្លឹះ បញ្ហា ការលំបាក ចែករំលែកបទពិសោធន៍ និងហេតុផលដែលធ្វើបានឬធ្វើមិនបាន ដើម្បីអភិវឌ្ឍសមាគមជាតិកាកបាទក្រហមកម្ពុជា ឱ្យមានកម្លាំងចលកររឹងមាំនិងកាន់តែច្រើនថែមទៀត។ លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានលទ្ធផលរំពឹងទុកដែលរួមមាន៖ គោលគំនិតថ្មីៗ ដែលជាផែនទីចង្អុលផ្លូវ និងតម្រង់ទិសដល់យើងទាំងអស់គ្នា ក៏ដូចជាគន្លឹះអាទិភាពជាយុទ្ធសាស្ត្រ ទិសដៅ និងជំហានអនុវត្តសម្រាប់ឆ្នាំ២០២៦ ដោយបន្ស៊ីជាមួយយុទ្ធសាស្ត្របញ្ចកោណរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបគ្រោះមហន្តរាយ និងការកសាងភាពធន់របស់សហគមន៍។
សូមជម្រាបជូនថា កិច្ចប្រជុំខាងលើនេះ ដំណើរការក្រោមការសម្របសម្រួលរបស់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ ទៅតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានពិគ្រោះពិភាក្សាដើម្បីកំណត់សកម្មភាពសំខាន់ៗ និងចំណុចផ្តោតនៃវិស័យអាទិភាពទាំង៤ រួមទាំងនិន្នាការថ្មីៗ សម្រាប់ឆ្នាំ២០២៦៕












-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន