ព័ត៌មាន
ក្រសួងបរិស្ថាន បើកសិក្ខាសាលាស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានគាំពារបិរស្ថាន តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពីការបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។
ពិធីនេះមានការចូលរួមឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ឯកឧត្តម ដាញ់ សេរី អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួងបរិស្ថានលោក លោកស្រី តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ លោកប្រធាន ប្រធានស្តីពី និងតំណាងមន្ទីរបរិស្ថានរាជធានី ខេត្ត និងតំណាងអង្គការ ដៃគូអភិវឌ្ឍ វិស័យឯកជន ចំនួន២៥០នាក់ចូលរួម។
ឯកឧត្តម ដាញ់ សេរី អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានបានលើកឡើងថា ដើម្បីបន្តជំរុញការអនុវត្តលើកិច្ចគាំពារបរិស្ថានកាន់តែប្រសើរឡើង អគ្គនាយកដ្ឋានគាំពារបរិស្ថាន បានរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្រកិច្ចគាំពារបរិស្ថាន (២០២៤-០២៨) ក្នុងគោលដៅកាត់បន្ថយ ទប់ស្កាត់ និងលុបបំបាត់ការបំពុលបរិស្ថានពីប្រភពបំពុល ជាមួយការពង្រឹងក្របខណ្ឌលិខិតបទដ្ឋានគតិយុត្ត ការពង្រឹងធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន សំដៅធានាបាននូវគុណភាពបរិស្ថានល្អប្រសើរ ដោយគ្មានការបំពុលទឹក ដី ខ្យល់ ដើម្បីកម្ពុជាស្អាតដែលនាំឱ្យមានភាពបៃតង និងការអភិវឌ្ឍដោយចីរភាព និងឈានទៅសម្រេចបានតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការរីកចម្រើនរបស់សង្គម និងពិភពលោកនាពេលបច្ចុប្បន្ន។
មានប្រសាសន៍បើកនាឱកាសនោះឯកឧត្តម សាបូ អូហ្សាណូ បានថ្លែងថា ទន្ទឹមនឹងកំណើនប្រជាជន និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដែលមានការកើនឡើងយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យ បញ្ហាប្រឈមដោយបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់គុណភាពបរិស្ថាន តុល្យភាពប្រព័ន្ធអេកូឡូស៊ី សោភ័ណភាពទីក្រុង ជនបទ សុខភាពសាធារណៈ និងសុខមាលភាពសង្គម ដែលមានការកើតឡើងផងដែរ ដូចជា ការកើនឡើងសំណល់រឹង រាវ នៅទីប្រជុំជនរាជធានីខេត្ត ក្រុង ស្រុក បាននិងកំពុងប្រឈម ធ្វើឱ្យមានការថយចុះនូវគុណភាពទឹក ដី ខ្យល់ ការរំខានដោយសម្លេងនិងរំញ័រ បញ្ហាកកស្ទះចរាចរណ៍ កំណើនតម្រូវការថាមពល ក៏ដូចជាកង្វះលំហបៃតងជាដើម ដែលតម្រូវឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអភវិឌ្ឍន៍ វិស័យឯកជននិងផ្នែកពាក់ព័ន្ធ ត្រូវចូលរួមគ្នាដោះស្រាយឱ្យបានសមស្របតាមស្ថានភាពនិងឱ្យទាន់ពេលវេលាតាមភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវនិងមានមនសិការខ្ពស់។
សិក្ខាសាលានេះមានគោលបំណងដើម្បីផ្សព្វផ្សាយលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដើម្បីរកដំណោះស្រាយ និងកំណត់ទិសដៅការងារសម្រាប់អនុវត្តនៅឆ្នាំ២០២៦បន្ត និងជជែកពិភាក្សាលើប្រធានបទស្តីពីសុក្រឹតកម្មកិច្ចគាំពារបរិស្ថាន (ភាពស្អាត) ដើម្បីជំរុញការអនុវត្តការងារកិច្ចគាំពារបរិស្ថានឱ្យកាន់ តែប្រសិទ្ធភាពឆ្លើយតបតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨)៕








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន