ព័ត៌មាន
TOP STORY | សម្ដេចធិបតី ប្រាប់ក្រុមជ្រុលនិយមក្រៅស្រុកថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេសូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ បានចេញសារមួយប្រាប់ទៅប់ក្រុមជ្រុលនិយមក្រៅស្រុកថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេសូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។
សម្ដេចធិបតីបានសរសេរថា ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនៅចំណុចមួយចំនួនកុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។
សម្ដេចបានថ្លែងថា កាលពីព្រឹកមិញនេះ លោក អ៊ុំ សំអាន បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា៖ Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហម ដែលលោក អៀង សារី បានកាន់កាប់ហើយមានលោក អ៊ី ឈាន ជាមេទ័ពនាសម័យសង្រ្គាមស៊ីវិលនាទសវត្សទី៨០។ លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មី គឺធ្វើអោយបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ។
ប៉ុន្តែប៉ុន្មានមួយម៉ោងក្រោយមក ឯ.ឧ អ៊ី ឈាន បានចេញសារបញ្ជាក់ជូនបងប្អូនជនរួមជាតិថា៖ អ្វីដែល អ៊ុំ សំអាន សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។
សម្ដេចធិបតី និងប្រជាជនទាំងអស់នឹងរង់ចាំមើលថាតើលោក អ៊ុំ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន នឹងឆ្លើយតបយ៉ាងណាចំពោះ ឯ.ឧ អ៊ី ឈាន? ហើយតើ លោក អ៊ុំ សំអាន មានឯកសារឬភស្តុតាងអ្វីផ្សេងទៀតទេដើម្បីការពារអំណះអំណាងរបស់ខ្លួន និងបញ្ជាក់ថាខ្លួនជាអ្នកជំនាញព្រំដែនពិតប្រាកដ។ សង្ឃឹមថាលោកមិនគ្រាន់តែចេញមកចោទប្រកាន់ ឯកឧត្តម អ៊ី ឈាន ថាគាត់និយាយកុហក ឬក្បត់ឧត្តមគតិដូចអ្វីដែលលោកតែងតែចោទអ្នកដែលមិនមានទស្សនៈស្របជាមួយលោក និងក្រុមរបស់លោកនោះទេ។
សម្ដេចបានបន្តថា និយាយដោយត្រង់ តាមដែលខ្ញុំមើលឃើញ និងប្រហែលដូចដែលអ្វីបងប្អូនប្រជាពលរដ្ឋមើលឃើញដូចគ្នាដែរនោះ គឺរហូតមកដល់ពេលនេះ អ្វីដែលលោក អ៊ុំ សំអាន និយាយពាក់ព័ន្ធនឹងកិច្ចការព្រំដែន ហាក់ដូចជាគ្មានអ្វីច្បាស់លាស់ អាចយកជាការបានទាំងមូលដ្ឋានបច្ចេកទេសផែនទី (ក្រៅតែពីបានទៅសុំ ហ្វូតូកូពីផែនទីមួយផ្ទាំង ពីពីបណ្ណាល័យ សភាសហរដ្ឋអាមេរិក ដើម្បីធ្វើការសិក្សាស្រាវជ្រាវ) ទាំងមូលដ្ឋានច្បាប់ ឬឯកសារយោងនានា (ឃើញតែលើកឡើងថា អ្នកនេះឬអ្នកនោះ បាននិយាយថាដីខ្មែរពីមុននៅនោះ មិនមែននៅនេះទេ ដូចជាករណីដែលគាត់លើកឡើងថា ឯ.ឧ អ៊ី ឈាន បាននិយាយដូច្នេះ នៅពេលដែល ឯ.ឧ អ៊ី ឈាន ច្រានចោលថាជាការប្រឌិត ។ល។)។
សម្ដេចធិបតី សូមឲ្យយោបល់ដូច្នេះថា៖ បើលោកឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។ បើសិនអស់លោកមិនប្រកាន់ខ្លួនឬខ្លាចគេថាអន់ទេ ហើយចង់រៀនសូត្រអំពីវិធីសាស្ត្រឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី (ដែលអស់លោកបាន ហ្វូតូកូពីនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក) ដើម្បីជាជំនួយក្នុងការវាស់វែង បោះបង្គោលនិងខណ្ឌសីមានៅលើដីឲ្យបានត្រឹមត្រូវនោះ លោកអាចស្នើសុំមករាជរដ្ឋាភិបាល ដើម្បីអោយអ្នកមានជំនាញព្រំដែនពិតប្រាកដ អាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី។
សម្ដេចបានបញ្ជាក់ថា បើអស់លោកមិនមកប្រទេសខ្មែរទេ លោកអាចចាត់តំណាងដែលនៅខ្មែរដើម្បីអោយអ្នកបច្ចេកទេសធ្វើបទបង្ហាញអោយ ដែលតំណាងអស់លោកអាចយកទៅបង្រៀនបន្តដល់លោកនិងក្រុមលោក។ ខ្ញុំជឿថានៅពេលដែលអស់លោកបានយល់ដឹងខ្លះៗពីមូលដ្ឋានបច្ចេកទេសផែនទី អស់លោកនឹងអាចមានសមត្ថភាពនិយាយស្ដីសមហេតុផលជាងមុនច្រើន ក្នុងករណីដែលអស់លោកប្រកាន់សច្ចៈភាព៕

-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន