ព័ត៌មាន
ក្រោយចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកល្ខោនខោលវត្តស្វាយអណ្ដែតមានការគាំទ្រ និងអ្នកបន្តវេនកើនឡើង
រយៈពេល៧ឆ្នាំហើយ ដែលល្ខោនខោលវត្តស្វាយអណ្ដែត ស្ថិតក្នុងសង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលបច្ចុប្បន្ន សិល្បៈបុរាណបន្សល់មកពីដូនតាជាច្រើនជំនាន់មួយនេះ កំពុងមានការគាំទ្រ ហើយក៏មានអ្នកបន្តវេនកើនឡើងផងដែរ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ព្រះគ្រូមង្គលវង្សាចារ្យ ជា ប៊ុនធឿន ព្រះគ្រូចៅអធិការវត្តស្វាយអណ្ដែត និងជាប្រធានសហគមន៍ល្ខោនខោលវត្តស្វាយអណ្តែត បានមានសង្ឃដីកាថា ក្រោយពីចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ ល្ខោនខោលវត្តស្វាយអណ្ដែតកាន់តែមានភាពល្បីរន្ទឺ ដែលកាលពីមុនមានការសម្ដែងត្រឹមនៅក្នុងភូមិស្រុក ប៉ុន្តែបច្ចុប្បន្ននេះមានការគាំទ្រច្រើន ហើយត្រូវបានអញ្ជើញទៅសម្ដែង នៅក្នុងព្រឹត្តិការណ៍ធំៗ ក្នុងរាជធានីភ្នំពេញ និងកម្មវិធីជាច្រើននៅតាមបណ្ដាខេត្តនានា ជាមួយនេះ ក៏ធ្លាប់ទៅសម្ដែងនៅប្រទេសសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ផងដែរ ។
ព្រះអង្គមានសង្ឃដីកាបន្តថា រាល់ឆ្នាំក៏មានកុមារា និងយុវជនជាច្រើននាក់ផងដែរ បានមករៀនសម្ដែងល្ខោនខោល ខណៈដែលសព្វថ្ងៃ ល្ខោនខោលវត្តស្វាយអណ្ដែតមានសមាជិក រហូតដល់ជាង១០០នាក់ បើធៀបនឹងពេលមុន មានតិចតួចប៉ុណ្ណោះ ដែលសញ្ញាល្អ នៃកំណើនអ្នកបន្តវេននេះ បង្ហាញថាល្ខោនខោលខ្មែរ មិនងាយផុតដង្ហើម និងសាបសូន្យនោះទេ ។
គួរបញ្ជាក់ថា ល្ខោនខោលមានតួអង្គសំខាន់ត្រូវសម្ដែងចំនួនបួន គឺតួនាយរោង (តួប្រុស មានព្រះរាមព្រលក្ខណ៍), តួនាងឯក (តួស្រីនាសេដា), តួយក្ស (តួក្រុងរាប) និងតួស្វា (មានសហុមានជាដើម) ។ ល្ខោនខោលវត្តស្វាយអណ្ដែត ត្រូវបានចុះក្នុងបញ្ជីបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងចំណោមបេតិកភណ្ឌអរូបិយរបស់កម្ពុជាចំនួន៧ រួមមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង គុនល្បុក្កតោ និងក្រមាខ្មែរ៕ អត្ថបទ បាន សុខរិទ្ធិ





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន