ព័ត៌មាន
កម្ពុជា-នូវែលសេឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត
នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ នូវែលសេឡង់-កម្ពុជា និងបានគូសបញ្ជាក់ថា នូវែលសេឡង់ ជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ហេីយនូវែលសេឡង់នឹងបន្តគាំទ្រ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណកម្ពុជា ដែលបានគាំទ្រដល់ការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងអាស៊ាន ពិសេស ការគាំទ្រលើការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលសេឡង់” ដែលបានប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅប្រទេសម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។
សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូមកកម្ពុជានាពេលនេះ និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននូវែលសេឡង់ ដែលបានគាំទ្រដល់ដំណើរការស្វែងរកសុខសន្ដិភាពនៅកម្ពុជា និងបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៩០ រហូតមកដល់ពេលបច្ចុប្បន្ន។ សម្ដេចបវរធិបតី ក៏បានស្វាគមន៍ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចពិគ្រោះយោបល់លើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលបានរៀបចំឡើងកាលពីខែសីហា កន្លងទៅ និងលើកទឹកចិត្តដល់ក្រសួងការបរទេសនៃប្រទេសទាំងពីរបន្តនូវយន្តការនេះឱ្យបានទៀងទាត់ ដោយ សម្ដេចបវរធិបតី ជឿជាក់ថា យន្តការនេះនឹងរួមចំណែកកាន់តែច្រើន ដល់ការពង្រឹង និងពង្រីកកិច្ចសហ-ប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ ដោយមិនត្រឹមតែភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងពង្រីកការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ព្រមទាំងរវាងប្រជាជន និងប្រជាជន ថែមទៀតផង។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ពាក់ព័ន្ធនឹងការពង្រីកការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននេះ, កម្ពុជាក៏បានបង្កើតការិយាល័យតំណាង នៃសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសនូវែលសេឡង់ ផងដែរ ក្នុងគោលបំណងពង្រីកនូវកាលានុវត្តភាពការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែល្អថែមទៀត។
សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ កសិកម្ម ទេសចរណ៍ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ផងដែរ។
មុននឹងបញ្ចប់ សម្ដេចបវរធិបតី បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់ថា កម្ពុជានឹងនៅតែប្ដេជ្ញាអនុវត្តតាមខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កម្ពុជាបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន