ព័ត៌មាន
សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ផ្ទះមួយដល់គ្រួសារយុទ្ធជនពលីនៅស្រុកឆ្លូង
ក្រចេះ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានការសណ្ដោសអាណិត និងផ្ដល់ផ្ទះមួយខ្នង ទៅដល់គ្រួសារយុទ្ធជនពលី ក្នុងជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រួមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
ក្នុងឱកាសអញ្ជើញផ្ដល់ផ្ទះ ដល់គ្រួសារយុទ្ធជនពលី ស្ថិតក្នុងភូមិព្រែកបេង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តដាក់ ចំពោះគ្រួសារយុទ្ធពលី មិនបានបោះបង់អ្នកណាម្នាក់ឲ្យនៅឯកោ បើទោះបីជាគ្រួសាររបស់ពួកគេ បានពលីទៅហើយនោះ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកទឹកចិត្តដល់ស្ត្រីកូន ៤នាក់ ដែលទទួលបានផ្ទះមួយខ្នងនេះ ត្រូវពង្រឹងកម្លាំងចិត្ត ដើម្បីបន្តចិញ្ចឹមមើលថែកូនៗ ឲ្យបានរៀនសូត្រចប់ចុងចប់ដើម ពីព្រោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី នៅឈរជ្រោមជ្រែង និងផ្ដល់កម្លាំងចិត្ត ជាមួយនឹងការផ្ដល់ឱកាសអាហារូបករណ៍ដល់កូនៗរបស់យុទ្ធជនពលី ដោយធ្វើយ៉ាងណា ឲ្យពួកគេរៀនចប់ ហើយមានការងារធ្វើសមរម្យ ។
ជាមួយនេះ លោកជំទាវបណ្ឌិត បានជំរុញដល់ស្ត្រីដែលជាគ្រួសារយុទ្ធជនពលី អាចទៅសិក្សាជំនាញវិជ្ជាជីវៈ ហើយក៏ជំរុញទៅក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន ជួយសម្របសម្រួលរូបគាត់ឲ្យមានការងារធ្វើ ឬបានសិក្សាជំនាញ ដើម្បីអាចចិញ្ចឹមជីវិតបាន មួយវិញទៀត ក៏បន្តចុះសួរសុខទុក្ខ និងគិតគូរពីបញ្ហាសុខភាពរបស់ពួកគេ ឲ្យបានជាប់ជាប្រចាំ ។
ក្នុងឱកាសទទួលបានអំណោយផ្ទះពីសម្ដេចធិបតី និងលោកជំទាវបណ្ឌិត អ្នកស្រី ពេញ លីណា ភរិយាយុទ្ធជនពលីឈ្មោះ ប្រាក់ ពិសិដ្ឋ បានឲ្យដឹងថា ខ្លួនគឺមានការសោកស្ដាយ ចំពោះការបាត់បង់ប្តី ប៉ុន្តែក៏មានមោទនភាពចំពោះរូបគាត់ ដែលបានលះបង់អាយុជីវិត ក្នុងការការពារទឹកដីកុំមានការបាត់បង់ ។
ស្ត្រីមេម៉ាយកូន៤នាក់រូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្ដល់ផ្ទះមួយខ្នងនេះ ដែលជាជម្រកដ៏ចាំបាច់ ហើយអរគុណដល់សប្បុរសជននានា ដែលបានផ្ដល់អំណោយ និងជ្រោមជ្រែងគ្រួសារគាត់ ហើយនឹងតស៊ូខិតខំចិញ្ចឹមបីបាច់កូនៗ ដើម្បីឲ្យពួកគេបានរៀនសូត្រចប់ និងមានការងារល្អធ្វើ ។
គួរបញ្ជាក់ថា ជាហូរហែរសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែគិតគូរជាប្រចាំ ចំពោះគ្រួសារអតីតយុទ្ធជន និវត្តជន រួមទាំងគ្រួសារយុទ្ធជនពលីថ្មីៗ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះមានដូចជាការផ្ដល់ផ្ទះ គ្រឿងឧបភោគបរិភោគ ការជួយសម្របសម្រួបផ្ដល់ការងារ និងការផ្ដល់អាហារូបករណ៍ដល់កូនៗរបស់ពួកគេ បានសិក្សារៀនសូត្របន្តផងដែរ ៕
អត្ថបទ បាន សុខរិទ្ធ
























-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន7 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ