ព័ត៌មាន
ក្រសួងការងារបានរៀបចំវេទិកាការងារជិត ៦០០លើក ដើម្បីផ្តល់ឱកាសការងារជូនដល់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ និងបន្តអំពាវនាវឱ្យទាក់ទងមក ១២៩៧
គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារចំនួន ៥៧៧លើក ដោយនាំយកឱកាសការងារដ៏ច្រើនសម្បូរបែប និងការសម្ភាសការងារនៅហ្នឹងកន្លែងផ្ទាល់តែម្តង ជូនដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារធ្វើគ្រប់ៗគ្នា។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ក្រៅពីការផ្តល់នូវឱកាសការងារដ៏សម្បូរបែប វេទិកាការងារទាំងអស់នេះក៏ផ្តល់នូវឱកាសក្នុងការសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃផងដែរ ជូនដល់បងប្អូនពលករដែលមានបំណងសិក្សាជំនាញបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល។
លោក ស៊ុន មេសា លើកឡើងថា៖ “នៅក្នុងវេទិកាការងារទាំងអស់នេះ ក្រៅពីការផ្តល់នូវឱកាសការងារជូនដល់បងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ក៏មានការផ្តល់នូវឱកាសក្នុងការសិក្សាជំនាញបច្ចេកទេស ដោយឥតគិតថ្លៃផងដែរ ដែលជំនាញទាំងនោះសុទ្ធតែស្របទៅតាមតម្រូវការទីផ្សារ ហើយនៅពេលដែលបងប្អូនមានជំនាញច្បាស់លាស់ បងប្អូននឹងទទួលបានការងារដែលមានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ”។
ជាមួយគ្នានេះ លោក បានបញ្ជាក់ផងដែរថា នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកចំនួន២ ក្នុងខេត្តសៀមរាប គឺស្រុកសូទ្រនិគម និងស្រុកពួក ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរូបនេះក៏សូមអំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍។

គួរបញ្ជាក់ថា ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានខិតខំប្រឹងប្រែង និងបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីសម្រួលដល់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃឱ្យឆាប់ទទួលបានការងារធ្វើគ្រប់ៗគ្នា ដូចជាការដាក់ពង្រាយមណ្ឌលសំចតនៅតាមបន្ទាត់ព្រំដែន ការធ្វើវេទិកាការងារនៅតាមភូមិស្រុក ការសម្រួលនូវឯកសារក្នុងការចូលធ្វើការ និងយន្តការ ១២៩៧ ជាដើម ដែលបានឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងល្អិតល្អន់ចំពោះបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ៕






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន