ព័ត៌មាន
កម្ពុជាដក់ជាប់ក្នុងបេះដូងអ្នកវាយកូនគោលពិភពលោក ក្រោយចប់ជើងឯកវឌ្ឍនៈលេជេនស៍ និងសន្យាត្រឡប់មកវិញ
រយៈពេល ២សប្ដាហ៍ មុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាពេលវេលាដ៏អស្ចារ្យថ្មីមួយទៀត សម្រាប់វិស័យកីឡាកម្ពុជា ពិសេសកីឡាវាយកូនគោល តាមរយៈការប្រកួតជើងឯកវឌ្ឍនៈលេជេនស៍ និងកម្មវិធីអមជាច្រើន ដែលបានបន្សល់នូវអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់សង្គមជាតិ ដែលធ្វើឲ្យពិភពលោកដឹងពីការពិត និងស្គាល់កាន់តែច្បាស់ប្រទេសកម្ពុជា ក្នុងនាមប្រទេសមានសន្ដិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ប្រជុំដោយកីឡាករអាជីពអន្ដរជាតិជុំវិញពិភពលោកជាង ៦០នាក់ ដែលភាគច្រើនទើបមកកម្ពុជាលើកដំបូង អ្វីដែលធ្វើឲ្យពួកគេចាប់អារម្មណ៍មុនគេនោះគឺអាកាសយានដ្ឋានអន្ដរជាតិតេជោលំដាប់ F4 រហូតដល់ទីលានវាយកូនគោលលំដាប់អន្ដរជាតិវឌ្ឍនៈហ្គោលរីហ្សត ព្រមទាំងការទទួលបដិសណ្ឋារកិច្ចយ៉ាងពិសេសពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ដោយស្នាមញញឹម និងរួសរាយរាក់ទាក់ ពិសេសក្រោយបានទស្សនាផ្ទាល់ភ្នែកនូវប្រាង្គប្រាសាទមួយចំនួន លើទឹកដីអច្ឆរិយៈអង្គរ។
ទាំងអស់នេះ បានបានធ្វើឲ្យកម្ពុជា ដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រតិភូ និងក្រុមកីឡាករវាយកូនគោលលំដាប់ពិភពលោកនៃស្ថាប័ន Legends Tour គ្រប់ៗរូប រហូតមានការសន្យានឹងត្រឡប់មកកម្ពុជាវិញ នាពេលក្រោយ ដោយមិនត្រឹមមានចូលរួមប្រកួត ថែមទាំងនាំក្រុមគ្រួសារ ក៏ដូចជាណែនាំដល់មិត្តភ័ក្ដ្របងប្អូនមកលេងកម្សាន្ដនៅកម្ពុជាទៀតផង។
កីឡាករជនជាតិអាហ្វ្រិកខាងត្បូង លោក Darren Fichardt ម្ចាស់ជើងឯកពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 អមប្រាក់រង្វាន់ចំនួន ៨៨,៩២០ដុល្លារ ដែលជាពានទី២ ប្រចាំព្រឹត្តិការណ៍នេះ បានថ្លែងថា លោកពិតជាទទួលនូវអនុស្សាវរីយ៍ល្អៗជាច្រើន កំឡុងពេលស្នាក់នៅកម្ពុជា ហើយឆ្នាំក្រោយ ប្រសិនបើមានការប្រកួតទៀត ប្រាកដណាស់លោកនឹងចូលរួម រួមជាមួយក្រុមគ្រួសារផងដែរ។
ដោយឡែកកីឡាករអង់គ្លេស លោក Craig Farrelly ណែនាំកីឡាករវាយកូនគោលអន្ដរជាតិ ក៏ដូចជាពលរដ្ឋនៅអឺរ៉ុប បើចង់បានបទពិសោធន៍ថ្មី គួរមកលេងកម្ពុជា ដែលជាប្រទេសទំនើប រីកចម្រើន មានទីលានស្ដង់ដារ សណ្ឋាគារល្អ ម្ហូបអាហារឆ្ងាញ់ ជារួមគឺមិនចាញ់ប្រទេសនៅអឺរ៉ុបឡើយ។
លើសពីការប្រកួត កីឡាក៏ជាផ្នែកមួយ ក្នុងការលើកស្ទួយទេសចរណ៍ និងវប្បធម៌ផងដែរ ។ ជាក់ស្ដែងក្រោយចប់ការប្រកួតវគ្គ១ នៃជើងឯកវឌ្ឍនៈលេជេនស៍ ក្រុមហ៊ុនវឌ្ឍនៈគ្រុប បានរៀបចំដំណើរកម្សាន្ដជូនកីឡាករវាយកូនគោលអន្ដរជាតិទៅកាន់ទឹកដីអច្ឆរិយអង្គរ ហើយបានផ្ដល់នូវការភ្ញាក់ផ្អើលកាន់តែអស្ចារ្យ បន្ទាប់ពីពួកគេបានឃើញផ្ទាល់ភ្នែកនូវប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបាក់ខែងជាដើម។
ជាមួយមហាជោគជ័យនេះ បានធ្វើឲ្យអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈគ្រុប ដែលជាអ្នកអូសទាញការប្រកួតវាយកូនគោលកម្រិតពិភពលោកមកកម្ពុជា ក្រោមកិច្ចសហការជាមួយស្ថាប័ន Legends Tour មានមោទនភាព ហើយលោកក៏បានបង្ហើបពីគម្រោងបន្ដកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ដរៀបចំការប្រកួតដ៏អស្ចារ្យនេះ នាឆ្នាំក្រោយបន្ថែមទៀតផងដែរ។
តាមរយៈការខិតខំពីវិស័យឯកជននេះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ហើយបានចាត់ទុកជាការរួមចំណែកមួយដ៏សំខាន់ សម្រាប់សង្គមជាតិ ពិសេសវិស័យទេសចរណ៍តែម្ដង។
ក្រោមម្លប់នៃសន្ដិភាព កីឡារស់ក្នុងសន្ដិភាព និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅនេះ បានធ្វើឲ្យកីឡាករទាំងអស់ ចងចាំ និងបន្សល់នូវអនុស្សាវរីយ៍ជាច្រើន មុនចាកចេញពីកម្ពុជា ហើយក៏សង្ឃឹមថា នឹងត្រឡប់មកកាន់ទីនេះម្ដងទៀតផងដែរ។
គួរដឹងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនវឌ្ឍនៈគ្រុប ក្រោមកិច្ចសហការជាមួយស្ថាប័ន Legend Tour រៀបចំនូវការប្រកួតកីឡាវាយកូនគោល ២ព្រឹត្តិការណ៍ជាប់គ្នា នៅលើទីលានវឌ្ឍនៈហ្គោលរីហ្សត ទី១ គឺពានរង្វាន់ Vattanac Legends Championship 2025 ជើងឯកបានទៅលោក David Drysdale ជនជាតិស្កុតលែន អមដោយប្រាក់រង្វាន់ ៨២៥០០ដុល្លារ និងទី២ ពានរង្វាន់ Vattanac Legends Championship Legacy Edition 2025 ជើងឯកបានទៅលោក Darren Fichardt ជនជាតិអាហ្វ្រិកខាងត្បូង អមប្រាក់រង្វាន់ចំនួន ៨៨,៩២០ដុល្លារ៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
PR NEWS1 day agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន4 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន4 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ