ព័ត៌មាន
ព្រះមហាក្សត្រ ស្ដេចយាងទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានយាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងរយៈពេលមួយសប្តាហ៍ ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ។
អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងចូលរួមកម្មវិធីបណ្ឌិត្យសភាវិទ្យាសាស្រ្តនៅព្រឹកនេះ ក៏មានការអញ្ជើញចូលរួមដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា, រួមនឹងមន្រ្ដីរាជការតាមបណ្ដាក្រសួង ស្ថាប័នជាច្រើនរូបទៀត។
តាមព្រះរាជសារផ្ញើជូនដល់ជនរួមជាតិ, ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលឱ្យដឹងថា ក្នុងឱកាសដែលព្រះអង្គគង់ប្រថាប់នៅក្រៅប្រទេសនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយក្នុងព្រះបរមនាមរបស់ព្រះអង្គ ជាប្រមុខរដ្ឋស្តីទី។
សូមបញ្ជាក់ថា ក្នុងឱកាសគង់ប្រថាប់នៅទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក៏សព្វព្រះរាជហឫទ័យស្តេចយាងទតបណ្ណាគារ, យាងទតហាងលក់ DVD, យាងទតវត្តខេមរារាម, យាងទតបណ្ណាល័យឧត្តមសិក្សា និងអរិយធម៌ BULAC, យាងទតព្រះរាជដំណាក់ថ្មីនៅទីក្រុងប៉ារីស។
សូមបញ្ជាក់ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រ គឺជាសមាគមអ្នកសិក្សាមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២។ សកម្មភាពរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រភាគច្រើនទាក់ទងនឹងភូមិសាស្ត្រ និងប្រវត្តិសាស្ត្រទូទៅនៃទ្វីបអាហ្វ្រិក អាមេរិកឡាទីន អាស៊ី និងអូសេអានី។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២ ដោយលោក Paul Bourdarie ដើម្បីសិក្សាអំពីបញ្ហាជាក់លាក់នៃទឹកដីនៃបណ្តាប្រទេស និងរដ្ឋដែលធ្លាប់បានស្ថិតក្រោមអាណាព្យាបាលបារាំង។ ដើមឡើយ បណ្ឌិត្យសភាវិទ្យាសាស្ត្រមានឈ្មោះថា បណ្ឌិត្យសភាវិទ្យាសាស្ត្រអាណានិគម និងត្រូវបានប្តូរឈ្មោះជាបណ្ឌិត្យសភាវិទ្យាសាស្ត្រនៃប្រទេសឯនាយសមុទ្រក្នុងខែមិថុនា ឆ្នាំ១៩៥៧។
បណ្ឌិត្យសភាវិទ្យាសាស្ត្រ មានបាវចនា «ចំណេះដឹង ការយល់ដឹង ការគោរព សេចក្តីស្រឡាញ់»។ មានអាយុកាលជាង១០០ឆ្នាំ បណ្ឌិត្យសភាវិទ្យាសាស្ត្រនៃប្រទេសឯនាយសមុទ្រមានបណ្ណាល័យដែលតម្កល់សៀវភៅជាង៧ម៉ឺនក្បាល ធ្វើឱ្យបណ្ឌិត្យសភាវិទ្យាសាស្ត្រក្លាយជាធនធានឈានមុខគេសម្រាប់វប្បធម៌ នៃអតីតប្រទេសស្ថិតក្រោមអាណាព្យាបាលនៅឯនាយសមុទ្រ។
បណ្ឌិត្យសភាវិទ្យាសាស្ត្រក៏ផ្តល់រង្វាន់ដែលទទួលស្គាល់ដល់ការសិក្សាទាក់ទងនឹងទឹកដីប្រវត្តិសាស្ត្រ វប្បធម៌នៃបណ្តាប្រទេសឯនាយសមុទ្រផងដែរ៕











-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន