ព័ត៌មាន
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីបើកសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ ក្រោមប្រធានបទ៖«ឧត្តមភាពបច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន»
នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ ក្រោមប្រធានបទ៖ “ឧត្តមភាពបច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដៃគូទាំង១៤ អាជ្ញាធរមូលដ្ឋាន សាស្តាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញសេចក្ដីរីករាយ ចូលរួមក្នុងសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យជាតិមានជ័យ និងការចូលរួមពីសហគមន៍អ្នកស្រាវជ្រាវជាច្រើន បានធ្វើឱ្យសន្និសីទនាពេលនេះ ក្លាយជាវេទិកាដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍ ការសិក្សាស្រាវជ្រាវ កិច្ចសហការ និងការច្នៃប្រឌិត ព្រមទាំងយកឱកាសនេះដែរ វាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិមានជ័យ សាស្ត្រាចារ្យ និងសហគមន៍អ្នកស្រាវជ្រាវទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ ដោយទទួលបាននូវលទ្ធផលជាបន្តបន្ទាប់ ជាពិសេសការផ្តល់ការបណ្តុះបណ្តាល ថ្នាក់ឧត្តមសិក្សាដល់និស្សិតនៅតំបន់ជាយដែន និងការប្រមូលផ្តុំអ្នកស្រាវជ្រាវ មកដល់បច្ចុប្បន្ននេះ មាន ៣២៤ អត្ថបទផ្តោតលើបច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលជាចំនួនលើសពីការគ្រោងទុក។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជាពិសេសជូនចំពោះឯកឧត្តមអភិបាល និងអាជ្ញាធរនៃខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលឱ្យយើងទាំងអស់គ្នាអាចកសាង និងអភិវឌ្ឍប្រទេសជាតិ រួមទាំងការវិនិយោគលើវិស័យអប់រំ និងស្រាវជ្រាវនាពេលនេះ។
វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ហើយគោលដៅរបស់យើងគឺប្រែក្លាយកសិកម្មប្រពៃណី ទៅជា «កសិកម្មវៃឆ្លាត» ដែលមានផលិតភាពខ្ពស់ និងភាពម្ចាស់ការ ដែលទាមទារនូវការ៖ ពង្រីកដីដាំដុះ តាមរយៈការកែច្នៃចម្ការមីនទៅជាដីកសិកម្មប្រកបដោយសុវត្ថិភាព។បង្កើនទិន្នផល និងគុណភាព តាមរយៈការផលិតពូជស្រូវដែលផ្តល់គុណភាពខ្ពស់ និងការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាការប្រើប្រាស់គ្រឿងយន្តកសិកម្ម ការប្រើប្រាស់ Drone សម្រាប់តាមដានស្ថានភាពដី និងការអនុវត្តកសិកម្មសុក្រិត។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដល់ សាកលវិទ្យាល័យក្រចេះ ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានរៀបចំសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី១០ នាពេលខាងមុខ។ ដើម្បីធានាបាននូវភាពជោគជ័យបន្តបន្ទាប់ និងឆ្លើយតបទៅនឹងភាពចាំបាច់ក្នុងការអភិវឌ្ឍតំបន់ រួមមាន៖ ការកំណត់ប្រធានបទផ្តោតលើសក្តានុពលតំបន់, បង្កើនការចូលរួមពីតំបន់អាស៊ាន, ពង្រឹងគណៈកម្មការវិទ្យាសាស្ត្រ និងការត្រួតពិនិត្យគុណភាព, ការរៀបចំវគ្គបណ្តុះបណ្តាលមុនសន្និសីទ, ភាពជាដៃគូជាមួយវិស័យឯកជន, ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ជំរុញវប្បធម៌អេកូឡូស៊ី និងទេសចរណ៍, ការបោះពុម្ពផ្សាយជាអន្តរជាតិ។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងសហគមន៍អ្នកស្រាវជ្រាវទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រែក្លាយសន្និសីទនេះ ទៅជាកម្លាំងចលករជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងការអប់រំនៅកម្ពុជា និងជឿជាក់ថា តាមរយៈការប្រមូលផ្តុំអ្នកស្រាវជ្រាវ និងការចែករំលែកបទពិសោធក្នុងសន្និសីទនេះ យើងនឹងអាចរកឃើញដំណោះស្រាយល្អៗ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងសេដ្ឋកិច្ចសកល និងត្រូវបន្តជំរុញការបោះពុម្ពផ្សាយឯកសារសិក្សាស្រាវជ្រាវ ដើម្បីផ្សព្វផ្សាយចំណេះដឹង និងបច្ចេកទេស ទៅដល់ប្រជាពលរដ្ឋ ដើម្បីឱ្យបន្តកែលម្អជីវភាពរស់នៅរបស់ពួកគាត់ និងកាត់បន្ថយភាពក្រីក្រ៕






-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ