ព័ត៌មាន
មេបញ្ជាការសឹករងកំពង់ឆ្នាំង ព្រមានចាត់វិធានបង្ក្រាបភ្លាមៗប្រសិនរកឃើញការធ្វើបទល្មើសសម្រាស់
កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការសឹករងកំពង់ឆ្នាំងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានព្រមានចាត់វិធានការបង្រ្កាប និងចាប់ខ្លួនជនទាំងឡាយណាដែលព្យាយាមប៉ុនប៉ងប្រព្រឹត្តបទល្មើសដាក់សម្រាស់ក្នុងខេត្តនាឆ្នាំនេះ។ លោកឧត្តមសេនីយ៍ត្រីបានថ្លែងបែបនេះ ក្រោយពេលពិនិត្យឃើញដើមឈើព្រៃលិចទឹកជាច្រើនក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ត្រូវជនសង្ស័យលួចកាប់យកទៅដាក់បទល្មើសសម្រាស់។
លោកឧត្តមសេនីយ៍ត្រីបន្តថា៖ ដោយគោរពតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម ម៉ៅ សុផាន់ អគ្គមេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អោយបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទនៅក្នុងដែនទឹកខេត្តកំពង់ឆ្នាំង ជាពិសេសគឺបទល្មើសសម្រាស់នេះតែម្តង។ បទល្មើសដាក់សម្រាស់ ជាបទល្មើសមួយដែលបានបំផ្លាញធនធានធម្មជាតិ(ព្រៃលិចទឹក)យ៉ាងស្ងាត់បំផុត និងធ្វើអោយទន្លេ បឹង ព្រែកគោករាក់ ផ្លាស់ចរន្តទឹកហូរ បំណាក់ដី បាត់បង់ទីជំរកត្រីពងកូន និងគ្មានរបាំងការពារខ្យល់កន្ត្រាក់ជាដើម។ ក្នុងពេលចុះពិនិត្យនេះ លោកមេបញ្ជាការបានរកឃើញ ដើមឈើព្រៃលិចទឹកជាច្រើនដើមនៅក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែងដែលជាឃុំមានបទល្មើសកាប់ព្រៃលិចទឹកធ្វើសម្រាស់ច្រើនជាងគេ, មាននៅភូមិកោះកែវ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ, និងមួយចំនួននៅក្នុងស្រុកជលគីរី និងក្រុងកំពង់ឆ្នាំង។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានព្រមានចាត់វិធានការក្តៅ ប្រសិនបើកម្លាំងកងទ័ពពើបប្រទះឃើញជនសង្ស័យកំពុងប្រព្រឹត្តបទល្មើសនេះ គឺត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ ឧបករណ៍ទូកកាណូតត្រូវរឹបអូសផងដែរ។ លោកបានអំពាវនាវអោយអាជ្ញាធរភូមិឃុំស្រុក និងអង្គភាពពាក់ព័ន្ធជួយចូលរួមទប់ស្កាត់ជាមួយកម្លាំងខណ្ឌរដ្ឋបាលជលផល ដើម្បីទប់ស្កាត់នូវបទល្មើសដាក់សម្រាស់នេះ។
ប្រជានេសាទលក្ខណៈគ្រួសារ បានអោយដឹងថា៖ បានជាជនសង្ស័យនៅតែមានការកាប់បំផ្លាញព្រៃលិចទឹកក្នុងឆ្នាំនេះ ដើម្បីយកទៅដាក់បទល្មើសសម្រាស់ទៀត មកពីជនសង្ស័យទាំងនោះមិនបានខ្លាចរអានឹងច្បាប់។ ពួកគេគិតថា អ្នកអនុវត្តច្បាប់ មិនបានអនុវត្តតាមអ្វីដែលច្បាប់បានចែងអោយម៉ឺងម៉ាត់នោះឡើយ។ ប្រជានេសាទបានសំណូមពរដល់ថ្នាក់ដឹកនាំ និងប្រធានមន្ទីរកសិកម្មកំពង់ឆ្នាំង ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រួមនិងមេបញ្ជាការសឹករងកំពង់ឆ្នាំង កុំអោយបង្ធូរដៃជាមួយជនសង្ស័យអោយសោះ ព្រោះថារាល់ថ្ងៃពួកគាត់ឃើញជនសង្សួមួយចំនួនក្នុងឃុំប្រឡាយមាស បានកាប់ព្រៃឈើលិចទឹកដឹកទាំងថ្ងៃត្រង់ គ្មានអ្នកណារំខានឡើយ៕ កាំង ហុងវាស្នា



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន