ព័ត៌មាន
អភិបាលខេត្តព្រះវិហារ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង ៤បន្ទប់ ជាអំណោយរបស់ក្រុមហ៊ុនម៉ាឃីតត្រាស់ នៅសាលាបឋមសិក្សាប្រាសាទខ្នា ស្រុកសង្គមថ្មី
នៅព្រឹកថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ១ខ្នង ៤បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាប្រាសាទខ្នារ ស្ថិតក្នុងភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ជាអំណោយរបស់ក្រុមហ៊ុនម៉ាឃីតត្រាស់ (Market Trust Co., Ltd) តាមរយៈអង្គការជប៉ុនសាងសង់សាលារៀនឲ្យកុមារ (JHP)។ អគារសិក្សាថ្មីនេះបានចាប់ផ្ដើមការសាងសង់ពីថ្ងៃទី០៧ ខែកក្កដា និងរួចរាល់ជាស្ថាពរនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលចំណាយថវិកាប្រមាណជាង ៦ម៉ឺនដុល្លាអាមេរិច។
លោក ជូនអ៉ិជិ ខាវ៉ាមារ៉ូ តំណាងលោក ខាណុ យូតាកា ប្រធានក្រុមហ៊ុនម៉ាឃីតត្រាស់ បានថ្លែងថា ដោយបានសង្កេតឃើញស្ថានភាពសាលាមានសភាពចាស់ទ្រុឌទ្រោម និងការខ្វះខាត បានជំរុញឱ្យលោកសម្រេចចិត្តគៀងគរសប្បុរសជន និងថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់អគារសិក្សាថ្មីនេះឡើង ដើម្បីឱ្យក្មួយៗសិស្សានុសិស្ស រៀនសូត្រប្រកបដោយផាសុកភាព សុវត្ថិភាព ដោយមិនបារម្ភពីបញ្ហាត្រូវទទឹកភ្លៀង ឬកម្ដៅថ្ងៃទៀតឡើយ។ ជាមួយនេះលោកក៏បានផ្តាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីយកចំណេះជំនាញ មកអភិវឌ្ឍប្រទេសជាតិរបស់យើងទៅថ្ងៃអនាគត។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្តែងនូវការ អបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលទទួលបានសមិទ្ធផលថ្មីនេះ ជាមួយនឹងការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុនម៉ាឃីតត្រាស់ និងសប្បុរសជននានា ដែលបានលះបង់ធនធានផ្ទាល់ខ្លួនជួយសាងសង់អគារ សាលាបឋមសិក្សានេះ ក៏ដូចជាការងារមនុស្សធម៌ជាច្រើនទៀតនៅតាមតំបន់ផ្សេងៗ។ ឯកឧត្តមបានបញ្ជាក់ថាកាយវិការដ៏ប្រពៃនេះ គឺជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះអនាគតកុមារជំនាន់ក្រោយ ដែលនឹងក្លាយជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះ អាជ្ញាធរស្រុកសង្គមថ្មី ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការគៀងគរ និងទាក់ទាញសប្បុរសជន ឱ្យចូលរួមចំណែកជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនេះឯកឧត្តមក៏បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកសង្គមថ្មី លោកគ្រូ អ្នកគ្រូ ត្រូវថែទាំ និងសម្អាតបរិវេណសាលាទាំងក្នុង និងក្រៅ ពិនិត្យមើលបង្គន់អនាម័យ នឹងរួមគ្នាដាំដើមឈើដើម្បីទទួលបានបរិស្ថានបៃតងនៅក្នុងសាលា។















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន