ព័ត៌មាន
កម្ពុជាអរគុណអាល្លឺម៉ង់បន្តធ្វើជាដៃគូយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះដែលបន្សល់ទុកដោយសង្រ្គាមអស់ជាច្រើនទសវត្សរ៍
ហ្សឺណែវ, ស្វីស៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំទ្វេភាគីជាមួយ លោក Stefan Delfs នាយកទទួលបន្ទុកផ្នែកសកម្មភាពមីនមនុស្សធម៌ នៃក្រសួងការបរទេសអាឡឺម៉ង់ ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
ក្នុងជំនួបនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ ជាមួយគ្នានោះ ប្រទេសអាល្លឺម៉ង់ បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់ដំណើរការដឹកនាំអនុសញ្ញាអូតាវ៉ាក្នុងភាពជាប្រធានរបស់កម្ពុជា រយៈពេល ១ឆ្នាំ រហូតទទួលបានជោគជ័យ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា វឌ្ឍនភាពនៃសកម្មភាពមីនបច្ចុប្បន្ននៅកម្ពុជា បានមកពីការរួមចំណែកពីរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានធ្វើឱ្យជីវិភាពរស់នៅរបស់ប្រជាជន និងសហគមន៍ មានការរីកចំរើនជាងមុន។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម លី ធុជ បានលើកឡើងអំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលលំបាករបស់ប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃការភៀសខ្លួនគេចចេញពីការវាយប្រហាររបស់យោធាថៃ ទៅកាន់ទីមានសុវត្ថិភាព ក៏ដូចជាការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ឯកឧត្ដម បញ្ជាក់ទៀតថា ទោះជាស្ថានការណ៍បានធូរស្រាល ការភ័យក្លាយរបស់ប្រជាជននៅតែបន្តមាន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅពាសពេញដី និងស្រែចម្ការ ពិសេសគ្រាប់បែកចង្កោម ដែលជាក់ស្តែង ថ្មីៗនេះ មានប្រជាជនវ័យក្មេងកម្ពុជាម្នាក់ទទួលរងគ្រោះបាត់បង់ជីវិត ដោយសារគ្រាប់ចង្កោមដែលបន្សល់ទុកដោយការវាយប្រហារនេះ។
ជាមួយគ្នានោះ ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ដែលបន្តឈរជាមួយកម្ពុជា និងធ្វើជាដៃគូយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលបន្សល់ទុកដោយសង្រ្គាមអស់ជាច្រើនទសវត្សរ៍ ព្រមទាំងស្នើសុំឱ្យប្រទេសអាល្លឺម៉ង់បន្តគាំទ្រការដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ រហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅ កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន