ព័ត៌មាន
អាជ្ញាធរ និងកងកម្លាំងចម្រុះ វាយកំទេច ឡធ្យូងខុសច្បាប់ ៥កន្លែង នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ
ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងការដឹកនាំ ណែនាំដោយផ្ទាល់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ស្ដីពីវិធានការម៉ឺងម៉ាត់ ក្នុងការការពារធនធានធម្មជាតិ, នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោកទី ថាវី អភិបាលរងស្រុកសណ្តាន់ បានដឹកនាំកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី និងកងកម្លាំងចម្រុះ ដែលមានមន្ត្រីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ ទៅវាយកំទេច ៥ឡធ្យូងខុសច្បាប់ នៅឃុំមានរិទ្ធ និងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា សកម្មភាពលួចកាប់បំផ្លាញព្រៃឈើ ដើម្បីយកមកដុតធ្វើធ្យូងធ្វើអាជីវកម្មនៅតែមានកើតឡើង នៅតំបន់មួយចំនួនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ បើទោះបីកន្លងមកសមត្ថកិច្ចជំនាញ និងកងកម្លាំងចម្រុះការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានធ្វើការណែនាំ និងមានកិច្ចសន្យារួចហើយក្តី តែក្រុមជនល្មើសមួយចំនួននៅតែបំពានធ្វើសកម្មភាពដោយខុសច្បាប់។ ជាក់ស្ដែងនៅព្រឹកនេះ កងកម្លាំងចម្រុះ បានវាយបំផ្លាញចោលឡដុតធ្យូងខុសច្បាប់ចំនួនពីរទីតាំង ដែលមានចំនួន ៥ឡធ្យូង ស្ថិតនៅក្នុងឃុំមានរិទ្ធ និងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ដែលក្រុមជនល្មើសបានលួចកាប់ឈើចម្រុះ ដើម្បីដុតធ្វើធ្យូង ក្នុងការធ្វើអាជីវកម្មខុសច្បាប់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ភារកិច្ចជូនអាជ្ញាធរដែនដីស្រុកសណ្ដាន់ និងមន្ត្រីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ ត្រូវរួមគ្នាជាមួយកងកម្លាំងចម្រុះការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ត្រូវបន្តធ្វើសកម្មភាពអប់រំ នឹងវាយកំទេចឡដុតធ្យូងខុសច្បាប់ ដែលនៅមានសេសសល់ឱ្យអស់ ដើម្បីកុំឱ្យពួកគាត់លួចកាប់ឈើមកដុតធ្វើធ្យូងលក់ជាអាជីវកម្មបន្តទៅទៀតបានជាដាច់ខាត។ ជាមួយនោះដែរ ត្រូវរួមគ្នាជាមួយប្រជាពលរដ្ឋ ក្នុងការថែរក្សាព្រៃឈើ ដែលជាធនធានធម្មជាតិ ឱ្យនៅគង់វង្ស ដើម្បីសង្គមជាតិយើងទាំងអស់គ្នា៕








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន