Connect with us

ព័ត៌មាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ អ្នកស្ម័គ្រចិត្តគ្រប់រូបបានរួមកម្លាំង​សាមគ្គីភាព​គ្នា​ក្នុង​បុព្វហេតុ​ការពារ​សន្តិភាព ​និងជួយជនរងគ្រោះ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបង្ហាញ​ការ​កោត​សរសើរ និងអបអរសាទរ ក្នុងឱកាសទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៥ ក្រោម​មូល​បទ​ «ពង្រឹងសមត្ថភាព និងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍» ខណៈសម្ដេច​បាន​ចាត់​ទុក​អ្នក​ស្ម័គ្រចិត្តគ្រប់រូបបានបំផុសចលនាកម្លាំងសាមគ្គីភាពដ៏រឹងមាំតាមគ្រប់រូបភាព ក្នុងបុព្វ​ហេតុ​ការពារ​សន្តិភាព និងជួយដល់ជនងាយរងគ្រោះ និងរងគ្រោះនានានៅទូទាំងពិភពលោក។

តាមរយៈសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោម​ម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរ​រាជ​មាតា​ជាតិ​ខ្មែរ ជាព្រះប្រធានកិត្តិយស និងក្នុងនាមសម្ដេច​ផ្ទាល់​បាន​បង្ហាញ​ក្តី​សោមនស្ស​រីករាយ​ចូល​រួម​ជាមួយអង្គការសហប្រជាជាតិ និងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហមក្នុងឱកាសការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២៥នេះ ក្រោម​មូល​បទ សកល “នៅតាមមូលដ្ឋាន, គ្រប់ទីកន្លែង-Local, Everywhere” ដែលបង្ហាញ​ពី​បណ្តាញ​អ្នក​ស្ម័គ្រចិ​ត្តរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម​ដែល​មាន​វត្តមាន​ធ្វើ​ប្រតិបត្តិការ​នៅ​តាមសហគមន៍ មូលដ្ឋានគ្រប់ទីកន្លែងទូទាំងពិភពលោក។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ជារៀង​រាល់​ឆ្នាំ ​គឺជាឱកាស ដ៏សំខាន់មួយនៃការប្រាព្ធ ពិធីថ្លែងនូវការកោតសរសើរ និងកតញ្ញូតា​ធម៌​ចំពោះ​កម្លាំង​ស្ម័គ្រ​ចិត្តនៅជុំវិញពិភព ដែលកំពុងមមាញឹកក្នុងការលះបង់កម្លាំងកាយ ចិត្ត ពេលវេលា​ដ៏​មាន​តម្លៃ ​ចូលរួមខិតខំប្រឹងប្រែងក្នុង ប្រតិបត្តិការ​មនុស្ស​ធម៌​ជួយ​ដល់​អ្នក​រង​គ្រោះទាំ​ង​ឡាយ​ដោយ​សារ​តែការកើតមានសង្គ្រាម, ជម្លោះប្រដាប់ អាវុធ, អំពើហិង្សា, គ្រោះមហន្តរាយធម្មជាតិ, ជំងឺឆ្លង/​មិនឆ្លងនានា រួមជាមួយការបង្ហាញពីកម្លាំងពិត និង សកម្មភាព​ពិត​នៅ​តាម​មូល​ដ្ឋាន​របស់​អ្នក​ស្ម័គ្រ​ចិត្ត​យើងគ្រប់ៗរូប។

ជាមួយនឹងការ​ប្រារព្ធរបស់សកលលោក កាកបាទក្រហមកម្ពុជាដែលមានកម្លាំងអ្នកស្ម័គ្រចិត្ត ជាង​៥​ម៉ឺននាក់ទូទាំងប្រទេស បានសម្រេចប្រារព្ធទិវាពិភពលោកនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ក្រោម​មូល​បទ​ «ពង្រឹងសមត្ថភាព និងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍» ដែលសម​ស្រប​ទៅ​នឹង​បរិការណ៍​ដែល​រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​គ្រប់​ឧបសគ្គ​ក្នុង​ការ​សម្រេច​បាន​យុទ្ធសាស្ត្របញ្ចកោណ និងគោលដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​ប្រកប​ដោយ​ចី​រភា​ព​ឆ្នាំ​២០៣០​ ហើយជាពិសេសទៅទៀតនោះ នៅក្នុង ឆ្នាំ២០២៥នេះ គឺការរួមកម្លាំង​សាមគ្គី​ភាព​ជា​ធ្លុង​មួយ​នៅក្នុងប្រទេស ដើម្បីរក្សាសុខសន្តិភាព ស្ថេរភាព ប្រក្រតីភាពនៃជីវភាពរស់នៅ ការ​អត់​ធ្មត់ ព្យាយាមក្នុងការដោះស្រាយបញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ ដោយ សន្តិវិធី និង​តាម​ច្បាប់​អន្តរជាតិ​ជា​ធរមាន។

ក្នុងនាមជាជំនួយការជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​សម្តែង​នូវ​ការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបង-ប្អូនជន​រួម​ជាតិ​គ្រប់​មជ្ឈ​ដ្ឋាន​ក្នុង និងក្រៅប្រទេសមានទាំងបព្វជិត ទាំងគ្រហស្ត និងអង្គការ​ជាតិ​/អន្តរជាតិ​ជា​ច្រើន​ដែល​បាន​នាំ​គ្នាបំផុសចលនា ស្ម័គ្រចិត្ត រួមកម្លាំងសាមគ្គីភាព​ដ៏រឹងមាំតា​ម​គ្រប់​រូប​ភាព​តាម​ទេព្យ​កោសល្យ និងជំនាញរៀងៗខ្លួនក្នុង បុព្វហេតុការពារសន្តិភាព និងបូរណភាព​ទឹកដី​ប្រក​ប​ដោយ​សេច​ក្តី​ថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ ជួយ សម្រាលការលំបាករបស់គ្រួសារយុទ្ធជនរបួស ពលី បង-ប្អូនភៀសសឹក ដែលជារួមមានចាស់ជរា អ្នកមាន ពិការភាព ស្ត្រី កុមារ យុវជន សិស្សានុ​សិស្ស​។ល។ ស័ក្តិសមជាពលរដ្ឋនៃប្រទេសមួយមានអរិយធម៌ ខ្ពង់ខ្ពស់ វប្បធម៌ចំណាស់ និង​មាន​សីលធម៌ល្អប្រពៃជាទីបំផុត និងជាសក្ខីកម្មបង្ហាញយ៉ាងច្បាស់ថាកម្លាំង ស្ម័គ្រចិត្ត និងកម្លាំង​សាមគ្គី​ភាព​ផ្ទៃក្នុងគឺជាកត្តាកំណត់បាននូវសក្តានុពលរបស់ប្រទេស និងជាកត្តានាំមកនូវ ជ័យ​ជម្នះ ដូចពាក្យចាស់លោកពោលថា ចង្កឹះមួយបាច់គេកាច់ពុំបាក់ឡើយ។

នៅចំពោះ​មុខសភាពការណ៍ខាងលើនេះ រួមជាមួយបទពិសោធន៍ជាក់ស្តែងនៅក្នុងប្រតិបត្តិការ មនុស្ស​ធម៌ជួយដល់គ្រួសារភៀសសឹក និងស្របទៅ​តាម​លទ្ធផល​នៃ​ការ​ពិនិ​ត្យ​ពាក់​កណ្តាល​ទីនៃការ​អនុវត្ត យុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានបាវចនា “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល” សម្តេចកិត្តិព្រឹទ្ធបណ្ឌិត យល់ឃើញថា កាកបាទក្រហមកម្ពុជា ចាំបាច់ត្រូវតែបង្កើនទ្វេដងនូវសកម្មភាពចម្រុះវិស័យដែល ពង្រឹង​ភាព​ធន់​សហគមន៍​ ដែលក្នុងនោះ សាខា-អនុសាខានីមួយៗ ត្រូវតែយក ចិត្តទុកដាក់ក្នុងកា​រក​សាង​សមត្ថភាព​ជំនាញ​ដល់មន្ត្រីសាខា-អនុសាខា ជាពិសេសអ្នកស្ម័គ្រចិត្ត ដែលជា ប្រតិបត្តិករនៅ​តាម​សហគមន៍ និងយុវជនកាកបាទក្រហមកម្ពុជាដែលជាប្រតិបត្តករនៅតាមគ្រឹះស្ថានសិក្សា នូវ​ជំនាញ​សំខាន់ៗមានដូចជា៖ វិជ្ជាសង្គ្រោះបឋម, ការត្រៀមបង្ការ និង​ការ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​, ការអប់រំ ថែទាំសុខភាពតាមសហគមន៍, គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌, ការ​ការ​ពារ​បដិរូប, ការបង្ការទប់ស្កាត់ គ្រោះថ្នាក់មីន-គ្រាប់បែកចង្កោម, ការធ្វើយុទ្ធនាការអនាម័យ-បរិស្ថាន​ស្អាត, ការចូលរួមទប់ស្កាត់ គ្រឿងញៀន អំពើហិង្សា ដោយមានផែនការច្បាស់លាស់មួយ និង​មាន​កញ្ចប់ថវិកាសម្រាប់ចុះធ្វើសកម្មភាព ដូចភ្លៀងរលឹម នៅតាមមូលដ្ឋាន និងគ្រឹះស្ថាន​សិក្សា​របស់ខ្លួន នោះទើបការអនុវត្តនូវទិសស្លោក “កាកបាទ ក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់​គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” មានប្រសិទ្ធភាព និង រួមចំណែកបង្ហាញពី កម្លាំង​នៅ​មូល​ដ្ឋាន មាននៅគ្រប់ទីកន្លែង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia