ព័ត៌មាន
រដ្ឋមន្រ្តីអប់រំ ផ្តល់អនុសាសន៍មន្ត្រីថ្នាក់ក្រោម រៀបចំផែនការសកម្មភាព ពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ជូននូវអនុសាសន៍មួយចំនួនដល់មន្ត្រីថ្នាក់ក្រោម ត្រូវរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡា និងបន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន កីឡាសិស្ស និងកីឡានិស្សិតឱ្យស្របតាមបរិបទតំបន់ ព្រមទាំងសិក្សា តាមដានអំពីប្រភេទកីឡាដែលមានសក្តានុពលពីបណ្តាប្រទេសអាស៊ាន ដោយផ្តល់អាទិភាពទៅលើប្រភេទ និងវិញ្ញាសាកីឡាទាំងនោះ ជំរុញក្នុងការបំពាក់សម្ភារហ្វឹកហាត់គ្រប់ប្រភេទ និងវិញ្ញាសាកីឡាអាទិភាព ។ បន្តផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិដែលមានសក្តានុពល និងសកម្ម ហើយបំផុស និងលើកកម្ពស់សកម្មភាពកីឡាប្រពៃណី តាមរយៈការបញ្ចូលក្នុងការប្រកួតកីឡាជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ក្នុងពិធីបិទ“សិក្ខាសាលាបូកសរុបលទ្ធផល វាយតម្លៃ និងរៀបចំរបាយការណ៍អនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នៅភោជនីយដ្ឋាន ទន្លេបាសាក់II ដែលមានរយៈពេល ២ ចាប់ពីថ្ងៃទី២ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៥ ។

រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនជាងមុន គួរឲ្យកត់សម្គាល់ ដោយសង្កេតឃើញថាថ្មីៗនេះ មានប្រភេទកីឡាមួយចំនួនទទួលមេដាយលក្ខណៈអន្តរជាតិ និងកីឡាមួយចំនួនមានការចាប់អារម្មណ៍ ការចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន ហើយលទ្ធផល នៃការប្រកួតជាលក្ខណៈអន្តរជាតិ ក៏មានការប្រែប្រួលជាវិជ្ជមានទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
ជាមួយនេះដែរ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានឲ្យដឹងថា ផ្អែកតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកីឡា បានរៀបចំសិក្ខាសាលារយៈពេល ២ថ្ងៃនេះក្នុងគោលបំណងបូកសរុបសមិទ្ធផល ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារក្នុងអនុវិស័យអប់រំកាយ និងកីឡាក្នុងឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦។

អង្គសិក្ខាសាលានេះគឺជាវេទិការពិភាក្សា និងវិភាគបញ្ហាគន្លឹះលើប្រធានបទធំៗ២ គឺ ការលើកកម្ពស់សកម្មភាពអប់រំកាយនិងកីឡា ដើម្បីរួមចំណែកបង្កើនគុណភាពអប់រំ និងសុខភាពសាធារណៈ និងការលើកកម្ពស់ការហាត់ហ្វឹកហ្វឺនកីឡាករជម្រើសជាតិ និងថ្នាល ដើម្បីឧត្តមភាពគុណផលកីឡា ព្រមជាមួយការចែករំលែកបទពិសោធល្អៗអំពីការលើកកម្ពស់អប់រំកាយក្នុងម៉ោងសិក្សា និងកីឡាក្រៅម៉ោងសិក្សា ដោយមានការចូលរួមពីអង្គភាពជំនាញ និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ១៦០ នាក់ ដែលនឹងចូលរួមមតិយោបល់ កែលម្អ និងដកស្រង់បទពិសោធល្អៗពីគ្នាទៅវិញទៅមក ដើម្បីជាឧត្តមប្រយោជន៍ក្នុងការអនុវត្តការងារឆ្នាំនាឆ្នាំ២០២៦៕









-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ