ព័ត៌មាន
គ្រូព្រះខ័នរាជ នៅតែមានមោទនភាពលើកូនក្រុម ទោះភ្លាត់ចុងម៉ោង ខណៈគ្រូ Johor បានត្រឹមសោកស្ដាយ
ការចែកគ្នា ១ពិន្ទុម្នាក់ ក្នុងជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង ទល់ក្រុមខ្លាំង Johor Darul Ta’zim FC របស់ម៉ាឡេស៊ី បានបន្សល់នូវរឿងសោកស្ដាយសម្រាប់ក្រុមទាំងពីរ ក៏ដូចជាអ្នកគាំទ្រ តែយ៉ាងណាគ្រូបង្វឹកក្រុមតំណាងកម្ពុជា លោក Matthew Mcconkey នៅតែមានមោទនភាពភាពលើកូនក្រុម ទោះបីភ្លាត់ស្មើចុងម៉ោង ២-២ ក្នុងជំនួបជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup 2025/26 ពូលB កាលពីរាត្រីថ្ងៃព្រហស្បត្តិកន្លងទៅ។
ជំនួបដ៏ជក់ចិត្ត នៅពហុកីឡដ្ឋានជាតិមរតកតេជោ នេះ វគ្គទី២ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខក្រុមភ្ញៀវ ២គ្រាប់មុន ដែលរកបានដោយកីឡាករ Cristian Dos Santos នៅនាទី៣០ និង ញាណ សុស៊ីដាន នៅនាទី៣៨ ។ បន្ទាប់មកក្រុមទាំងពីរ បានសម្រុកគ្នាកាន់តែខ្លាំង ពិសេសព្រះខ័នរាជស្វាយរៀង ដែលនៅតែបន្ដដាក់សម្ពាធ និងឱកាសជាច្រើន តែមិនអាចរកគ្រាប់បាល់បន្ថែម រហូតដល់ចុងម៉ោង ក្រុម Johor Darul Ta’zim FC ដែលព្យាយាមវាយសម្រុកយ៉ាងខ្លាំង ក៏វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ Lowry នៅនាទី៩០+២ និងកីឡាករ La’Vere Corbin-Ong នៅនាទី៩០+៦។
លទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានការសោកស្ដាយ ដ្បិតឱកាសទទួលបាន ៣ពិន្ទុសម្រាប់ព្រះខ័នរាជស្វាយរៀង ត្រូវបានរបូតសល់ត្រឹម ១ពិន្ទុវិញ តែលោក Xisco Munoz គ្រូបង្វឹកក្រុម Johor Darul Ta’zim FC ក៏មិនពេញចិត្តលទ្ធផលស្មើគ្នានេះដែរ។
លោក Matthew Mcconkey បានលើកឡើងថា លោកពិតជាមានមោទនភាពចំពោះកូនក្រុម ពិសេសការធ្វើបានល្អរយៈពេល ៨០នាទីដំបូង ទោះបីការចាប់ផ្ដើមរាងភ័យបន្ដិចក្ដី។ ជារួមលោកពេញចិត្តការខំប្រឹងរបស់កីឡាករម្នាក់ៗ ហើយថ្ងៃអនាគតក្រុមដែលត្រូវជួបព្រះខ័នរាជស្វាយរៀង នឹងគិតថា ត្រូវជួបក្រុមខ្លាំងផងដែរ។
ចំណែកលោក Xisco Munoz វិញ បានស្ងើចសរសើរក្រុមព្រះខ័នរាជស្វាយរៀង គឺជាក្រុមមួយដ៏ល្អទាំងព្រម ទាំងគុណភាពកីឡាករ កម្លាំង បច្ចេកទេស និងទម្រង់លេង ។ ក្រោយការប្រកួតលោកមិនពេញចិត្តការលេងរបស់កូនក្រុមនោះទេ ពិសេសនៅវគ្គទី១ ទោះបីលោកបានកែប្រែយុទ្ធសាស្ដ្រខ្លះ រហូតអាចស្រោចស្រង់ស្ថានការណ៍បានវាយបកស្មើក្រុមម្ចាស់ផ្ទះយ៉ាងណាក៏ដោយ។ យ៉ាងណាលោកថា ក្រុមខ្លួននៅតែមានភាគរយខ្ពស់ ក្នុងដំណើរទៅវគ្គបន្ដ។
គួរដឹងថា Johor Darul Ta’zim FC ត្រូវបានចាត់ទុកជាក្លិបយក្សមួយក្នុងតំបន់អាស៊ាន ហើយក៏ជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីផងដែរ ។ បច្ចុប្បន្នក្រុមជើងឯកលីគកំពូលម៉ាឡេស៊ីនេះកំពុងលេងពានជាច្រើន ពិសេសពានកម្រិតទី១ ទ្វីបអាស៊ី AFC Champions League Elite 2025/26 ។ តាមរយៈការនាំមុខ រហូតស្ទើរទទួលបានជ័យជម្នះនេះដែរ បានធ្វើឲ្យអ្នកគាំទ្រហាក់មានសេចក្ដីរីករាយ ជាមួយក្លិបព្រះខ័នរាជស្វាយរៀង ដែលបានបង្ហាញនូវកម្រិតលេងខ្ពស់ទល់ក្រុមខ្លាំងប្រជុំដោយកីឡាករល្អៗបែបនេះ។
ក្រោយបញ្ចប់ការប្រកួតនេះដែរ ក្លិប Johor Darul Ta’zim FCនៅតែបន្ដឈរកំពូលតារាង ដោយរកបាន ៧ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ ២ និងស្មើ ១ គ្រាដែលព្រះខ័នរាជស្វាយរៀង បានធ្លាក់ទៅឈរលេខ៣ រកបាន ៤ពិន្ទុ ។ ចំណែកក្រុម Nam Dinh របស់វៀតណាម បានឡើងមកឈរលេខ២ រកបាន ៦ពិន្ទុ ក្រោយរកបានជ័យជម្នះលើកទី២ លើក្រុមម្ចាស់ផ្ទះ Shan United ៣-០ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ លី ឈុនឡា












-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន