ព័ត៌មាន
ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីត្រូវសកម្មជាងមុន ដើម្បីគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីត្រូវសកម្មជាងមុនដើម្បីគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន។
ការជំរុញខាងលើនេះ ក្នុងឱកាស ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តមណ្ឌលគិរី។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, នាយប៉ុស្តិ៍, និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំ សាលាខេត្តមណ្ឌលគិរី។
ក្នុងឱកាសនេះ ឯកឧត្តម ថង សាវុន ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ព្រមទាំងបានតែងតាំងអនុប្រធានចំនួន ១២រូប និងសមាជិក-សមាជិកាចំនួន ២៧រូបទៀត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោប្រធានសមាគម ព្រមទាំងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ដែលបានផ្តល់នូវសេចក្តីទុកចិត្ត និងជឿជាក់យ៉ាងមុតមាំប្រគល់តួនាទី និងភារកិច្ច ដ៏មានសារៈសំខាន់នេះ ដើម្បីដឹកនាំ គ្រប់គ្រង គាំពារ និងគាំទ្របងប្អូនជាអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិសាស្ត្រខេត្ត ចាប់ពីពេលនេះតទៅ។
ឯកឧត្តម គន់ គីម គូសបញ្ជាក់ថា គោលបំណងចំបងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម មានចក្ខុវិស័យវែងឆ្ងាយគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាកឱ្យទទួលបានអត្ថប្រយោជន៍ ដោយសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកតស៊ូ ពលី និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា និងជាកម្លាំងសាមគ្គីមួយដ៏រឹងមាំដែលបានរួមចំណែកការពារជាតិ ស្ថាបនាជាតិ និងអភិវឌ្ឍន៍ជាតិមកទល់ពេលបច្ចុប្បន្ន។
នាឱកាសនេះ ឯកឧត្តម គន់ គីម បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីត្រូវសកម្មជាងមុន ដើម្បីគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន ជាពិសេសត្រូវចុះពិនិត្យជាក់ស្តែងចំពោះអតីតយុទ្ធជន និងនិវត្តជនណាដែលមានជីវភាពខ្វះខាត ដើម្បីឱ្យពួកគាត់ទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច។
ជាមួយគ្នានេះ ឯកឧត្តម គន់ គីម បានណែនាំដល់គណៈកម្មាធិការសមាគមខេត្ត ត្រូវចុះពិនិត្យពីស្ថានភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារឱ្យបានជាប់ជាប្រចាំ ពិសេសត្រូវសម្របសម្រួល និងដោះស្រាយរាល់តម្រូវការនានា ដូចជា កិច្ចការគាំទ្រលើសេវាសុខុមាលភាពតាមរយៈប័ណ្ណ ប.ស.ស ជាដើម។
ជាចុងបញ្ចប់ ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតពីរាជរដ្ឋាភិបាល៕









-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ