ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំ៖ ការអប់រំគឺជាក្បាលម៉ាស៊ីននៃឱកាស និងការផ្លាស់ប្តូរ ខណៈកម្ពុជាកំពុងពង្រឹងសមត្ថភាពសិស្ស ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស
ហ្វីលីពីន៖ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចែករំលែកការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពដល់សិស្សគ្រប់រូប ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈការអប់រំគឺជាក្បាលម៉ាស៊ីននៃឱកាស និងការផ្លាស់ប្តូរនេះ។
ឯកឧត្តម អ៊ុង បូរាត បានថ្លែងបែបនេះ ក្នុងឱកាសបានដឹកនាំគណៈប្រតិភូអប់រំកម្ពុជាចូលរួមវេទិកាអន្តរជាតិលើកទី១១ ស្តីពីការអប់រំនិងជំនាញ ដែលរៀបចំដោយធនាគាអភិវឌ្ឍន៍អាស៊ី នៅទីស្នាក់ការកណ្ដាល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។
នៅក្នុងវេទិកានេះ ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមជាវាគ្មិន ក្នុងកិច្ចសន្ទនាកម្រិតរដ្ឋមន្រ្តីអប់រំ ដោយបានលើកឡើងនូវទស្សនៈមួយចំនួនពាក់ព័ន្ធនឹងការពង្រឹងមូលដ្ឋានគ្រឹះនៃការរៀនសូត្រលើបំណិនអំណាន និងគណិតវិទ្យា, ការលើកកម្ពស់ភាពជាអ្នកដឹកនាំសាលារៀន, ការធ្វើទំនើបកម្មកម្មវិធីសិក្សា, និងការកសាងប្រព័ន្ធអេកូឡូស៊ីអប់រំ និងជំនាញ។ ឯកឧត្តមបានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗ សម្រាប់ការបង្កើនគុណភាពនៃការអប់រំ និងជំនាញ ដើម្បីលើកកម្ពស់ និងរក្សាកំណើនសេដ្ឋកិច្ច ដែលរួមមាន៖ ការកសាងជំនាញមូលដ្ឋាន, ការតម្រង់ទិសសិស្សសម្រាប់ការងារនាពេលអនាគត និងការផ្សារភ្ជាប់ការអប់រំទៅនឹងបរិវត្តកម្មសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋលេខាធិការ រួមជាមួយតំណាងមកពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ (Skill Development Fund) បានជួបសម្តែងការគួរសម និងពិភាក្សាដោយឡែកជាមួយ លោកស្រី Rachel Thompson នាយកប្រតិបត្តិនៃធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំស្នាក់ការកណ្ដាល និងលោកស្រី Jasmine Siddiqi នាយិកាធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនេះ ការពិភាក្សាបានធ្វើឡើងពាក់ព័ន្ធនឹងការពង្រឹងមូលធនមនុស្ស និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា ដោយផ្តោតលើការប្រែក្លាយឯកសារយុទ្ធសាស្រ្តស្តីពីភាពជាដៃគូរវាងកម្ពុជានិងធនាគារអភិវឌ្ឍន៍អាស៊ី (Country Partnership Strategy) ដែលបានអនុម័តនៅឆ្នាំ ២០២៤ ទៅជាការអនុវត្តប្រកបដោយប្រសិទ្ធភាព និងលទ្ធផល តាមរយៈការដោះស្រាយកង្វះខាតជំនាញ ដោយផ្តោតលើ (i) ជំនាញបច្ចេកទេស និងចំណេះដឹងដែលកម្លាំងពលកម្មត្រូវការ ដើម្បីអាចធ្វើឱ្យមានការផ្លាស់ប្តូរឧស្សាហកម្មប្រកបដោយនិរន្តរភាព និងគិតគូរពីបរិស្ថាន; (ii) ពង្រឹងប្រព័ន្ធអេកូសម្រាប់ការអភិវឌ្ឍជំនាញ; (iii) គាំទ្រដល់ការបង្កើនលទ្ធផលសិក្សា និងពង្រឹងការវាយតម្លៃនៅតាមសាលារៀន និង (iv) ពង្រឹងទំនាក់ទំនងរវាងការអប់រំមធ្យមសិក្សា ទៅនឹងការអប់រំឧត្តមសិក្សា។
ជាមួយគ្នានេះ ធនាគាអភិវឌ្ឍន៍អាស៊ី ADB បានបញ្ជាក់ថា អស់រយៈពេលជាង ៣0 ឆ្នាំមកហើយ ភាពជាដៃគូរវាងកម្ពុជា និង ADB បានជួយកសាងឡើងវិញ ធ្វើទំនើបកម្ម និងជំរុញនវានុវត្តន៍នៃប្រព័ន្ធអប់រំរបស់ប្រទេស ចាប់ពីការពង្រីកលទ្ធភាពទទួលបាននិងសមធម៌នៃសេវាអប់រំ ដល់ការត្រួសត្រាយផ្លូវក្នុងការសិក្សាតាមប្រព័ន្ធឌីជីថល ការអប់រំ STEM និង សាលារៀនដែលធន់នឹងអាកាសធាតុ។
ឆ្ពោះទៅឆ្នាំ ២០៣៥ និងបន្តបន្ទាប់ទៅ កម្ពុជាទទួលស្គាល់តម្រូវការបន្ទាន់សម្រាប់កំណែទម្រង់ការអប់រំជាប្រព័ន្ធ ដែលនឹងរៀបចំយុវជនរបស់ប្រទេសសម្រាប់បញ្ហាប្រឈមខាងមុខ ដោយផ្តោតលើ៖ ការពង្រឹងការរៀនសូត្រជាមូលដ្ឋាន និងការត្រៀមខ្លួនជាស្រេចជាមួយបច្ចេកទេសឌីជីថល, ការពង្រឹងភាពជាអ្នកដឹកនាំរបស់សាលា និងទំនើបកម្ម កម្មវិធីសិក្សា, ការកសាងប្រព័ន្ធអេកូដែលរួមបញ្ចូលគ្នានូវការអប់រំ និងជំនាញ ។ កម្ពុជារីករាយនឹងបើកទំព័រថ្មីនៃភាពជាដៃគូ ដើម្បីពង្រឹងមូលធនមនុស្ស ពន្លឿនលទ្ធផលសិក្សា និងផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាឱ្យរីកចម្រើនក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
សូមបញ្ជាក់ថា ADB រៀបចំវេទិកាខាងលើនេះឡើងដើម្បីជំរុញការពិភាក្សាស៊ីជម្រៅលើប្រធានបទសំខាន់ៗទាក់ទងនឹងការអប់រំ និងជំនាញក្នុងតំបន់ និងលើសពីនេះ ចាប់ពីការរៀនជាមូលដ្ឋាន និង AI ដល់តួនាទីគ្រូបង្រៀន ការងារសម្រាប់យុវជន និងឧត្តមភាពវិជ្ជាជីវៈ។ វេទិកានេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ និងគាំទ្រវិធីសាស្រ្តផ្អែកលើភាពជាដៃគូ ដើម្បីបំពេញតម្រូវការអប់រំសម្រាប់ពេលអនាគត៕







-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍