ព័ត៌មាន
ក្រសួងពាណិជ្ជកម្មបើកវេទិកាស្ដីពីវិស័យនាំចេញកម្ពុជា កំឡុងរៀបចំ“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាស្ដីពីវិស័យនាំចេញកម្ពុជា មូលបទ៖ “ការលើកកម្ពស់អ្នកនាំចេញកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យជាសកល ផ្តោតសំខាន់លើស្ដង់ដា គុណភាព និងទីផ្សារអន្តរជាតិ” ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ប៉ែន សុវិជាតិ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប។
វេទិកានេះ គឺជាវេទិកាអមក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ និងរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម, ជួយបំពាក់បំប៉ននិងពង្រឹងសមត្ថភាពដល់អ្នកនាំចេញ, បង្កើតឱកាសទំនាក់ទំនងនិងភាពជាដៃគូ និងបទបង្ហាញពីសក្តានុពលនៃវិស័យនាំចេញរបស់កម្ពុជា។ បន្ថែមពីនេះ ក៏មានរៀបចំជាកិច្ចពិភាក្សា និងការធ្វើបទបង្ហាញដោយមន្ត្រីរាជរដ្ឋាភិបាល និងវិស័យឯកជន ពាក់ព័ន្ធនឹងគោលនយោបាយ និងយន្តការជំរុញការនាំចេញ ច្បាប់និងបទប្បញ្ញត្តិ អនុលោមភាព និងព័ត៌មានទីផ្សារសំខាន់ៗ រួមមាន ចក្រភពអង់គ្លេស អូស្ត្រាលី និងសហភាពអឺរ៉ុប ផងដែរ។
សូមជម្រាបជូនថា “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើងនៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ទី៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងព្រឹត្តិការណ៍នេះដែរ ក្រសួងពាណិជ្ជកម្ម បានរៀបចំជាពន្លាសេវាសាធារណៈរបស់ក្រសួង-ស្ថាប័នចំនួន១១ ដើម្បីអនុញ្ញាតឱ្យសាធារណជនបានជ្រាប និងអាចមកទទួលសេវាសាធារណៈរបស់រាជរដ្ឋាភិបាលនៅនឹងកន្លែងពិព័រណ៍ រាប់គិតចាប់ពីសេវាចុះបញ្ជីពាណិជ្ជកម្ម រហូតដល់សេវាគាំទ្រការនាំចេញ ព្រមទាំងបានសម្របសម្រួលជូនក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម សមាគម ក្រសួង-ស្ថាប័ន ស្ថានទូត សរុបចំនួន១៦៣ (៣៧ ជាក្រុមហ៊ុនបរទេស/ស្ថានទូត) សរុបស្តង់ពាណិជ្ជកម្មមានចំនួន ២៦៩ស្តង់ (៥៤ស្តង់ ជាផលិតផលនាំចូលនិងសេវាកម្មមកពីបរទេស) និងមានសហគ្រិនស្រ្តី អាជីវករ ផលិតករ ពាណិជ្ជករ សេវាករ និងវិនិយោគិនប្រមាណ ៥០០នាក់ ដែលក្នុងនោះមានផលិតផល និងសេវាកម្មចូលរួមតាំងបង្ហាញ តាមក្រុមប្រភេទរួមមាន៖ វត្ថុអនុស្សាវរីយ៍ សិប្បកម្ម និងគ្រឿងអលង្ការ, ចំណីអាហារ ភេសជ្ជៈ និងគ្រឿងទេស, ផលិតផលកសិកម្ម ឧស្សាហកម្ម និងគ្រឿងសំណង់, និងសេវាកម្ម ធនាគារ ទូរគមនាគមន៍ បដិសណ្ឋារកិច្ច និងភស្តុភារកម្ម៕













-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន