ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល ផ្តាំផ្ញើដល់កីឡាករទៅចូលរួមប្រកួតកីឡាស៊ីហ្គេម ត្រូវគោរពវិន័យ និងចៀសវាងអ្វីដែលធ្វើឱ្យប៉ះពាល់ដល់ជាតិ
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តាំផ្ញើដល់ប្រតិភូកីឡាករទាំងអស់ ដែលនឹងចេញដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ពួគគាត់គឺមិនត្រឹមតែជាអត្តពលិកទេ តែជាទូតសុឆន្ទៈរបស់កម្ពុជា ដោយត្រូវរក្សាឱ្យបាននូវឥរិយាបថថ្លៃថ្នូរ មានវិន័យខ្ពស់ គោរពច្បាប់ របស់ប្រទេសម្ចាស់ផ្ទះ និងចៀសវាងដាច់ខាតនូវសកម្មភាពដែលអាចប៉ះពាល់ដល់កិត្តិយសជាតិ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡា ហែលទឹក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបសម្តែងគួរសម ផ្តល់រង្វាន់លើកទឹកចិត្តជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនី ហែលទឹកជម្រើសជាតិ ដែលបានដណ្តើមមេដាយជូនជាតិមាតុភូមិ ក្នុងកម្មវិធីប្រកួតកីឡាហែលទឹកដោយប្រើកន្ទុយត្រី លើកទី២ ឆ្នាំ ២០២៥ រៀបចំដោយសហព័ន្ធកីឡាក្នុងទឹកពិភពលោក (CMAS) សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលបានប្រព្រឹត្តទៅក្នុងប្រទេស ឥណ្ឌូនេស៊ី និងផ្តល់កម្លាំងចិត្ត អនុសាសន៍ណែនាំ និងអំណោយលើកទឹកចិត្តជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹកជម្រើស ជាតិ ដែលត្រៀមនឹងធ្វើដំណើរទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅក្នុងប្រទេសថៃ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះកីឡាករ-កីឡាការិនី ដែលបានតស៊ូប្រកួត ប្រជែងយ៉ាងស្វិតស្វាញ រហូតដណ្តើមបានមេដាយជូនជាតិមាតុភូមិ ពីការប្រកួតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ថ្មីៗកន្លងទៅ។ ឯកឧត្តម លើកឡើងបន្ថែមថា រង្វាន់ជាថវិកាដ៏សប្បុរសនេះ ជាសក្ខីភាពបញ្ជាក់ពីការទទួលស្គាល់ និងការដឹងគុណរបស់រាជរដ្ឋាភិបាល ក៏ដូចជា សហព័ន្ធ ចំពោះការខិតខំប្រឹងប្រែងកីឡាករ ដែលបានធ្វើឱ្យទង់ជាតិកម្ពុជាត្រដែតលើឆាកអន្តរជាតិ។ លទ្ធផលគួរជាទីមោទនៈនេះ បានកើតចេញពីការប្រកួតយ៉ាងស្វិតស្វាញរបស់កីឡាករ កីឡាការិនី បាននាំឱ្យកម្ពុជាឈរនៅចំណាត់ថ្នាក់ទី៣ នៃតារាងមេដាយរួម ក្នុងកម្មវិធីប្រកួតកីឡាហែលទឹកដោយប្រើកន្ទុយត្រី (Fin-Swimming) លើកទី២ ឆ្នាំ២០២៥ ក្នុងចំណោមមេដាយសរុបចំនួន ១០ គ្រឿង ក្នុងនោះមានមេដាយមាស ១គ្រឿង, ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៦គ្រឿង។
ចំណែកការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស្នើរដល់កីឡាករទាំងអស់ត្រូវរក្សាឱ្យបាននូវ ឥរិយាបថថ្លៃថ្នូរ មានវិន័យខ្ពស់ គោរពច្បាប់របស់ប្រទេសម្ចាស់ផ្ទះ និងចៀសវាងដាច់ខាតនូវសកម្មភាពដែលអាចប៉ះពាល់ដល់ កិត្តិយសជាតិ និងក៏បានជំរុញឱ្យកីឡាកររក្សាបាននូវស្មារតីស្នេហាជាតិខ្ពស់បំផុត ចូលរួមប្រកួតដោយសេចក្តីថ្លៃថ្នូរ និងគោរព វិន័យកីឡាឱ្យបានម៉ឺងម៉ាត់ ត្រូវស្តាប់ និងអនុវត្តតាមដំបូន្មានរបស់គ្រូបង្វឹកឱ្យបានគ្រប់ជ្រុងជ្រោយ។
ទាក់ទងការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ លើប្រភេទវិញ្ញាសារកីឡាហែលទឹកនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនប្រតិភូចំនួន៩រូបចូលរួមរួមមាន៖ គ្រូបង្វឹក១រូប, គ្រូជំនួយ ១រូប, កីឡាករ ៤រូប, កីឡាការិនី ២រូប និង លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធ ត្រូវបានអញ្ជើញទៅចូលរួមជាមន្ត្រី គណៈកម្មការបច្ចេកទេសអន្តរជាតិ៕
អត្ថបទ៖ សុន រ៉ាឌី











-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ