ព័ត៌មាន
ឯកអគ្គរដ្ឋទូតកាណាដា ទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះ ពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្តម Christian Deroche ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា បានទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយពួកឧក្រិដ្ឋជនបានប្រើប្រាស់ប្រទេសកម្ពុជា ប្រព្រឹត្តសកម្មភាពឆបោកនេះ។ ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាស ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូតកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានថ្លែងអរគុណដល់រដ្ឋាភិបាល និងប្រជាជនកាណាដាដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ជាបន្តបន្ទាប់ លើការងារបណ្តុះធនធានមនុស្ស ការងារដោះមីនមនុស្សធម៌ ជាដើម។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមុតស្រួច និងការដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងរំលេចអំពីយន្តការរបស់ គ.ប.ឆ.ប. ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពី សម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ និងជំរុញយន្តការដែលមានស្រាប់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ដោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាសកល កម្ពុជាមានភាពចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិប្រកបដោយភាពស្មោះត្រង់ សំដៅជួយគាំទ្រលើការចែករំលែកព័ត៌មានការស៊ើបអង្កេត និង បច្ចេកវិទ្យា ជាដើម។ ឯកឧត្តមសន្តិបណ្ឌិត បានបន្ថែមទៀតថា កម្ពុជាមានឆន្ទៈពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយប្រមូលផ្តុំយន្តការ និងរិះរកវិធានការចាំបាច់នានាដើម្បីដោះស្រាយ ហើយកម្ពុជាបើកទូលាយដល់ភាគីពាក់ព័ន្ធក្នុងកិច្ចសហប្រតិបត្តិការ។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយពួកឧក្រិដ្ឋជនបានប្រើប្រាស់ប្រទេសកម្ពុជា ប្រព្រឹត្តសកម្មភាពឆបោកនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្តែងនូវត្រៀមខ្លួនរបស់កាណាដា ក្នុងកិច្ចសហប្រតិបត្តិការ និងការរួមចំណែកកសាងសមត្ថភាព ដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ