ព័ត៌មាន
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន ដោយផ្អែកទៅលើក្រមបរិស្ថាននិងធម្មជាតិ។ នេះជាប្រសាសន៍លើកឡើង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននាល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញ ដឹកនាំមន្ត្រីជំនាញក្រសួង សហការជាមួយតំណាងក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ ទីតាំងអាជីវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលបំពុលបរិស្ថាននៅតំបន់អូរឬស្សីក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងក្រុមហ៊ុនបានប្រព្រឹត្តល្មើសច្បាប់ និងក្រុមហ៊ុន ត្រូវបិទអាជីវកម្មជាបណ្តោះអាសន្ន ហាមមិនឱ្យធ្វើសកម្មភាព និងស្នើដល់អាជ្ញាធរ ដាក់កម្លាំងសមត្ថកិច្ចឲ្យបន្តតាមដានចំពោះសកម្មភាពក្រុមហ៊ុន ជៀសវាងក្រុមហ៊ុនធ្វើសកម្មភាពជីករ៉ែបន្តទៀត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បញ្ជាក់ថា ក្រសួងបរិស្ថាន នឹងសិក្សាយ៉ាងលម្អិតអំពីហេតុប៉ះពាល់ដល់បរិស្ថាននិងការប៉ះពាល់ដល់ជីវិតសត្វពាហនៈ និងជីវភាពរស់នៅ របស់ប្រជាជន។ ក្រសួងនឹងចាត់វិធានការឱ្យក្រុមហ៊ុនស្ដារផលប៉ះពាល់លើបរិស្ថាន រៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ មុនបញ្ចេញ និងផ្ដល់សំណងដល់ការខូចខាតបរិស្ថាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានចាត់វិធានការបន្ទាន់ដោយសម្រេចបិទអាជីវកម្ម បណ្តោះអាសន្នក្រុមហ៊ុនខាងលើនេះបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្រសួងបរិស្ថាន ស្នើសុំដល់អាជ្ញាធរធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងតំបន់ទឹកអូរឬស្សី ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផ្អាកការប្រើប្រាស់ទឹក ការនេសាទ ឬយកសត្វចិញ្ចឹមចុះផឹកទឹកអូរ ជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។ ឯកឧត្តរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីជំនាញសហការជាមួយអាជ្ញាធរពាក់ព័ន្ធស្តារបរិស្ថានឡេីងវញ នៅទីតាំងក្រុមហ៊ុន និងនៅតាមប្រព័ន្ធអូរ អូរឫស្សី ។

ក្រុមហ៊ុន ត្រូវបានរកឃើញការគ្រប់គ្រងសំណល់រាវពុំបានត្រឹមត្រូវ ដោយអាងស្តុកសំណល់រាវជាស្រះស្តុកធម្មតាមិនមានបំពាក់ប្រព័ន្ធសម្អាតត្រឹមត្រូវទេ ដោយគ្រប់សំណល់រាវចេញពីទីតាំងកិន និងរែងរ៉ែបានបង្ហូរលាយឡំជាមួយប្រព័ន្ធលូទឹកភ្លៀង។ លើសពីនេះ ក្រុមហ៊ុនមិនមានកន្លែងទុកដាក់សំណល់រឹង និងសារធាតុគ្រោះថ្នាក់ ត្រឹមត្រូវនៅឡើយទេ។ លើសពីនេះ ក្រុមហ៊ុនពុំបានអនុវត្តធ្វើរបាយការណ៍បាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន។

យោងតាមលទ្ធផលសំណាកទឹកទាំង៦ទីតាំងខាងលើ គឺមានស្ថានភាពគុណភាពទឹកមិនអនុលោម តាមស្តង់ដារទឹកសាធារណៈ ជាពិសេសប៉ារ៉ាមែត្រ Cyanide នៅចំនួន៥ទីតាំង មានកំហាប់ប្រែប្រួល ទាប់ ខ្ពស់ ។ សារធាតុ Cyanide នេះត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងវិស័យឧស្សាហកម្ម សម្រាប់ចម្រាញ់រ៉ែមាស។ ចំពោះប៉ារ៉ាមែត្រ CODCr ជាប៉ារ៉ាមែត្របញ្ជាក់ពីសាធាតុគីមីចេញពីរោងចក្រ ដែលជាធម្មតាមិនអាចរកឃើញនៅក្នុងទឹកធម្មជាតិ គឺត្រូវបានរកឃើញគ្រប់ទីតាំងយកសំណាកទាំងអស់ ទោះបីជាស្ថិតក្នុងកម្រិតទាបក៏ដោយ៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន