ព័ត៌មាន
យោធាថៃបានផ្តើមធ្វើសកម្មភាពវាយប្រហារ កម្ពុជា ចំនួន ១៥ដង ត្រឹមមួយព្រឹក ថ្ងៃទី៨ ខែធ្នូនេះ
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ ចេញ សេចក្តីប្រកាសព័ត៌មាន ពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយបានបង្ហាញថា យោធាថៃបានផ្តើមធ្វើសកម្មភាពវាយប្រហារ កម្ពុជា ចំនួន ១៥ដង។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹង បន្តថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា នៅចំការចេក នៅមុំបី នៅភ្នំខ្មោច នៅគោល៨ នៅប្រាសាទតាក្របី និងនៅប្រាសាទខ្នារ ក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើ កម្លាំងកងទ័ពកម្ពុជាវេលាម៉ោង ២:១៥នាទីរសៀល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ យោធាថៃបានបន្តផ្តើមធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់ដោយនៅវេលាម៉ោង៖
១. ម៉ោង ០៤:០០នាទី រថយន្តធន់ធំចំនួន ២គ្រឿងរបស់យោធាថៃដឹកកងកម្លាំងរបស់ខ្លួនពីភ្នំរើងចូលមកខាងមុខតំបន់អានសេះ។
២. ម៉ោង ០៥:០៤នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃ ចំនួន ២០-២៥គ្រាប់។
៣. ម៉ោង ០៥:១៩នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃចំនួន ៣០-៣៨ គ្រាប់។
៤. ម៉ោង ០៥:២៥នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃ និងកាំភ្លើងយន្តចំនួន ១០០-១២០គ្រាប់។
៥. ម៉ោង ០៥:៤០នាទី យោធាថៃបានផ្អាកការបាញ់ប្រហារ ប៉ុន្ដែកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
៦. ម៉ោង ០៦:១៣នាទី យោធាថៃបានចាប់ផ្ដើមបាញ់ប្រហារម្ដងទៀតដោយប្រើប្រាស់កាំភ្លើងMT60 ចំនួន ៣គ្រាប់។
៧. ម៉ោង ០៦:២២នាទី យោធាថៃបានបន្ដបាញ់កាំភ្លើងត្បាល់ចំនួន ៤គ្រាប់ និងកាំភ្លើងយន្ដថ្មើរជើងចូលខ្សែត្រៀមរបស់កងកម្លាំងកម្ពុជា នៅតំបន់អានសេះ។
៨. ម៉ោង ០៦:៥១នាទី យោធាថៃចាប់ផ្ដើមវាយប្រហារចូលតំបន់ប្រាសាទតាមាន់ ដោយប្រើប្រាស់រថក្រោះ។
៩. ម៉ោង ០៧:៤០នាទី យោធាថៃបន្តបាញ់ប្រហារគ្រប់គោលដៅ៖ មុំបី អានសេះ ភ្នំខ្មោច គោល៨ ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ ដោយប្រើប្រាស់កាំភ្លើងធំ១៥៥mm រថក្រោះ កាំភ្លើងត្បាល់គ្រប់ប្រភេទនៅតំបន់អានសេះ។
១០. ម៉ោង ០៨:១០នាទី យោធាថៃបានបាញ់ផ្សែងពុលចូលទីតាំងនៅតំបន់ភ្នំខ្មោចយ៉ាងច្រើន។
១១. ម៉ោង ០៨:១៤នាទី យោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅតំបន់ប្រាសាទព្រះវិហារ។
១២. ម៉ោង ០៨:៤១នាទី យោធាថៃនៅបន្ដបាញ់ និងបន្ដបាញ់ផ្លោង បាញ់បុកយ៉ាងខ្លាំងនៅទីតាំងដំណាក់ស្ដេច បន្លោះថ្មដូន និងប្រាសាទតាមាន់ បច្ចុប្បន្ន មានយន្ដហោះយោធាថៃ បានហោះតាមបណ្ដោយព្រំដែន។
១៣. ម៉ោង ០៩:០៥នាទី យោធាថៃបានវាយប្រហារមកលើកងកម្លាំងកម្ពុជា ដោយប្រើយន្តហោះចម្បាំងប្រភេទ F-16 នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
១៤. ម៉ោង ០៩:៣០នាទី យោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាបន្តទៀត នៅប្រាសាទខ្នារ អូរស្មាច់ ដោយយោធាថៃបានប្រើកាំភ្លើង១២,៧ រួមទាំងរថក្រោះបាញ់បុកបន្ថែម។
១៥. ម៉ោង ១០:០០នាទី យោធានៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាយ៉ាងខ្លាំង ដោយប្រើកាំភ្លើងត្បាល់ កាំភ្លើងធំ រថក្រោះបាញ់បុកជាពិសេសខ្លាំង នៅតំបន់អានសេះ និងទិសប្រាសាទព្រះវិហារ។
គិតមកត្រឹមម៉ោង ១១:០០នាទីនេះ យោធាថៃនៅបន្តបាញ់ប្រហារមកលើកងទ័ព និងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយ។ កងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
សូមគូសបញ្ជាក់ផងដែរថា ការបើកធ្វើការបាញ់ប្រហាររបស់យោធាថៃលើកនេះ គឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុ ជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ជាមួយគ្នានេះ ខាងភាគីថៃបានបញ្ចេញនូវការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ ទាំងក្នុងបណ្តាញផ្លូវការ និងក្រៅផ្លូវការនូវព័ត៌មានមិនពិត ចោទប្រកាន់ មួលបង្កាច់មកលើកម្ពុជា ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេស ដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។
លើសពីនេះទៅទៀត ការបាញ់ប្រហាររបស់យោធាថៃបានឈានចូលដល់ក្នុងភូមិរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បណ្តាលឱ្យរបួសប្រជាជនស៊ីវិលមួយចំនួន និងឆេះផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រូវអស់ជាច្រើនខ្នង ដែលធ្វើឱ្យប្រជាជន ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ក្នុងនោះ អាជ្ញាធរខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានជួយសម្របសម្រួលជួយប្រជាពលរដ្ឋភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពផងដែរ។
នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំង គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ៕










-
ព័ត៌មាន3 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន5 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន5 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន5 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន5 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»