ព័ត៌មាន
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ កម្ពុជា-ចិន បន្ដឈរជាមួយគ្នា គ្រប់កាលៈទេសៈ ទាំងក្នុងតំបន់ និងអន្ដរជាតិ
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជា-ចិន បន្ដឈរជាមួយគ្នា គ្រប់កាលៈទេសៈ និងធ្វើការយ៉ាងជិតស្និត ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការ ទាំងនៅក្នុងឆាកតំបន់ និងអន្ដរជាតិ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី តំណាងសម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួម ក្នុងមហោស្រពមិត្ដភាព កម្ពុជា-ចិន លើកទី២ «មិត្ដភាពដ៏រឹងមាំគ្រប់រដូវកាល ផ្សារភ្ជាប់បេះដូងប្រជាជន និងប្រជាជន» នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសយើងទាំងពីរ (កម្ពុជា-ចិន) បន្ដឈរជាមួយគ្នា គ្រប់កាលៈទេសៈ និងធ្វើការយ៉ាងជិតស្និត ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការ និងពង្រឹងផ្នែកឯករាជ្យភាព និងកិត្យានុភាពខ្លួន នៅក្នុងឆាកតំបន់ និងអន្ដរជាតិ»។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រមាគ៌ា អភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិខ្លួន ហើយកម្ពុជាតែងតែគាំទ្រ នូវគំនិតផ្ដួចផ្ដើមនេះ របស់មិត្ដចិនដូចគ្នាផងដែរ។
ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏សូមថ្លែងអំណរគុណ ចំពោះការគាំទ្រ និងការចូលរួមរបស់ប្រទេសចិន ក្នុងការរួមចំណែកសម្របសម្រួល ដល់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នាពេលកន្លងទៅផងដែរ។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងថា ជាអកុសលនាពេលថ្មីៗនេះ ស្ថានការណ៍បានវិវត្ដ នូវស្ថានភាពអាក្រក់សារជាថ្មី ស្មារតី ទឹកចិត្ដ និងអារម្មណ៍របស់ប្រជាជនខ្មែរគ្រប់រូប ស្ថិតនៅជុំវិញស្ថានការណ៍ ដែលកាន់តែតាន់តឹង បណ្ដាលមកពីការផ្ទុះអាវុធ តាមបណ្ដោយបន្ទាន់ព្រំដែន រវាងកម្ពុជា-ថៃ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្ដឥតងាករេ និងជំហរប្រកបដោយភាពម្ចាស់ការជាក់លាក់ សុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជា ពុះពារស្វែងរកដំណោះស្រាយ ដែលត្រឹមត្រូវមាគ៌ាសន្ដិភាព សម្រាប់រយៈពេលវែង។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជឿជាក់ថា សហគមន៍អន្ដរជាតិ ជាពិសេសមិត្ដចិន នឹងបន្ដចូលរួម ហើយភាគីកម្ពុជា-ភាគីថៃ នឹងងាកមករកនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួម ស្ដីពីការព្រមព្រៀងសន្ដិភាព និងកាតព្វកិច្ចទាំងឡាយ ក្រោមច្បាប់អន្ដរជាតិ ឲ្យបានម៉ឺងម៉ាត់ និងស្មោះត្រង់។
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចំណងមិត្ដភាពចិន-កម្ពុជា ជាចំណងមិត្ដភាពឆ្លងកាត់រាប់ពាន់ឆ្នាំ ក្នុងប្រវិត្ដសាស្ដ្រនេះ ហើយអរិយធម៌ចិន និងអរិយធម៌ខ្មែរ មានការរៀនសូត្រគ្នាទៅវិញទៅមក។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបន្ថែមទៀតថា ក្នុងអំឡុងពេលកន្លងមកនេះ ក្រោមការយកចិត្ដទុកដាក់ របស់ថ្នាក់ដឹកនាំចិន និងកម្ពុជា គឺទទួលបានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ រវាងប្រទេសទាំងពីរ៕









-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន